© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
បន្ទាប់ពីទទួលបានជោគជ័យនូវការរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរដ៏ធំចំនួន២រួចមក ពោលគឺថ្ងៃទី១០ ខែធ្នូ ២០២៣ និងថ្ងៃទី៤ ខែកុម្ភៈ ២០២៤កន្លងមក នាពេលនេះស្ថានីយ៍ទូរទស្សន៍ PNN បានបន្តសហការណ៍គ្នាជាមួយក្រុមហ៊ុនស្រាបៀ GANZBERG នឹងរៀបចំកម្មវិធីប្រកួតដ៏ធំមួយទៀតប្រចាំខែមីនានេះ ដែនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី ៣១ ខែមីនាចុងសប្ដាហ៍នេះតែម្ដង។
ថ្វីត្បិតតែកម្មវិធីប្រកួតនេះនៅតែប្រើឈ្មោះដូចមុនដដែលគឺ GANZBERG Kun Khmer Super Strike ប៉ុន្តែសមាសភាពកីឡាករ និងការប្រកួតដណ្តើមខ្សែក្រវាត់មិនដដែលទេ។ ម្តងនេះ PNN បានបង្កើតខ្សែក្រវាត់ថ្មីមួយបន្ថែមទៀត ដែលមានឈ្មោះថា «កំពូលជើងឯក» ក្នុងប្រភេទទម្ងន់ ៦៣.៥គីឡូក្រាមដែលមិនទាន់មានអ្នកកាន់កាប់ពីមុនមកទេ ដូច្នេះហើយគេបានរើសយកបេក្ខភាពឆ្នើមពីររូបឡើងមកដណ្តើមគ្នាគឺអ្នកប្រដាល់គុនខ្មែរ ទាយាទកែងឆេះជង្គង់ហោះ ម៉ឺន មេឃា និងជើងខ្លាំង ឡុង បេនលឿន ដែលអ្នកទាំង២នឹងត្រូវប្រជែងគ្នាដើម្បីស្វែករកកំពូលជើងឯកគុនខ្មែរពិតប្រាកដ ក្នុងនោះផងដែរ ម្ចាស់ខ្សែក្រវាត់នឹងទទួលបានប្រាក់រង្វាន់ ១២លានរៀលតាមរយៈការប្រកួតតែមួយប្រកួតប៉ុណ្ណោះ។
នៅក្នុងថ្ងៃប្រកួតដ៏កក្រើកនេះ មុននឹងការប្រកួតដណ្តើមខ្សែក្រវាត់ ក៏មានការប្រកួតគូមិត្តភាពអន្តរជាតិដ៍ជក់ចិត្តចំនួន ៤គូផ្សេងទៀត ដែលក្នុងនោះមានដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ ប្រកួតជាមួយលំដាប់កំពូលមកពីអ៊ីរ៉ង់ ម៉ាស៊ូត ម៉ូហ្គីមាន រីឯនាគកំណាច យ៉េន ឌីណា ត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃលំដាប់សង្វៀនវ័ន ជេក ស៊ីតជេក ក្នុងខណៈពេលដែល កែម ចាន់ ត្រូវប្រកួតជាមួយកីឡាករមកពីប្រទេសអ៊ីរ៉ង់ ម៉ាឌី ម៉េនៀន និងមួយគូទៀតជាការជួបគ្នារវាងអ្នកប្រដាល់រុស្សីប្រកួតតំណាងគុនខ្មែរ ខុនស្ទែនទីន រ៉ូឌែនកូ និងអ្នកប្រដាល់មកពីប្រទេសម៉ារ៉ុក អាយូប នូរី។
សូមប្រិយមិត្តចូលរួមធ្វើជាសាក្សីនៃការប្រកួតដ៏កក្រើកអស្ចារ្យនេះ ដោយចូលរួមទស្សនាឱ្យបានច្រើនកុះករ ដែលការប្រកួតនឹងចាប់ផ្ដើមផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ១រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុកផេក PNN Sports និងហ្វេសបុក Beer Ganzberg។ សម្រាប់បងប្អូនដែលទស្សនាតាមទូរស័ព្ទដៃសូមកុំភ្លេចស៊ែចែករំលែកផងណាដើម្បីចែករម្លែកការប្រកួតគុនខ្មែររបស់យើងទៅកាន់ពិភពលោកឱ្យពិភពលោកកាន់តែស្គាល់ថែមទៀត។
ដោយ៖ សំណាង