© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សង្វៀន GANZBERG Kun Khmer Super Strike បានឈានដល់សប្ដាហ៍ថ្មីមួយទៀតហើយនាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ ជាមួយនឹងការប្រកួតលក្ខណៈអន្តរជាតិដ៏កក្រើកចំនួនពីរគូ និងការប្រកួតគុនខ្មែរប៉ះគុនខ្មែរយ៉ាងជក់ចិត្តចំនួនបីគូបន្ថែមទៀតផងដែរ។
កំពូលជើងខ្លាំងដែលនឹងមកបញ្ចេញស្នៀតគុនអង្រួនសង្វៀន PNN ក្នុងការប្រកួតមិត្តភាពអន្តរជាតិនាប្ដាហ៍នេះមានដូចជា ស្ដេចតុកែ ធន់ វណ្ណា ត្រូវប៉ះដៃគូថ្មីមកពីប្រទេសថៃ វិតថៈយ៉ា វីនឧប៊ុន ដែលអ្នកទាំងពីរណាត់គ្នាលើប្រភេទទម្ងន់ ៦០គីឡូក្រាម រីមនុស្សស្ពាន់ ធន់ អៀនឡៃ ក៏នឹងត្រូវជួបអ្នកប្រដាល់ថៃ ណាំផងណយ ស.ផាកឌី ដែលការប្រកួតធ្វើឡើងលើប្រភេទទម្ងន់ ៦០គីឡូក្រាម។ ចំពោះការប្រកួតមិត្តភាពអន្តរជាតិទាំងពីរគូខាងលើនេះប្រព្រឹត្តទៅលើលក្ខន្តិកៈគុនខ្មែរ ប្រាំទឹក ក្នុងមួយទឹក មានរយៈពេលបីនាទី។
ចំណែកឯការប្រកួតលក្ខណៈមិត្តភាពគុនខ្មែរបីគូផ្សេងទៀតនោះមាន ចិត សុភី របស់ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ប្រកួត រិទ្ធី សុផាត របស់ក្លិបគុនខ្មែរស៊ុពើហ្វ៊ៃ ចំណែកឯអ្នកប្រដាល់ជំនាន់ក្រោយ ពុយ ឡាយប្រកួតជាមួយ ជើងចាស់ឡុង សំណាង ខណៈដែលគូបើកឆាកវិញគឺជាការប៉ះគ្នារវាង ដែន ម៉េងហៀង និង ហាត ណៃ ។
សូមប្រិយមិត្តចូលរួមធ្វើជាសាក្សីនៃការប្រកួតដ៏កក្រើកអស្ចារ្យនេះ ដោយចូលរួមទស្សនាឱ្យបានច្រើនកុះករ ដែលការប្រកួតនឹងចាប់ផ្ដើមផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ១រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុកផេក, ទំព័រយូធូប PNN Sports និងហ្វេសបុក Beer Ganzberg។ ម្រាប់បងប្អូនដែលទស្សនាតាមទូរស័ព្ទដៃសូមកុំភ្លេចស៊ែចែករំលែកផងណាដើម្បីចែករម្លែកការប្រកួតគុនខ្មែររបស់យើងទៅកាន់ពិភពលោកឱ្យពិភពលោកកាន់តែស្គាល់ថែមទៀត។
ដោយ៖ ក្រុមកាងារកីឡាPNN