© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធីអ្នកជិតខាង ដែលតែងតែមានអ្វីដែលថ្មីប្លែក មកចែកជូនទស្សនិកជនក៏ដូចជា ហ្វេនៗ ដើម្បីបំបាត់នូវអារម្មណ៍ហត់នឿយ នឹងភាពស្មុគស្មាញពីការងារផ្សេងៗ។ កាន់តែពិសេសសប្តាហ៍នេះស្របពេលកម្មវិធីចូលឆ្នាំចិន កម្មវិធីក៏បានរៀបចំឆាកយ៉ាងស្រស់ស្អាត ព្រមទាំងមានការលោតម៉ុងសាយទៀតផង លើសពីនោះ ទាំងពិធីករនឹងពិធីការនី ព្រមទំាងតារាកិត្តិយស ស្លៀកសម្លៀកបំពាក់បែបប្រពៃណីចិនមើលទៅពិតជាស្រស់ស្អាត នឹងមានភាពទាក់ទាញយ៉ាងខ្លាំង ដែលញុំាងកម្មវិធីទាំងមូលអោយកាន់តែរស់រវើក។
សប្តាហ៍នេះវត្តមានតារាកិត្តិយសគឺជាតារាសម្តែងដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈខ្សែភាពយន្តជាច្រើន នោះគឺកញ្ញា ស៊ីន យូប៊ីន និងលោក នូ ឧសភា។
បច្ចុប្បន្ននេះអ្នកទាំងពីរកំពុងតែស្រូបយកប្រជាប្រិយភាពកាន់តែខ្លាំងបន្ថែមទៀតតាមរយៈរឿងភាគខ្មែរមួយរឿងដែលមានចំណងជើងថា ដឹកបេះដូងរកស្នេហ៍ ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៨យប់តទៅ។
ពាក់ព័ន្ធនឹងដំណើរការនៃការថតរឿង «ដឹកបេះដូងរកស្នេហ៍» នេះ កញ្ញា យូប៊ីន បាននិយាយថា ពិតជាមានការពិបាក ដោយសារតែមានការផ្លាស់ប្តូរអត្តចរិកតួអង្គភ្លាម ដោយកញ្ញាត្រូវដើរតួអង្គពីរក្នុងពេលតែមួយ គឺតួប្រុស នឹងតួស្រី ដូចច្នេះវាពិតជាមានការពិបាកសម្រាប់កញ្ញា។
ជាមួយគ្នានេះដែរលោក នូ ឧសភា ដែលជាតួឯកប្រុសក៏បានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួន ចំពោះប្លង់ដែលធ្វើអោយលោកពិបាកគឺ ប្លង់ស្នេហា លោកបានបញ្ជាក់ថា ប្លង់ទីមួយ ថ្ងៃទីមួយគឺមានប្លង់ថើបមាត់ ធ្វើអោយលោកមានអារម្មណ៍អៀនខ្លះដែរ។
ចង់ដឹងកាន់តែច្បាស់ពីកិច្ចសំភាសន៍របស់កញ្ញាយូប៊ីន នឹងលោកឧសភា យ៉ាងណាទៀតនោះ សូមរង់ចាំតាមដានទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសុក្រ ០៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៩យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ