© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ការប្រកួតប្រដាល់ GANZBERG Kun Khmer Super Strike របស់ ស្ថានីយ៍ទូរទស្សន៍ PNN នាចុងសប្ដាហ៍ថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះ កាន់តែពិសេសកក្រើកទ្វេដងជាមួយនឹងកីឡាករគុនខ្មែរល្បីៗលំដាប់ប្រទេស និងកីឡាករជើងខ្លាំងគ្រប់ទិសទី ដែលសង្វៀន PNN បានសម្រិតសម្រាំងគូជក់ចិត្តចំនួនប្រាំគូ ក្នុងនោះផងដែងមានការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិដ៏កក្រើកចំនួនពីរគូ និងការប្រកួតគុនខ្មែរប៉ះគុនខ្មែរចំនួនបីគូបន្ថែមទៀត។
សម្រាប់ការប្រកួតគូឯក គឺជាការបង្ហាញវត្តមានរបស់អ្នកប្រដាល់បរទេសហាត់គុនខ្មែរ កណ្តាប់ដៃមហាទម្ងន់ ម៉ាលី អាលី នឹងត្រូវត្រៀមស្វាគមន៍ ជើងខ្លាំងថៃ ប្រាបដេត ផេតស៊ីថង ក្នុងប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម រីឯការប្រកួតអន្តរជាតិមួយគូទៀតគឺជាការជួបគ្នារវាងហនុមានក្រញាំដែកដែនដីសមុទ្រ ធន់ ផានិត នឹង ត្រូវស្វាគមន៍ដៃគូចាស់ថៃ សាមមុងឃុន លូកយ៉ាម់ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម។
ចំពោះការប្រកួតមិត្តភាពអន្តរជាតិទាំងពីរគូខាងលើនេះប្រព្រឹត្តទៅលើលក្ខន្តិកៈគុនខ្មែរប្រាំទឹក ក្នុងមួយទឹកមានរយៈពេលបីនាទី។ ក្រៅពីគូអន្តរជាតិដ៏ជក់ចិត្តខាងលើនេះ PNN ក៏បានផ្ដល់ឳកាសដល់កីឡាករថ្នាលគុនខ្មែរជំនាន់ក្រោយពោរពេញដោយសមត្ថភាពចំនួនបីគូផ្សេងទៀតដូចជា ជ័យ សុវណ្ណ មកពីក្លឹបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ត្រូវប៉ះ រិទ្ធី សម្បត្តិជុំ មកពីក្លឹបគុនខ្មែរស៊ុបពើហ្វៃ ប្រកួតក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម , រីឯ ឡៅ ប៊ុនហេង មកពីក្លឹបបញ្ជាការដ្ឋានទ័ពពិសេស ត្រូវប៉ះ ពេជ្រ ចិត្រា មកពីក្លឹបពេជ្រសុផាន់គុនខ្មែរ ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម , ចំណែក លី សុផែន មកក្លឹបអេភូថងកីឡាគុនខ្មែរ ត្រូវប៉ះ ភក្តី ដាលីន មកពីក្លឹបពន្លឺវិបុលដារិទ្ធខណ្ឌពោធិ៍សែនជ័យ ក្នុងប្រភេទទម្ងន់៦០ គីឡូក្រាម ។
ដែលការប្រកួតដ៏ជក់ចិត្តនេះ នឹងចាប់ផ្តើមចាប់ពីវេលាម៉ោង១រសៀលតទៅ ដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN ផេកហ្វេសប៊ុក យូធូប PNN Sports និងផេក Beer Ganzberg ។ អ្នកគាំទ្រក៏អាចអញ្ជើញចូលរួមទស្សនាផ្ទាល់ដោយសេរី នៅស្ថានីយទូរទស្សន៍ ដែលមានទីតាំងស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ៕
ដោយ៖ ក្រុមកាងារកីឡាPNN