© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
រំលឹកថយក្រោយទៅសាច់រឿងកាលពីភាគមុន ស្តេចឆាវ បានរៀបចំធ្វើពិធីបួងសួង សំពះព្រលឹងដូនតា សុំសេចក្តីសុខ និងឲ្យមហានគររុងរឿង។ ព្រះអង្គ បានដឹងជាមុនដែរថា នៅថ្ងៃនោះ ឃាតករដែលប៉ុនប៉ងធ្វើឃាតទ្រង់នឹងលេចមុខឡើង ដោយបន្លំខ្លួនចូលទៅក្នុងហ្វូងទាហារដែលយាមនៅជុំវិញព្រះរាជវាំង។
ក្រោយមក ឃាតករក៏ត្រូវបានចាប់ខ្លួនដោយការរៀបចំទុករបស់ស្តេចឆាវ ហើយប៉ាយលូ ក៏ជាមនុស្សជំនិតតែម្នាក់គត់របស់ទ្រង់ ក្នុងរឿងនេះ។ ហាយលីង ដែលមានបំណងធ្វើឃាតស្តេចឆាវ ក៏បានត្រៀមខ្លួនយ៉ាងពិសេសនៅក្នុងពេលដែលទ្រង់កំពុងតែធ្វើពិធីផងដែរ។ ប៉ាយលូ និងហាយលីង ថ្វីត្បិតតែគេត្រូវបំពេញតួនាទីរៀងៗខ្លួន ប៉ុន្តែគេនៅតែមិនអាចចោលមនោសញ្ចេតនាបងប្អូនរបស់គេនោះឡើយ។ នៅថ្ងៃនោះ បន្ទាប់ពីហាយលីង ត្រូវចូលអន្ទាក់ទៅក្នុងកណ្តាប់ស្តេចឆាវហើយនោះ ប៉ាយលូ ហេតុតែចិត្តមិនដាច់ក្នុងនាមជាបងប្អូន ក៏រៀបចំល្បិចឲ្យហាយលីងរត់រករួចខ្លួន។
ព្រះអង្គ ក៏បានដឹងជាមុន ថាប៉ាយលូ ពិតជាមិនចិត្តដាច់ដែលឃើញគេចាប់បងប្អូនរបស់ខ្លួននោះទេ ទើបទ្រង់សម្រេចឃុំខ្លួនប៉ាយលូមួយរយៈ ហើយដោះលែងមកវិញ ។ មិនតែប៉ុណ្ណោះ ថែមទាំងប្រទានបុណ្យសក្តិឲ្យប៉ាយលូថែមទៀតផង។ នេះក៏ព្រោះតែស្នាដៃ ដ៏ល្អរបស់នាង ក្នុងការការពារព្រះកាយរបស់ទ្រង់ឲ្យរួចផុតពីឃាតករ ។
ព្រះអង្គមានការស្ងប់ស្ញែងចំពោះភក្តីភាពរបស់ប៉ាយលូដែលមានទៅលើទ្រង់ ហេតុនេះហើយ ទើបទ្រង់មិនប្រកាន់យកទោសពៃដល់នាង ហើយទ្រង់ក៏បានប្រគល់ភារិកច្ចធំៗមួយចំនួនដល់នាងទៀតផង។
មនោសញ្ចេតនា ស្តេចឆាវ និងប៉ាយលូ ហាក់ដូចជាកើតមានបន្តិចឡើងៗ ប៉ុន្តែទ្រង់ពុំអាចធ្វើឲ្យប៉ាយលូដឹងថា ព្រះអង្គកំពុងមានព្រះទ័យបែបណាចំពោះនាងឡើយ ព្រោះមិនចង់ឲ្យមន្ត្រី និងមនុស្សនៅក្នុងនគរមើលមកមានការយល់ច្រឡំ។
ចង់ដឹងថា តើដំណើរសាច់រឿង រវាងតួអង្គ តារានិករវ័យក្មេង ប៉ាយលូ និងស្តេចឆាវ នឹងបន្តទៅបែបណាទៀតនោះ សូមរង់ចាំទស្សនានៅក្នុងរឿង «ពន្លឺតារានិករស្នេហ៍» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង ១២ថ្ងៃត្រង់៕
ដោយ៖ សិរីរដ្ឋ