© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ខ្យល់ប្រឡែងភ្លើង គឺជាចំណងជើងរឿងភាគថៃមួយរឿងទៀតហើយដែលកំពុងតែដំណើរការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។ រឿងមួយនេះ ជឿជាក់ថាទស្សនិកជននឹងចង់តាមដានទស្សនាទៀតហើយ ព្រោះតែសាច់រឿង ពោរពេញទៅដោយល្បិចកិចកល្បរបស់ស្រីដែលចង់ដណ្តើមប្តីរបស់គេ និងតែងតែតាមធ្វើបាបប្រពន្ធដើមមិនព្រមលែង។
ក្រឡេកមកមើលតួអង្គនៅក្នុងរឿងនេះវិញតួឯកស្រីសម្តែងដោយ Cherry ដើរតួជាប្រពន្ធដើមឈ្មោះ ប្រាផៃ ចំណែកតួឯកប្រុសសម្តែងដោយ Alek ដើរតួជាប្តីឈ្មោះថា ឌីន និង តួអង្គស្រីដណ្តើមប្តីគេមានឈ្មោះថា Amanda នៅក្នុងរឿងនាងមានឈ្មោះថា ហ្វ្រេម រួមទាំងតារាប្រុសស្រីជាច្រើនដួងទៀត។
ខ្យល់ប្រឡែងភ្លើង ជាសាច់រឿងមនោសញ្ចេតនាស្នេហារវាង ប្រាផៃ និង ឌីន! ប្រាផៃ និងឌីន បានស្រឡាញ់គ្នាតាំងពីនៅរៀនមហាវិទ្យាល័យមកម្ល៉េះ រហូតពួកគេបានរៀបការនឹងគ្នានឹងមានកូនស្រីម្នាក់។ ក្រោយពេលប្រាផៃបានក្លាយជាម្តាយរបស់គេ និងបានក្លាយជាគ្រូពេទ្យម្នាក់ ប្រាផៃ មិនសូវបានបំពេញតួនាទីជាភរិយាអោយបានគ្រប់គ្រាន់ជាមួយឌីនឡើយ។ ព្រោះតែគម្លាតបែបនេះ ទើបធ្វើអោយឌីនមានការតូចចិត្តបន្តិចបន្តួចក៏ទៅផឹកស្រា និងបានស្រវឹងទៅដេកជាមួយ ហ្វ្រេម។
ហ្វ្រេម នាងជាមនុស្សលោភលន់ នាងមិនត្រឹមតែចង់បានឌីនប៉ុណ្ណោះទេ ប៉ុន្តែនាងថែមទាំងចង់អោយឌីន និង ប្រាផៃ បែកបាក់គ្នាថែមទៀតផង! តើហ្វ្រេម មានល្បិចអ្វីខ្លះទៅ? តើប្រាផៃនឹងត្រូវជួបព្យុះភ្លៀងបែបណាខ្លះ? កុំភ្លេចរង់ចាំតាមដានទស្សនារឿង ខ្យល់ប្រឡែងភ្លើង ចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ១១ព្រឹកតទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន!
ដោយ៖ ម៉ី វ៉ាន់ណែត