© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
កម្មវិធីនៃការប្រកួតប្រដាល់ PNN Boostorng King of Power គុនខ្មែរ បានចូលមកដល់ទៀតហើយនៅថ្ងៃសៅរ៍ទី 25 មករា 2025 នេះដោយមានការប្រកួតគូមិត្តភាពអន្តរជាតិ និង គូប្រកួតមិត្តភាពជាតិសរុបចំនួន 5 គូ។ដោយសារតែភាពល្បីរន្ទឺរបស់សង្វៀនមួយនេះដែលមានកីឡាករគុនខ្មែររបស់ កម្ពុជា ជាកីឡាករខ្លាំងៗទើបធ្វើឲ្យកីឡាករបរទេសមកពីសព្វទិសទីចង់មកប្រកួតល្បងសមត្ថភាព។ ជាមួយគ្នានេះដែរកីឡាករថៃចំនួន2នាក់ដែលពុំមានប្រវត្តិមកប្រកួតនៅ PNN ក៏ចូលខ្លួនមកប្រជែងជ័យជម្នះពីកីឡាករគុនខ្មែររបស់យើងនៅចុងសប្តាហ៍នេះដែរ។
អ៊ីនស៊ីណយ ដែលមានរហស្សនាមថា ឥន្ទ្រីយ៍តូច គឺជាបេកត្ខភាពមកប្រជែងជាមួយ ឆូន បួន បានលើកឡើងថា គេបានឮពីភាពល្បីល្បាញរបស់កម្មវិធីប្រកួតប្រដាល់ PNN យូរហើយ ហើយក៏តែងតែទទូចឲ្យ Promoter របស់ខ្លួនផ្តល់ឱកាសឲ្យគេបានមកល្បងសមត្ថភាពជាមួយអ្នកប្រដាល់គុនខ្មែរនៅទីនេះដែរ។ ទីបំផុតបំនងរបស់គេបានសម្រេចហើយ គេនឹងខិតខំប្រកួតឲ្យអស់ពីលទ្ធភាពដើម្បីប្រកួតយកឈ្នះទៅទីលំនៅរបស់គេវិញ។
ដោយឡែក ហ៊ើនហ្វា ដែលត្រូវប៉ះជាមួយ រីគី នរសុធី ឯណោះវិញក៏មិនខុសពីមិត្តរួមជាតិថៃរបស់គេខាងលើដែរ ដែលនេះគឺជាលើកទីមួយរបស់គេដែលបានមកប្រកួតនៅសង្វៀន PNN ដូចនេះគេនឹងខិតខំប្រកួតឲ្យអស់ពីសមត្ថភាពនិងលទ្ធភាពដែលគេមាន។
រីឯការប្រកួតគូមិត្តភាពជាតិចំនួន3គូទៀតមាន - ធន់ ចាន់សល់ ប្រកួតជាមួយ រិទ្ធី ធារ៉ា - ខន បូរី ប្រកួតជាមួយ ធន់ ស៊ីយ៉ូន និង សែម មង្គា ប្រកួតជាមួយ សេក គឹមឆៃ ។
Boostorng King of Power គុនខ្មែរ ថ្ងៃសៅរ៍នេះចាប់ពីវេលាម៉ោង 5:30 ល្ងាចតទៅនៅសង្វៀន PNN ព្រែកព្នៅ សូមចូលរួមទស្សនាឲ្យបានច្រើនដើម្បីលើកស្ទួយវិស័យកីឡាគុនខ្មែររបស់យើង។
ដោយ៖ chhoam