© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ឡុង អាដា នាថ្ងៃអាទិត្យសប្តាហ៍នេះនឹងចូលខ្លួនមកប្រកួតក្នុងនាមជាគូឯកប្រចាំកម្មវិធី Ganzberg Kun Khmer Super Strike ដោយត្រូវតតាំងកណ្តាប់ដៃជាមួយកីឡាករ ស្មីងនុម របស់ប្រទេសថៃ។ ក្នុងនាមជាអ្នកប្រយុទ្ធគុនខ្មែរ អាដា បានបញ្ជាក់ពីការអង់អាចរបស់ខ្លួនដែលមិនខ្លបចខ្លាចចាញ់ច្រាបកីឡាករបរទេសឡើយ។ រូបគេបានទាំងសន្យាថានឹងនាំជោគជ័យជូនដល់ក្លឹបក៏ដូចជាអ្នកគាំទ្រវិស័យគុនខ្មែរផងដែរ។
ដោយឡែក រិទ្ធី ចាន់ណា ក៏ជាបេក្ខភាពប្រកួតបអន្តរជាតិផងដែរនៅក្នុងថ្ងៃអាទិត្យទី 2 កុម្ភៈ នេះដែរដោយរូបគេត្រូវប៉ះជាមួយអ្នកប្រដាល់ថៃ រុងគិទិ ។ ចាន់ណា បានប្តូរផ្តេចហ្វឹកហាត់យ៉ាងតានតឹងដើម្បីត្រៀមជួបកីឡាករថៃម្នាក់នេះដោយគេរំពឹងថានឹងរកឱកាសផ្តួលអ្នកប្រដាល់មកពីថៃឲ្យបានមុនទឹកទី 5។
ក្រៅពីជើងខ្លាំងទាំង 2 រូបខាងលើពីកម្មវិធីក៏មានការប្រកួតគូពិសេស 3 គូទៀតដែរដែលមាន៖ ដែន សុវណ្ណឌី ប្រកួតជាមួយ ថោង ចន្ទ្រា, ធន់ គឹមទ្បុង ប្រកួតជាមួយ ជឺ សំណាង និង ធន់ ចំណាប់ ប្រកួតជាមួយ ទ្បុង បូទ្បា ។
Ganzberg Kun Khmer Super Strike ប្រកួតនៅថ្ងៃអាទិត្យនេះចាប់ពីវេលាម៉ោង 1 រសៀលតទៅនៅសង្វៀន PNN ព្រែកព្នៅ។ សូមពុកម៉ែបងប្អូនចូលរួមទស្សនាឲ្យបានច្រើនដើម្បីលើកស្ទួយនិងផ្តល់កម្លាំងចិត្តដល់អ្នកប្រយុទ្ធរបស់យើងទាំង 10 រូប។
ដោយ៖ ក្រុមកាងារកីឡាPNN