© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វេហា៍ និងដេរ៉ូ កំពុងតែចាប់ផ្តើមទំនាក់ទំនងស្នេហាកាន់តែស៊ីជម្រៅ រហូតបានស្គាល់ចិត្តកាយគ្នាទៅវិញទៅមក។ ដេរ៉ូ ពេញចិត្ត ពេញចិត្ត ថ្លើមនឹងរូបរាង រូបសម្រស់របស់វេហា៍ ប៉ុន្តែវេហា៍ឯណោះវិញ ហាក់ដូចជាមិនស្រឡះក្នុងចិត្ត ដែលជ្រុលបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងកណ្តាប់ដៃព្រាននារីដូចជាដេរ៉ូ កាន់តែជ្រៅទៅៗ។
និយាយពីគ្រួសាររបស់ព្រីនវិញ ដែលបានផ្សំផ្គុំនាង ជាមួយនឹងដេរ៉ូ ហើយនឹងចាត់ចែងរៀបពិធីមង្គលការក្រោយពេលដែល ពួកគេរៀនចប់ ត្រឡប់មកស្រុកកំណើតវិញ។ អ្វីៗ គឺខុសពីការគិតទុកដាក់ ដេរ៉ូ បានធ្វើឲ្យអ្នកស្រីឆោមយ៉ង់ សើបដឹងថា គេកំពុងតែទាក់ទងជាមួយនឹងតារាស្រីម្នាក់ទើបតែនឹងរះគឺវេហា៍ ។ អ្នកស្រីឆោមយ៉ង់ បានយកដំណឹងនេះទៅប្រាប់ព្រីន នៅពេលដែលនាងត្រឡប់មកផ្ទះវិញ ។ ព្រីន ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលដេរ៉ូ នៅតែមិនចោលចរិតព្រានដដែល។
ចំណែកឯ សម្បូរឯណោះវិញ ដែលជាអ្នកដុះខាត់ វេហា៍ឲ្យចូលសិល្បៈបានល្អនោះ ហើយសង្ឃឹមយ៉ាងជឿជាក់ថា ខ្លួននឹងមានមនុស្សស្រីស្អាត និងយល់ចិត្តដូចជាវេហា៍មកនៅក្នុងជីវិត។ ការពិត មិនអាចលាក់បាំងបានយូរទេ វេហា៍ក៏កាន់តែចាប់ផ្តើម បញ្ចេញចរិតដោះដៃពីសម្បូរបន្តិចម្តងៗ ទាំងនាងកំពុងតែទទួលបាន សម្ភារៈនិយម លុយចាយពេញដៃ ពីដេរ៉ូ។
តើដំណើរសាច់រឿងនៅក្នុងភាគដ៏ជក់ចិត្ត នឹងបកស្រាយជាមួយនឹងឈុតឆាកល្អមើលយ៉ាងណាខ្លះនោះ? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «ស្នេហា Cover» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ០៧ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ