© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាសម្តែងស្រីស្អាត រាងស្រឡូន ឆាយ នីតា ដែលប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញវត្តមានកញ្ញាចូលរួមសម្តែងជាតួឯកជាច្រើនរឿងនៅលើកញ្ចក់ទូរទស្សន៍។ ក្នុងនោះ ពីតារាស្រីរូបស្រស់ម្នាក់នេះ ក៏ទទួលបានតំណែងជាតួឯកស្រី នៅក្នុងរឿងចុងឆ្នាំ ២០២០ ប្រចាំឲ្យស្ថានីយ៍ទូរទស្សន៍ភីអិនអិន ផងដែរ គឺរឿង «ចំណងអាពាហ៍ពិពាហ៍»។
តាមរយៈការទស្សនាការសម្តែងរបស់ខ្លួនផ្ទាល់ នីតា បានបង្ហាញនូវអារម្មណ៍មួយដែលសឹងតែមិនអាចទទួលយកបាន នោះគឺជីវិតប្តីប្រពន្ធរបស់នាង នៅក្នុងរឿងនេះតែម្តង។ ជាតួអង្គ នាងមរកត ដែលមានស្វាមីជាមនុស្សប្រុសខិលខូច ស្រីញី មិនបានយកចិត្តទុកដាក់ជាមួយប្រពន្ធឲ្យមានភាពកក់ក្តៅ នីតា បានរៀបរាប់ទាំងអួលដើមកទៀតថា មានរឿងរ៉ាវជាច្រើនដែលបានកើតឡើងចំពោះមនុស្សស្រី ក្រោយពីបានរៀបអាពាហ៍ពិពាហ៍រួច។
មិនថា ទំនាក់ទំនងជាមួយនឹងស្វាមី សូម្បីតែក្តីស្រឡាញ់ពីគ្រួសារខាងប្តី ក៏មិនអាចទទួលបានដោយពេញលេញផងដែរ។ ទាំងម្តាយក្មេក ទាំងបងស្រីថ្លៃ សុទ្ធតែមិនពេញចិត្តនឹងវត្តមានរបស់នាងចូលមកក្នុងគ្រួសារ ហើយមិនតែប៉ុណ្ណោះ ថែមទាំងមានពេលខ្លះ ចាត់ទុកនាងដូចជាមនុស្សវិកលចរិតថែមទៀតផង។ បញ្ហា ពីមួយថ្ងៃ ទៅមួយថ្ងៃ ចេះតែកើនឡើង រហូតដល់ចុងក្រោយ នាងក៏ត្រូវគ្រួសារខាងប្តី បង្ខំឲ្យនាងលែងលះគ្នា ដោយកូនត្រូវប្រគលឲ្យទៅគេទាំងអស់។
ថ្វីត្បិតតែជីវិត រស់នៅលើទ្រព្យសម្បត្តិចាយ មិនខ្វះក៏ពិតមែន ក៏ប៉ុន្តែមាសប្រាក់ទាំងអស់នោះ មិនបានធ្វើឲ្យចិត្តរបស់នាង ទទួលនូវសេចក្តីសុខនោះឡើយ។ សម្រាប់សាច់ រឿងរបស់តួអង្គ នាង មរកត ដែលសម្តែងដោយកញ្ញា ឆាយ នីតា នឹងបង្ហាញទស្សនិកជន ដឹងថា នាងជួបនឹងរឿងរ៉ាវអ្វីខ្លះនៅក្នុងជីវិតប្តីប្រពន្ធនោះ សូមរង់ចាំទស្សនាការផ្សាយជូននៅក្នុងរឿង «ចំណងអាពាហ៍ពិពាហ៍» នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៧ យប់ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ៕
សូមចុចលីងខាងក្រោមដើម្បីទស្សនាពីការបង្ហាញអារម្មណ៍របស់តារាសម្តែង តួឯកស្រី កញ្ញា ឆាយ នីតា ក្នុងរឿង«ចំណងអាពាហ៍ពិពាហ៍»
ចំណាប់អារម្មណ៍របស់តួឯកស្រីក្នុងរឿង«ចំណងអាពាហ៍ពិពាហ៍»
ដោយ៖ សិរីរដ្ឋ