© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
អាថ៌កំបាំងដែលលាក់អស់ជាង ២៥ ឆ្នាំ ត្រូវបានបែកធ្លាយបន្តិចម្តងៗ ដែលកំពុងតែប្រែក្លាយឲ្យបុរសម្នាក់ផ្លាស់ប្តូរជីវិតយ៉ាងឆាប់រហ័ស។ តួអង្គ ហេម៉ាន់ ដែលជាតំណក់ឈាមតែមួយគត់ នៅក្នុងត្រកូលអភិជនជំនួញមួយ បានឈានទៅទ្រនំពិតរបស់គេដោយមិនដឹងខ្លួន។ សម្រាប់ឈុតឆាកនៅភាគបន្ទាប់ៗទៀតនោះ ទស្សនិកជននឹងបានទស្សនា ពីជីវិតរបស់តួអង្គ ហេម៉ាន់ ដែលនឹងមានរឿងរ៉ាវជាច្រើនកើតឡើងចំពោះរូបគេ។ តើរឿងនោះ ជាអ្វី? ហើយហេម៉ាន់ អាចដោះស្រាយ និងព្រមទទួលបានដែរទេ?
ហេម៉ាន់ ដែលគ្រប់គ្នាស្គាល់ថា គេជាកូនប្រុសរបស់បុរសពិកាម្នាក់ ហើយរករបរជួសជុលស្បែកជើង ដើម្បីចិញ្ចឹមជីវិតនោះ គឺខុសស្រឡះពីការពិត ដែលនោះគេជាកូនប្រុស លោកហេម៉ាវ៉ាត់ និងទាយាទតែម្នាក់គត់ក្នុងត្រកូលហេមថង។ នៅពេលដែលការពិត ត្រូវបានដឹងដល់ត្រចៀករបស់លោកតា ហេមថង គាត់ក៏បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅក្នុងគ្រួសារ។ នៅថ្ងៃនោះ លោកតាដែលជាមេគ្រួសារ ក៏បានប្រកាសដល់អ្នកគ្រប់គ្នា ដោយទទួលយកហេម៉ាន់ ចូលមករស់នៅក្នុងគ្រួសារដូចជាសាមាជិកផងដែរ។ គ្រប់គ្នា ជាពិសេស កូនធម៌ទាំងបីទៀតរបស់លោកហេមថង ហាក់មិនសប្បាយចិត្តនឹងអ្វីដែលលោកតាបានប្រកាសឡើង។ ខុសពី អ្នកស្រី មន្តត្រា ដែលរីករាយ និងពេញចិត្តឃើញហេមម៉ាវ៉ាត់ មករស់នៅជាមួយខ្លួន ។
ភាពច្រណែន ឈ្នានីស ចាប់ផ្តើមកើតឡើងកាន់តែខ្លាំង ចំពោះហេម៉ាន់ ដែលកើតចេញពីបងប្អូនប្រុសទាំងបីនាក់នោះ រួមទាំងកូនប្រុសរបស់ពួកគេ។ នាយ ធុន ដែលជាចៅធម៌របស់លោក ហេមថង បានរកនឹកវិធីកម្ចាត់ហេម៉ាន់ ចេញពីគ្រួសាររបស់គេ ដោយល្បិចជាច្រើន។ តើហេម៉ាន់ ត្រូវរងនូវអំពើអយុត្តិធម៌អ្វីខ្លះទៀត ហើយតំណក់ឈាមមួយដុំនេះ អាចនឹងរក្សាបានគង់វង្សនៅក្នុងត្រកូលអភិជនមួយនេះបានទេ? ទាំងអស់នេះ មាននៅក្នុឈុតឆាកនៃសាច់រឿង «បញ្ជាកាមទេព» ផ្សាយជូននៅភីអិនអិន វេលាម៉ោង ០៩ យប់ ពីថ្ងៃព្រហស្ប៍ ដល់ថ្ងៃសៅរ៍៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ