© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
សង្វៀន GANZBERG KUN KHMER SUPER STRIKE បានឈានដល់សប្ដាហ៍ថ្មីមួយទៀតហើយ នាថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤នេះ ជាមួយនឹងការប្រកួតលក្ខណៈអន្តរជាតិដ៏កក្រើកមានរហូតដល់ទៅ៣គូតែម្ដង និងអមដោយជើងខ្លាំងគុនខ្មែរប៉ះជើងខ្លាំងគុនខ្មែរចំនួនពីរគូបន្ថែមទៀតផងដែរ។
បេក្ខភាពជើងខ្លាំងគុនខ្មែរនឹងមានវត្ថមានក្នុងសប្ដាហ៍នេះ មានដូចជាជើងខ្លាំងខណ្ឌឬស្សីកែវរហស្សនាមមេទ័ពតូច សូត្រ វាសនា នឹងត្រូវតតាំងជាមួយអ្នកប្រដាល់បារាំងកាត់ថៃ ឌិនណាផូ ស.ថាន់យ៉ាឡាក់ ដែលអ្នកទាំងពីរណាត់គ្នាលើប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម រីឯគុនខ្មែរចិត្តសឿង អេ ណារ័ត្ន នឹងត្រូវចួបជើងខ្លាំងគ្រប់ស្នៀតមកពីប្រទេសថៃ ប៉េបស៊ី ឆ.គៀតវីណា ដែលការប្រកួតធ្វើឡើងលើប្រភេទទម្ងន់ ៥៧គីឡូក្រាម ចំណែកគូអន្តរជាតិមួយគូទៀតគឺអ្នកប្រដាល់ដើមកំណើតខេត្តស្វាយរៀង សោម ពិសិដ្ឋ នឹងត្រូវជម្រះបញ្ជីចាស់ជាមួយអ្នកប្រដាល់ឆ្លងទ្វីបមកពីប្រទេសរុស្សី ខុនស្ទ៊ែនទីន រ៉ូឌេនកូ ដែលការប្រកួតនេះធ្វើឡើងលើប្រភេទទម្ងន់ ៦៧គីឡូក្រាម ខណៈដែលការចួបគ្នាលើកមុនខាងកីឡាកររុស្សីហាក់ចាញ់មិនអស់ចិត្ត ។
ចំពោះការប្រកួតមិត្តភាណអន្តរជាតិទាំង៣គូខាងលើនេះប្រព្រឹត្តទៅលើលក្ខន្តិកៈគុនខ្មែរ ៥ទឹក ក្នុង១ទឹក មានរយៈពេល៣នាទី ។ ចំណែកឯការប្រកួតលក្ខណៈមិត្តភាពគុនខ្មែរ ២គូផ្សេងទៀតនោះ គឺអ្នកប្រដាល់មកពីក្លិបបញ្ជាករដ្ឋានទ័ពពិសេស ឡៅ រចនា នឹងត្រូវចួបជាមួយគុនខ្មែរវ័យក្មេង នៅ វណ្ណថង របស់ក្លិបមេសថ្ងកគុនខ្មែរខេត្តស្វាយរៀងក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ចំណែកឯអ្នកប្រដាល់វ័យក្មេងរបស់ក្លិបពេជ្រសុផាន់គុនខ្មែរ កីឡាករ ផាន់ ចិត្រា នឹងត្រូវប្រកួតជាមួយ ជិន រ៉ាវី មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់។
សូមប្រិយមិត្តចូលរួមធ្វើជាសាក្សីនៃការប្រកួតដ៏កក្រើកអស្ចារ្យនេះ ដោយចូលរួមទស្សនាឱ្យបានច្រើនកុះករ ដែលការប្រកួតនឹងចាប់ផ្ដើមផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ១រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុកផេក PNN Sports,
គេហទំព័រយូធូប PNN Sports និងហ្វេសបុក Beer Ganzberg។ សម្រាប់បងប្អូនដែលទស្សនាតាមទូរស័ព្ទដៃសូមកុំភ្លេចស៊ែចែករំលែកផងណាដើម្បីចែករម្លែកការប្រកួតគុនខ្មែររបស់យើងទៅកាន់ពិភពលោកឱ្យពិភពលោកកាន់តែស្គាល់ថែមទៀត។
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ក្រុមកាងារភីអិនអិន