© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
គ្មានអ្វីអាចយកឈ្នះអំពើល្អបានទេ កូនប្រសារស្រីដ៏កម្សត់រ៉េនូ បានយកឈ្នះចិត្តម្តាយក្មេកដោយជោគជ័យ និងថែមទាំងទទួលបានក្តីស្រឡាញ់យ៉ាងកក់ក្តៅពីគ្រួសារខាងប្តីទៀតផង។ ថ្វីត្បិតតែការស្អប់ខ្ពើម មើលងាយមើលថោកពីសំណាក់យាយយ៉យ ត្រូវបានរសាយអស់ ប៉ុន្តែចិត្តដែលផិតក្បត់ សាវ៉ា ការព្រាត់ប្រាស់ កាន់តែរត់មករករ៉េនូបន្តិចម្តងៗ។
លោកគ្រូ កំពុងដោះអំពើឱ្យយាយយ៉យ
រ៉េនូ និងប្អូនស្រី កំពុងត្រូវអ្នកភូមិដេញពីស្រុក
ភីឡៃ ដែលជាកូនស្រីប្រសារស្រីទីពីរ ដោយហេតុចង់យកឈ្នះ និងមានបំណងអោបក្រសោបទ្រព្យសម្បត្តិយាយយ៉យផងនោះ បានរកល្បិចគ្រប់វិធីសាស្ត្រកម្ចាត់រ៉េនូ ។ ជាឱកាសហុចឱ្យ ភីឡៃបានរកគ្រូស្នេហ៍ម្នាក់មកដោះអំពើម្តាយក្មេករបស់នាង ដោយនាងយល់ថា ការដែលយាយយ៉យ ស្រឡាញ់ និងយកចិត្តទុកដាក់រ៉េនូ កូនប្រសារច្បងរាល់ថ្ងៃនេះ ក៏ព្រោះតែត្រូវអំពើ។ រឿងរ៉ាវជាច្រើន បានកើតឡើងបន្តបន្ទាប់គ្នា ដែលត្រូវធ្លាក់មកលើរ៉េនូ តួឯកដ៏កម្សត់ ត្រូវបានអ្នកភូមិដេញចេញពីស្រុក គេស្អប់ខ្ពើមគ្រប់គ្នា ក៏ដោយសារតែការពិតគ្រប់យ៉ាងត្រូវបានបែកធ្លាយ។ ក្តីសង្ឃឹមរបស់រ៉េនូដែលគិតថា នឹងទទួលបានសុភមង្គល ការស្រឡាញ់ពីគ្រួសារយាយយ៉យ ត្រូវរលាយអស់ ទាំងដែលនាងគ្មានបំណងចង់ដណ្តើមយកមាសប្រាក់ម្តាយក្មេកដូចជាភីឡៃឡើយ។
រ៉េនូ និងវណ្ណា ត្រូវអ្នកស្រុកបណ្តេញចេញ
ភីឡៃ( កូនប្រសារស្រីទីពីរ កំពុងស្តីបន្ទោសរ៉េនូ)
ការត្រូវធ្វើចិត្តដែលត្រូវគេបណ្តេញចេញពីភូមិមិនទាន់បានប៉ុន្មានផង ស្រាប់តែរ៉េនូ ត្រូវមកជួបនឹងនាយឆៃ ជាប្តី លួចមានប្រពន្ធចុងមួយទៀត។ រឿងពីរធំៗ ដែលនាងត្រូវតប្រឈម មុខជាមួយ ហើយបើនាងជួបតែបញ្ហាមិនចេះចប់មិនចេះហើយបែបនេះ តើជីវិតនាងរ៉េនូនឹងទៅជាយ៉ាងណា?
រ៉េនូ កំពុងអង្គុយធ្វើនំលក់
រ៉េនូ និងវណ្ណា កំពុងមើលសំបុត្រគ្រួសារខាងប្តីផ្ញើរមក
សាច់រឿង លម្អិត នឹងបកស្រាយជូនជាមួយនឹងឈុតឆាកល្អមើល ដែលទាំងអស់នេះ មាននៅក្នុងរឿង «ទ្រនុំកម្ម» ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ០៩ យប់៕
ដោយ៖ សិរីរដ្ឋ