© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ការប្រកួតផ្តាច់ព្រ័ត្ររវាងជើងខ្លាំងគុនខ្មែរពីររូបលើប្រភេទទម្ងន់ 60 គីឡូក្រាម ធន់ ចេស្តា និង ផាន់ ផាណាត់ បានចូលមកដល់ហើយនាថ្ងៃសៅរ៍ទី 28 ធ្នូនេះ។រវាងពួកគេ គឺមានតែអ្នកឈ្នះម្នាក់គត់ដែលមានសិទ្ធឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់ Boostrong King of Power គុនខ្មែរពីម្ចាស់ការពារ ស៊ន រ៉ាគីម ។ ធន់ ចេស្តា ដែលបានយកជ័យជម្នះលើ លីហួរ អាសូរ នៅវគ្គជម្រុះបឋមបានបុកធ្វើការហ្វឹកហាត់ដោយមិនគិតពីការនឿយហត់ដើម្បីបំពេញនូវចន្លោះខ្វះខាតរបស់ខ្លួនសម្រាប់ការប្រកួតដ៏មានសារៈសំខាន់មួយនេះ។ ស្របពេលនេះដែរគ្រូបង្វឹករបស់គេគឺលោកគ្រូ ធន់ សុភា ក៏បានបង្ហើបដែរថាលោកមានទំនុកចិត្តទៅលើ ចេស្តា ជាខ្លាំង។
រីឯ ផាន់ ផាណាត់ ក៏មិនបានបណ្តោយឲ្យពេលវេលាកន្លងផុតដោយឥតប្រយោជន៍ដែរ ពោលគឺចាប់តាំងពីរូបគេបានប្រកួតឈ្នះគូប្រជែង រិទ្ធី សូរសែង នៅវគ្គជម្រុះដំបូងមករូបគេបានតាំងចិត្តហ្វឹកហាត់យ៉ាងមុតមាំដើម្បីបញ្ចេញសមត្ថភាពប្រកួតរកផ្លូវទៅជួប ស៊ន រ៉ាគីម។
ក្រៅពីជំនួបវគ្គផ្តាច់ព្រ័ត្ររបស់អ្នកទាំងពីរ PNN ក៏បានសម្រិតសម្រាំងគូមិត្តភាពអន្តរជាតិចំនួនបួនគូបន្ថែមទៀតដែរដែលក្នុងនោះរួមមាន៖ធន់ តារា ប្រកួតជាមួយអ្នកប្រដាល់ អ៊ីរ៉ង់ យូណេស, អ៊ុង ភារាក់ ប្រកួតជាមួយអ្នកប្រដាល់ អ៊ីរ៉ង់ ម៉ាហាន់, វង្ស វិឆ័យ ប្រកួតជាមួយអ្នកប្រដាល់ អ៊ីរ៉ង់ រ៉ាមយ៉ា វ៉ាគីលី និង គឹម វាសនា ប្រកួតជាមួយអ្នកប្រដាល់ ចក្រភពអង់គ្លេស អ៊ីហ្សាក់ ចូលូជីន ។
សូមកុំភ្លេចចូលរួមទស្សនាកម្មវិធីប្រកួតដ៏កក្រើកមួយនេះនៅសង្វៀន PNN ព្រែកព្នៅ នាថ្ងៃសៅរ៍ទី 28 ធ្នូនេះចាប់ពីវេលាម៉ោង 4:15 នាទីរសៀលតទៅ។ វត្តមានអស់លោកអ្នកគឺជាការលើកទឹកចិត្តដ៏ល្អក្រៃលែងដល់បងប្អូនកីឡាករគុនខ្មែររបស់យើង។
ដោយ៖ chhoam