© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅមិនដល់ប៉ុន្មានថ្ងៃទៀតទេ ឆ្នាំ 2024 និងលាពីយើងជារៀងរហូតខណៈដែលឆ្នាំថ្មី 2025 នឹងចូលមកក្នុងជីវិតយើងរាល់គ្នាវិញម្តង។ ក្រុមហ៊ុនស្រាបៀរ Ganzberg និង PNN ក៏កំពុងត្រៀមបើកទំព័រថ្មីនៃការប្រកួតគុនខ្មែរនៅឆ្នាំ 2025 ខាងមុខនេះឲ្យកាន់តែធំនិងជក់ចិត្តថែមទៀតសម្រាប់បំពេញតម្រូវការទស្សនារបស់អ្នកគាំទ្រទាំងឡាយ។
ងាកមកកាន់ការប្រកួតនាថ្ងៃអាទិត្យទី 29 ធ្នូចាប់ពីវេលាម៉ោង 1 រសៀលនេះវិញ ធន់ ចាន់តាក់ គឺជាតួឯកនៅក្នុងព្រិត្តិការណ៍លាឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីរបស់ Ganzberg Kun Khmer Super Strike ដែលត្រូវសាកកណ្តាប់ដៃល្បងសមត្ថភាពជាមួយកីឡាករថៃ ស្មីងនុម ផេតបូរីរ៉ាំ ។ ចាន់តាក់ បាននិយាយថាគេនឹងប្រឹងប្រកួតឲ្យអស់ពីលទ្ធភាពដើម្បីបន្សល់ទុកនូវស្នាដៃក្នុងចុងឆ្នាំ 2024 នេះ ហើយរូបគេជឿជាក់ថាខ្លួនអាចធ្វើបាន។
ជាមួយគ្នានេះដែរ ខាំ ខ្លារាជ ក៏ជាបេក្ខភាពវាយផ្តាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីដោយត្រូវល្បងថ្វីដៃជាមួយកីឡាករថៃ វ៉ាន់ឆាណាក់ ផងដែរ។ ជួបជាមួយគូប្រកួតដែលមិនធ្លាប់ប៉ះគ្នាពីមុន ខ្លារាជ បានលើកឡើងថាវាជាការពិបាកមួយផងដែរ ព្រោះយើងមិនដែលស្គាល់គេ តែយោលទៅលើការហ្វឹកហាត់និងត្រៀមខ្លួនបានយ៉ាងល្អគេជឿថាកីឡាករថៃនិងទទួលអនុស្សាវរីយ៍ជាស្លាកស្នាមដោយសារតែកែងនិងកណ្តាប់ដៃរបស់គេយកទៅផ្ទះជាមិនខាន។
ក្រៅពីជំនួបគូមិត្តភាពអន្តរជាតិ2គូខាងលើ ពីកម្មវិធីក៏មានការប្រកួតគូពិសេសបីគូអមផងដែរដែលមានដូចជា៖ ពុយ ក្រូច ប្រកួតជាមួយ រីគី សុខវិបុល, សេង សាយ ប្រកួតជាមួយ យួង ពិសិដ្ឋ និង ធន់ អៀនទ្បុង ប្រកួតជាមួយ សុវណ្ណ កុមារ ។ សូមកុំភ្លេចចូលរួមលើកទឹកចិត្តដល់អ្នកប្រដាល់គុនខ្មែររបស់យើងឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។
ដោយ៖ ក្រុមកាងារកីឡាPNN