© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
សង្វៀនគុនខ្មែរថ្ងៃអាទិត្យរបស់ទូរទស្សន៍ភីអិនអិន បានបន្តដំណើរដល់សប្ដាហ៍ថ្មីមួយទៀតហើយនៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកានេះ ដោយមានការប្រកួតយ៉ាងកក្រើកជក់ចិត្តជាងមុនទ្វេដង ដែលមានការប្រកួតលក្ខណៈអន្តរជាតិ ONE Strike ដណ្ដើមប្រាក់លានចំនួន២គូ និងការប្រកួតមិត្តភាពជាតិគុនខ្មែរប៉ះគុនខ្មែរ ៣គូផ្សេងទៀតយ៉ាងជក់ចិត្តផងដែរ។
បេក្ខភាពគុនខ្មែរដែលនឹងមកប្រជែងប្រាក់លានក្នុងសប្ដាហ៍នេះមានដូចជា អ្នកប្រដាល់ដែលពូកែកែងរហស្សនាមនាយសង្ហាគុនខ្មែរ ឡៅ ចន្ទ្រា នឹងត្រូវដណ្ដើមប្រាក់លានជាមួយអ្នកប្រដាល់កម្ពស់ខ្ពស់ឆ្លងដែនមកពីប្រទេសអ៊ីរ៉ង់កីឡាករ បេហ្សាត តារ៉េស ក្នុងប្រភេទទម្ងន់ ៧៣គីឡូក្រាម ចំណែកឯមិត្តរួមក្លិបអ្នកប្រដាល់ល្អកែង វេង សុភ័ក្ត្រ នឹងស្វាគមន៍ការជួបសងសឹកគ្នារបស់កីឡាករថៃ ផេតប៊ូផា ប៉.យុទ្ធភូមិ លើប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម ដែលការប្រកួតអន្តរជាតិទាំង២គូខាងលើនេះ ប្រព្រឹត្តទៅលើលក្ខន្តិកៈ ONE Strike ដោយប្រើប្រាស់កហ្គង់ចេញម្រាម (MMA Gloves) ដើម្បីដណ្ដើមប្រាក់រង្វាន់ ១លានរៀលពីស្រាបៀរ ហ្គេនស៍បឺគ បន្ថែមពីលើតម្លៃខ្លូន។
ចំណែកឯការប្រកួតលក្ខណៈមិត្តភាពគុនខ្មែរ ៣គូផ្សេងទៀត គឺអ្នកប្រដាល់វ័យក្មេងកំពង់ឡើងជើង មិត្ត ចាន់ម៉ើយ នឹងត្រូវប៉ះជើងខ្លាំងរបស់អង្គរមានជ័យ សេក សារ៉ាន់ ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម ចំណែកឯអ្នកប្រដាល់គីឡូធ្ងន់ ឡុង សំណាង ត្រូវប្រកួតតតាំងជាមួយ ចាន់ ពិសិដ្ឋ របស់ក្លិបនិរោធមានជ័យ ដោយឡែក រិន សំណាង ត្រូវប្រកួតសងសឹកជាមួយ ម៉ាលី ខ្លាតូច។
សូមបញ្ចាក់ថាការប្រកួតដ៏កក្រើកជក់ចិត្តទាំងនេះ មានផ្សាយផ្ទាល់នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ចាប់ពីវេលាម៉ោង១រសៀលតទៅ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ផេកហ្វេសប៊ុក PNN Sports និងទំព័រហ្វេសបុកស្រាបៀរ Ganzberg៕
ដោយ៖ សំណាង