© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
កម្មវិធីប្រកួតប្រដាល់ដ៏កក្រើកបានចូលមកដល់ទៀតហើយនៅល្ងាចថ្ងៃសៅរ៍ទី 18 មករានេះនៅសង្វៀន Boostrong King of Power គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ PNN ខណៈដែលអ្នកប្រដាល់គុនខ្មែរ 5 រូបដែលមាន ប៊ុន សុធា, វេង សុភ័ក្រ, រីគី ខ្លឹមខ្មៅ, សូត្រ វាសនា និង ឈុត សេរីវ៉ាន់ថង សុទ្ធតែមានភារកិច្ចជួបប្រកួតជាមួយកីឡាករបរទេសមកពី អ៊ីរ៉ង់ ចិន និង ម៉ារ៉ុក។
ពីអ្នករៀបចំកម្មវិធីប្រកួតប្រដាល់របស់ស្ថានីយ៍ទូរទស្សន៍ដ៏មានប្រជាប្រិយ៍មួយនេះបានឲ្យដឹងថា ការប្រកួតខាងលើមិនមែនធ្វើឡើងដើម្បីតែរកអ្នកឈ្នះនិងអ្នកចាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីព្រឹងសមត្ថភាពកីឡាករគុនខ្មែររបស់យើងផងដែរ។ លោក ម៉ា ស៊ីថេត បានផ្តល់លក្ខខណ្ឌពិសេសសម្រាប់កីឡាករគុនខ្មែររូបណាដែលផ្តួលគូប្រកួតបានលឿនជាងគេនៅថ្ងៃសៅរ៍នេះ Boostrong និងប្រគល់ពានមួយអមដោយទឹកប្រាក់ ដប់ប្រាំមួយលានរៀល ដល់កីឡាកររូបនោះភ្លាមក្រោយចប់គូពិសេសទី 5។
សូមបញ្ជាក់ថា ប៊ុន សុធា នឹងត្រូវប្រកួតជាមួយកីឡាករចិន ជុង ឈីហ័រ ក្នុងខណៈពេលដែល វេង សុភ័ក្រ ត្រូវប្រកួតជាមួយកីឡាករ អ៊ីរ៉ង់ អាលីរ៉េហ្សា ។ រីគី ខ្លឹមខ្មៅ នឹងត្រូវល្បងថ្វីដៃជាមួយអ្នកប្រដាល់ អ៊ីរ៉ង់ អាលី អាស៊ឺហ្គាំ រីឯ សូត្រ វាសនា ក៏នឹងត្រូវប្រកួតជាមួយកីឡាករ អ៊ីរ៉ង់ សាដ្រា មហាម៉ាឌី ។ គូចុងក្រោយអ្នកប្រដាល់មុខស្រស់ចិត្តមុះមត់ ឈុត សេរីវ៉ាន់ថង នឹងត្រូវប្រកួតជាមួយអ្នកប្រដាល់មកពី ម៉ារ៉ុក អាដាំ ម៉ាកឃឺខេប ។
សូមកុំឲ្យព្រិត្តិការណ៍ដ៏កម្រនេះកន្លងផុតឲ្យសោះដោយលោកអ្នកអាចចូលរួមទស្សនាបានដោយសេរីនិងមិនចំណាយថ្លៃសំបុត្រថែមទាំងមានឱកាសចាប់ឆ្នោតផ្សងសំណាងយករង្វាន់អនុស្សាវរីយ៍បានថែមទៀតផង។ បងប្អូនក៏អាចទស្សនាតាមរយៈការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ PNN ហ្វេសប៊ុកផេគ PNN Sport បានផងដែរ។ ជួបគ្នានាថ្ងៃសៅរ៍ទី 18 ខែមករានេះចាប់ពីវេលាម៉ោង 5:30នាទីល្ងាចតទៅ។
ដោយ៖ chhoam