© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
សង្វៀនគុនខ្មែរថ្ងៃអាទិត្យរបស់ទូរទស្សន៍ភីអិនអិន បានបន្តដំណើរដល់សប្ដាហ៍ថ្មីមួយទៀតហើយនៅថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកានេះ ដោយមានការប្រកួតយ៉ាងកក្រើកជក់ចិត្តជាងមុនទ្វេដង ដែលមានការប្រកួតលក្ខណៈអន្តរជាតិ ONE Strike ដណ្ដើមប្រាក់លានចំនួន២គូ និងការប្រកួតមិត្តភាពជាតិគុនខ្មែរប៉ះគុនខ្មែរ ៣គូផ្សេងទៀតយ៉ាងជក់ចិត្តផងដែរ។
បេក្ខភាពគុនខ្មែរដែលនឹងមកប្រជែងប្រាក់លានក្នុងសប្ដាហ៍នេះមានដូចជា ម្ចាស់ខ្សែក្រវាត់ Ganzberg ONE Strike រដូវកាលទី៣ នឹងត្រូវដណ្ដើមប្រាក់លានជាមួយដៃគូចាស់ដែលឆ្លងដែនមកពីប្រទេសថៃកីឡាករ ចៅប៊យ ស.សុផាត ក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម និងមួយគូទៀតជាការជួបគ្នាលើកដំបូងរវាង អ្នកប្រដាល់មាឌល្អិតចិត្តដំរី ហ៊ីម សេរី និងកីឡាករឡាវយ៉តឡាវង៉ាម ស៊ីបឡានឆាង លើប្រភេទទម្ងន់ ៥១គីឡូក្រាម ដែលការប្រកួតអន្តរជាតិទាំង២គូខាងលើនេះ ប្រព្រឹត្តទៅលើលក្ខន្តិកៈ ONE Strike ដោយប្រើប្រាស់កហ្គង់ចេញម្រាម (MMA Gloves) ដើម្បីដណ្ដើមប្រាក់រង្វាន់ ១លានរៀលពីស្រាបៀរ ហ្គេនស៍បឺគ បន្ថែមពីលើតម្លៃខ្លូន។
ចំណែកឯការប្រកួតលក្ខណៈមិត្តភាពគុនខ្មែរ ៣គូផ្សេងទៀត គឺអ្នកប្រដាល់វ័យក្មេងកំពង់ឡើងជើង សុវណ្ណ កុមារ នឹងត្រូវប៉ះជើងខ្លាំងរបស់ក្លិបបញ្ជាការដ្ឋានទ័ពពិសេស បាន លីម ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម ចំណែកឯកូនសិស្សលោកអេ ភូថង កីឡាករម៉ាលី អគ្គីនេត ត្រូវប្រកួតតតាំងជាមួយ ខាំ ម៉ានី របស់ក្លិបមេសថ្ងកខេត្តស្វាយរៀង និងមួយគូទៀតជាការចួបគ្នារវាង ប៉ុក សំរ៉េច និងរ៉ា រ៉ូយ៉ា ក្នុងប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម។
សូមបញ្ចាក់ថាការប្រកួតដ៏កក្រើកជក់ចិត្តទាំងនេះ មានផ្សាយផ្ទាល់នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ចាប់ពីវេលាម៉ោង១រសៀលតទៅ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ផេកហ្វេសប៊ុក PNN Sports និងទំព័រហ្វេសបុកស្រាបៀរ Ganzberg៕
ដោយ៖ សំណាង