© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ឆុងជឺ និងអ្នកផ្សេងទៀត បានឆ្លងកាត់ឧបសគ្គធ្វើដំណើរមកដល់សំណាក់ទេវតា ណានហ័រ បានសម្រេចដល់គោលដៅ។ ទេវតា ណាហ័រ បានធ្វើការជ្រើសរើសយកសិស្សជាច្រើនមកចូលរៀន ដោយមើលឃើញពីសមត្ថភាពនៃការឆ្លងកាត់វិញ្ញាសារលំបាកៗជាច្រើនរបស់ពួកគេ។
ដោយឡែក តែឆុងជឺ បែរជាត្រូវបានទេវតាណាហ័រ ប្រកែកបដិសេធមិនព្រមទទួលយកនាងធ្វើជាសិស្សទៅវិញ ក៏ព្រោះតែគាត់គិតថា ឆុងជឺ គឺជាក្មេងរពឹស ហើយចូលចិត្តឈឺឆ្អាលអ្នកដទៃ ។
គាត់បារម្ភខ្លាចថ្ងៃណាមួយ ឆុងជឺ នាងយកវិជ្ជាយុទ្ធសិល្បិ៍ដែលរៀនចេះយកទៅធ្វើបាបអ្នកដទៃទៀត។ ឆុងជឺ ក៏មានប្រតិកម្ម ឆ្លើយតបភ្លាមៗទៅកាន់ទេវតាណាហ័រវិញ ថានាងមិនមែនជាមនុស្សបែបនេះឡើយ ហើយណាមួយនាងក៏មានសមត្ថភាពឆ្លងកាត់វិញ្ញាសារជាច្រើនផងដែរ ទម្រាំឡើងមកដល់សំណាក់គ្រូមួយនេះបាន។
ទោះជាយ៉ាងណា ក៏ទេវតាណាហ័រមិនព្រមស្តាប់សម្តីរបស់ឆុងជឺដែរ ហើយថែមទាំងព្រមានដោយប្រើយុទ្ធសិល្បិ៍ ធ្វើឲ្យនាងបំភ្លេចការដែលមកប្រឡងចូលរៀននេះ ធ្វើជាមនុស្សរស់នៅឋានកណ្តាលវិញ។ សំណាងល្អពេលនោះ ទេវតា អីងហ្វា ក៏មើលឃើញពីគុណសម្បត្តិរបស់ឆុងជឺ ហើយក៏បានចូលមកជួយសង្គ្រោះនាងទាន់ពេល។
តើវាសនារបស់ឆុងជឺ នឹងត្រូវធ្លាក់ទៅក្នុងដៃអ្នកណា? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «និស្ស័យស្នេហ៍ឆុងជឺ» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ១២ ថ្ងៃត្រង់៕
ដោយ៖ សិរីរដ្ឋ