© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ទស្សនិកជន ក៏ដូចជាហ្វេនៗ ដែលនិយមតាមដានរឿងភាគថៃ ប្រហែលជានឹកឃើញដល់ តារាសម្តែងថៃជាច្រើនរូប ដែលពួកគាត់មានទេពកោសល្យសម្តែង រហូតធ្វើឲ្យសាច់រឿងមើលទៅដូចជាពិតៗតែម្តង។ មកដល់ពេលនេះ ប្រជាប្រិយភាពរបស់ពួកគាត់នៅតែឈរនៅលើវិថីសិល្បៈដដែល ទាំងរូបសម្រស់ និងសិល្បៈនៃការសម្តែង គឺមិនខុសពីមុននោះទេ។
ជាមួយគ្នានេះដែរ ភីអិនអិន ក៏នឹងបានត្រៀមយកនូវចំណងដៃខ្សែភាពយន្តភាគថៃថ្មីមួយរឿងទៀត យកមកផ្សាយជូនទស្សនា បម្រើអារម្មណ៍ទស្សនិកជន ។ សាច់រឿងថ្មីនេះដែរ ក៏មានវត្តមាន កំពូលតារាសម្តែងថៃជើងចាស់ពីររូប ដែលទទួលបានការគាំទ្រច្រើនពីហ្វេនៗ ជាច្រើនឆ្នាំមកហើយ។ នោះគឺ លោក Ken Theeradeth wongpuapan និង អ្នកនាង Anne Thongprasom ដែលភាគច្រើន វត្តមានរបស់ពួកគាត់ ឃើញនៅក្នុងរឿងភាគថៃជាច្រើនរឿង តាំងពីជាង ២០ឆ្នាំមុនមកម្ល៉េះ។ មកដល់ពេលនេះ ពួកគាត់ទាំងពីរ ក៏នៅតែជាតួឯកដដែល ប៉ុន្តែផ្លាស់ប្តូរមកសាច់រឿងបែបថ្មី ដែលបង្ហាញពីជីវិតពិតក្នុងវិថីសិល្បៈ តាំងពីមុន មកដល់ពេលនេះ។
បើតាមសាច់រឿងទាំងមូល គឺខ្សែជីវិតរបស់តារាសម្តែងលោក Ken Theeradeth wongpuapan ដែលបានបង្ហាញពីប្រជាប្រិយភាព និងការតស៊ូរបស់លោក។ នៅក្នុងសាច់រឿងថ្មីនេះ លោកមានឈ្មោះ ថា រីង ដែលជាតួអង្គតារាសម្តែងប្រុសដ៏ល្បីឈ្មោះក្នុងកំឡុងឆ្នាំ ២០០៧ ហើយក៏ជាតារាដែលទទួលបានការគាំទ្រពីសំណាក់មហាជន និងហ្វេនៗជាច្រើនផងដែរ។
ដៃគូសម្តែងស្រីរបស់រីង គឺខេត ដែលជាតារាស្រីមានរូបសម្រស់ស្រស់ស្អាត ចរិតខាងក្រៅ និងខាងក្នុងសាច់រឿង ឆ្នាស់ឆ្នើមមិនចាញ់គ្នាប៉ុន្មានឡើយ។ រយៈពេលពីមុន មកដល់ឥឡូវ រីង ហាក់ដូចជាធ្លាក់ប្រជាប្រិយភាពបន្តិច ដោយសារតែរូបសម្រស់របស់គេ ហើយភាពល្បីល្បាញ់ក៏ដូចជាស្ងាត់ទៅបណ្តើរៗ។ រីង និងខេត ក៏ដូចគ្នា ដោយសារតែពួកគេមានអាយុច្រើន ប៉ុន្តែទេពកោសល្យសម្តែងវិញ គឺនៅដដែល។
ភាពល្បីជាតារា មិនបានធ្វើឲ្យជីវិតរីង មានភាពស្រស់ស្រាយ និងប្រឡូកក្នុងសង្គមបានយូរអង្វែងទេ ។ គិតឃើញបែបនេះហើយ រីងចាប់ផ្តើមកែប្រែខ្លួន រៀបចំខ្លួនឲ្យមានរស្មីម្តងទៀត ដោយដាក់ពាក្យធ្វើជាអ្នកដឹកនាំរឿងវិញម្តង យោងទៅលើបទពិសោធន៍ថតរឿងរបស់គេ។ នៅក្នុងរឿងថ្មី ដែលរីងដឹកនេះ គឺជារឿងដែលមានតួសម្តែងស្រីដោយ ខេត ដដែល ។ ខេត នៅតែមានទីផ្សារសិល្បៈ ដែលនាងសម្តែងជាតួស្រីលំដាប់ខ្ពស់ដដែល។ រីង ហាក់ដូចជាខ្មាសអៀននឹងខេត ដែលប្តូរអាជីពពីតារាសម្តែង មកជាអ្នកដឹកនាំរឿង ហើយពួកគេទាំងពីរ ជួបគ្នាពោរពេញដោយពាក្យសម្តីផ្លែផ្កា និងបញ្ហាមិនចេះចប់។ ថ្ងៃមួយ ការយល់ចិត្តគ្នាចាប់ផ្តើមមានបន្តិចម្តងៗ ខេតយល់ពីរីង ក្នុងពេលដឹកនាំរឿង ជាចំណងស្នេហាកើតឡើង ដោយមិនដឹងខ្លួន៕
ខាងលើនេះ គ្រាន់តែជាការរៀបរាប់ពីសាច់រឿងរបស់តារាសម្តែងទាំងពីរត្រួសៗតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឈុតឆាក លាយឡំមនោសញ្ចេតនាស្នេហា កំប្លែង ល្អមើល ល្អសើចយ៉ាងណាទៀតនោះ សូមកុំភ្លេចរង់ចាំទស្សនានៅក្នុងរឿង «ស៊ុបភើស្តា ២០០៧» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣ ចាប់ពីថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ១១ ព្រឹកតទៅ៕
ដោយ៖ សិរីរដ្ឋ