© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្រោយពីគ្រួសារមិត្តសម្លាញ់ទាំងបី វីហ្សា ធីម និងភីង ត្រូវបានបំផ្លាញដោយស្នាដៃតែម្នាក់របស់ណាមវ៉ាន់ហើយ ពួកគេកើតចិត្តក្តៅក្រហាយយ៉ាងខ្លាំង ហើយព្យាយាមរកវិធីទប់ទល់ទៅវិញ។ ណាមវ៉ាន់ ជាមនុស្សស្រីអាត្មានិយម ចង់ឈ្នះលើអ្នកណាៗទាំងអស់ នាងមិនសុខចិត្តចាញ់មនុស្សណាដែលធ្វើបាបមកលើនាងនោះទេ។
ដោយមានការញុះញ៉ង់ពីអ៊ំស្រីចិត្តអាក្រក់របស់នាង បានរុញច្រានឲ្យណាមវ៉ាន់ក្លាយជាមនុស្សមានចរិតមិនល្អ ចិត្តកាចសាហាវឃោរឃៅ ធ្វើអ្វីមិនគិតមុខក្រោយ។ សាច់រឿង មកដល់វគ្គនេះ ណាមវ៉ាន់ នៅតែចចេស រឹងទទឹង បើទោះបីជាដមមនុស្សជំនិតព្យាយាមលួងលោមនាងឲ្យបំភ្លេចកំហឹងយ៉ាងណា ក៏នាងតែជម្នះឲ្យទាល់តែបាន។
ថ្ងៃមួយ នាងបានតុបតែងខ្លួនគួរឲ្យទាក់ទាញ ហើយលួចចេញពីផ្ទះសំដៅទៅហាងលក់រថយន្តរបស់ធី ដែលត្រូវជាស្វាមីរបស់ វីហ្សា។ នាងបានប្រើមន្តមាយា ទាក់មន្តស្នេហ៍ឲ្យធីលង់នឹងនាង ហើយមានអាម្មណ៍ថាអស់ចិត្តពីប្រពន្ធ។ វីហ្សា ក្រោយពីមានការផ្តល់ដំណឹងពីបុគ្គលិកក្នុងហាង នាងមានចិត្តអន្ទះសារ ចង់កម្ចាត់ណាមវ៉ាន់ចេញពីជីវិតធីឲ្យឆាប់រហ័ស។
ចំណែកឯដម បានត្រឹមតែឈឺខ្លួនទទេ ក៏ព្រោះតែមានការឈ្លោះប្រកែកគ្នាជាមួួយនឹងធី នៅមុខខនដូររបស់ណាមវ៉ាន់ ។ តើបន្ទាប់ពីនាង បានឃើញពីការលំបាក និងការលះបង់របស់ដមចំពោះនាងបែបនេះហើយ ណាមវ៉ាន់អាចនឹងបញ្ឈប់គំនុំ ឬយ៉ាងណា? ហើយវីហ្សា នឹងចាត់ការនាងដោយបែបណាវិញ?
សូមបន្តរង់ចាំទស្សនានៅក្នុងរឿង «ផ្កាយវង្វេងមេឃ» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១១ ព្រឹក ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ៕
ដោយ៖ សិរីរដ្ឋ