© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាសម្តែងទើបរះថ្មីកញ្ញា នៅ ម៉ារីហ្សា ជាតារាដែលក្រសោបបានតំណែងតួឯកស្រីច្រើនរឿងមកហើយ ទោះបីជាទើបតែប្រឡូកក្នុងវិស័យសិល្បៈក៏ដោយ។ បើទោះបីជាស្រវាបានជាតួឯកស្រីច្រើនរឿងក្តី ប៉ុន្តែមានឈុតឆាកមួយដែលកញ្ញាបានអះអាងដាច់ខាតថានឹងមិនទទួលថតនោះគឺឈុតអោបថើប ស្រើបស្រាល។
ជាមួយកិច្ចសម្ភាសន៍ពិសេសក្នុងកម្មវិធីសិល្បៈកម្សាន្តរបស់ ភីអិនអិន កញ្ញាបានបង្ហើបអោយដឹងថាក្នុងរឿង រសជាតិអ្នកមាន ក៏មានឈុតឆាកស្រើបស្រាលមួយចំនួនដែលធ្វើអោយនាងមានភាពលំបាកក្នុងការថត រហូតដល់ផលិតករគឺអ្នកស្រី ពាន់ ភួងបុប្ផា សម្រេចរកអ្នកថតជំនួសកញ្ញាផងដែរ។ កញ្ញាបានបញ្ជាក់បន្ថែមថា ប្រសិនបើមានផលិតកម្មណាមួយទាក់ទងកញ្ញាទៅថតរឿង ដែលមានឈុតស្រើបស្រាលកញ្ញាបដិសេធដាច់ខាតនិងមិនទទួលថតឡើយ។
កិច្ចសម្ភាសន៍ទាំងស្រុងទស្សនិកជនអាចរង់ចំាតាមដានទស្សនាកម្មវិធី សិល្បៈកម្សាន្ត ដែលនឹងត្រូវចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១១:០០ព្រឹក នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ។
សូមបញ្ជាក់ដែរថាកញ្ញា ម៉ារីហ្សា គឺជាតួឯកស្រីមួយរូបក្នុងរឿង រសជាតិអ្នកមាន ដែលកំពុងទទួលបានការគាំទ្រពីទស្សនិកជន។ ហេតុផលដែលធ្វើអោយរឿងមួយនេះទទួលបានការគាំទ្រព្រោះតែសាច់រឿងដែលជាស្នាដៃនិពន្ធរបស់អ្នកស្រី ពាន់ ភួងបុប្ផា បានចាក់ចំបេះដូងរបស់ទស្សនិកជនជុំវិញបញ្ហាជីវិតគ្រួសារ ។ រឿង រសជាតិអ្នកមាន ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃ សុក្រ វេលាម៉ោង ៨:០០យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន និងនៅលើប្រព័ន្ធ Youtube ដោយគ្រាន់តែវាយពាក្យថា PNN Official ៕
ដោយ៖ ម៉ី វ៉ាន់ណែត