© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដូចដែលទស្សនិកជន តែងតែតាមដានខ្សែភាពយន្តភាគខ្មែរ រឿង «សង្គ្រាមមរតក» ចាប់តាំងពីភាគដំបូង រហូតមកដល់ភាគជិតទីបញ្ចប់នេះ យើងឃើញថា តួអង្គ នាងផល្លីកា ដែលជាកូនប្រសារស្រីចិត្តអាក្រក់ នឹងត្រូវបានលាតត្រដាងពីមុខមាត់ពិតរបស់នាង បន្តិចម្តងៗ។ មនុស្សជាច្រើនអ្នក ដែលត្រូវនាង និងប្អូនប្រុស នាង រួមដៃគ្នា សម្លាប់ ដើម្បីក្តោបក្តាប់យកទ្រព្យសម្បត្តិខាងប្តី មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ឪពុកក្មេក ម្តាយក្មេក របស់នាង ក៏នាងលើកដៃសម្លាប់មិនខ្លាចញញើត ហើយសូម្បីតែស្វាមីរបស់ខ្លយន លោកភារុណ ក៏នាងដាច់ចិត្តក្បត់ ដើម្បីតែប្រាក់តែមួយគត់។
ទោះជាយ៉ាងណា សាច់រឿងភាគមួយនេះ ក៏មិនអាចនឹងបណ្តោយឲ្យតួអង្គអាក្រក់ដូចជា នាងផល្លីកានេះ អាចរស់នៅសោយសុខ នៅលើគំនរទុក្ខអ្នកដទៃបានដែរ ។ អំពើ អាក្រក់ ត្រូវតែសាបសូន្យ ដោយផ្តល់មកវិញនូវសេចក្តីសុខ និងយុត្តិធម៌ដល់ អ្នកដែលធ្វើអំពើល្អ។ រំលឹកថយក្រោយ ពីបណ្តាំមរតក ដែលមុននឹងលោកប្រាក់ភាលី បានស្លាប់ លោកក៏បានធ្វើទុករួចជាស្រេច ដែលគ្រប់យ៉ាង គឺត្រូវបានប្រគល់ទៅឲ្យសាច់ឈាមបង្កើតរបស់លោក គឺកូនប្រុសទាំងពីរ។
នៅថ្ងៃ ដែលប្រកាស បណ្តាំមរតក ក៏ជាថ្ងៃដែលផល្លីកា ត្រូវបានបកស្រោមមុខមាត់ពិតរបស់នាង នៅចំពោះមុខអ្នកទាំងអស់គ្នា ដោយការពិតនោះ ត្រូវបានចេញពីមាត់ម្តាយក្មេករបស់នាងតែម្តង។ ផល្លីកា បានវាយធ្វើបាប ទាំងផ្លូវកាយ និងផ្លូវចិត្ត ម្តាយក្មេក រហូតបាត់បង់ស្មារតី តែក្រោយមក គាត់ក៏មានការចងចាំឡើងវិញ ហើយចងចាំទាំងអំពើអាក្រក់ដែលនាងបានធ្វើមកគាត់ទៀតផង។
តើផល្លីកា នឹងត្រូវទទួលរងនូវបាបកម្មរបស់ខ្លួន ឬនាង នឹងរៀបចំគំរោងការកម្ចាត់អ្នកណាទៀត ដើម្បីគេចផុតពីសំណាញ់ច្បាប់ និងទង្វើអាក្រក់របស់នាងនោះ? ទាំងអស់នេះ សូមរង់ចាំទស្សនានៅក្នុងឈុតឆាកភាគបន្ទាប់ នៃរឿង «សង្គ្រាមមរតក» ដែលមានផ្សាយជូនទស្សនានៅភីអិនអិន វេលាម៉ោង ០៨ យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ៕
សូមទស្សនាវីដេអូខ្លីខាងក្រោម៖
ដោយ៖ សិរីរដ្ឋ