© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពីនាងតូចដែលធ្លាប់តែមានជីវិតក្រលំបាក មិនស្គាល់ថាយ៉ាងម៉េច ជាសម្ភារៈនិយម ខំប្រឹងប្រែង រកលុយជួយគ្រួសារ ដាវនឿ បានប្រែក្លាយជាព្រះនាងហ្សីនដេរ៉េឡា យ៉ាងស្រស់ស្អាតនៅក្នុងកម្មវិធីមួយ។ នៅភាពបន្ទាប់នេះ ទស្សនិកជន នឹងបានប្លែកអារម្មណ៍ជាមួយនឹងឈុតឆាក កាច់កុង ល្អមើលខ្លាំងបំផុត ដែលតួអង្គនាងពីន ដែលធ្លាប់តែមើលងាយចំពោះដាវនឿ និងមានចិត្តច្រណែនឈ្នានីសនេះ ត្រូវមកខកចិត្តនឹងរឿងមួយនឹកស្មានមិនដល់។
តួអង្គនាងដាវនឿ ដែលជានារីក្លាហានម្នាក់ និងមានរូបសម្រស់ស្រស់ស្អាតនោះ គឺត្រូវបានប្រធានមូលនិធិនៃមណ្ឌលកុមារកំព្រា និងជាប្រធានធនាគារ លោកហ្រ្វេន បានសុំរៀបការ។ ក្រោយពីសារភាពស្នេហ៍រួចមក ដាវនឿមិនអាចទទួលលោកហ្រ្វេនធ្វើជាស្វាមីបានឡើយ ដោយអ្នកទាំងពីរព្រមព្រៀមគ្នាមកធ្វើជាឪពុកកូនធម៌វិញ។ ហេតុផលនៅពីក្រោយ ដែលបង្ខំចិត្តឱ្យដាវនឿព្រមទទួលលោកហ្រេ្វនជាឪពុកចិញ្ចឹមនោះ ក៏ដោយសារតែមានបំណងចង់សងសឹកនាងពីន ដែលជាសត្រូវស្នេហា សុីសាច់ហុចឈាមគ្នាផងដែរ។
លោកហ្វ្រេម បានបង្រៀនដាវនឿ ឱ្យស្គាល់ពីបរិបថនៃការរស់នៅក្នុងសង្គមអភិជន និងការតុបតែងខ្លួនយ៉ាងប្រណិត ទាំងសម្លៀកបំពាក់ និងឥរិយាបថផ្សេងៗ។ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ដាវនឿបានហ្វឹកហ្វាត់ ស្គាល់ថាអ្វីទៅជាភាពសុីវីល័យ ភាពជាអ្នកមានពិតប្រាកដ។ នៅក្នុងកម្មវិធី ជំនួបអ្នកកាសែតដែលនិយាយពីការបង្កើតកម្មវិធីថ្មីនៃធនាគាររបស់ម្តាយរបស់ពីន គឺក្នុងនោះ លោកហ្រេ្វម បានដឹកដៃដាវនឿទៅចូលរួមទៀតផង។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺគ្រប់គ្នាសឹងតែមិនជឿថា នារីម្នាក់ដែលធ្លាប់តែដើរកាន់ស្បែកជើងតាមពីក្រោយគេ ប្រែក្លាយជាព្រះនាងដ៏ស្រស់ស្អាតនោះ។ នាងពីន នៅពេលបានឃើញរូបភាពបែបនេះ នាងស្ទើរតែនិយាយមិនចេញ ហើយបានសុំឱ្យយុទ្ធ និងម្តាយនាងឆាប់ដោះស្រាយបញ្ហានេះឱ្យបាន។
ដើម្បីកុំឱ្យសាច់រឿងវគ្គដ៏ល្អមើលនេះ រំលងផុតពីចក្ខុទស្សនិកជន សូមកុំភ្លេចរង់ចាំទស្សនានៅក្នុងរឿង «បេះដូងខ្វះកម្តៅ» ផ្សាយជូននៅភីអិនអិន ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ វេលាម៉ោង ០៩ យប់៕
ដោយ៖ សិរីរដ្ឋ