© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នឹកដល់តារាសម្តែងថៃប្រុស រូបសង្ហារ និងទទួលបានប្រជាប្រិយភាពខ្លាំងលើសាច់រឿងបែបកំប្លែងនោះ ទស្សនិកជនប្រហែលជានឹងស្គាល់ហើយនោះ គឺ លោក Ter Chuntawit។ មានរឿងភាគថៃមិនតិចទេ ដែលលោកត្រូវបានដើរតួសម្តែងជាតួអង្គកំប្លុកកំប្លែង បែបសប្បាយៗ និងក្រមិចក្រមើមជាមួយនឹងកាយវិការ ស្នាមញញឹមដ៏ទាក់ទាញ។ ទន្ទឹមនឹងនេះដែរ ដោយមើលឃើញពីសន្ទុះកើនឡើងនៃការគាំទ្រទៅលើការសម្តែងរបស់លោក ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន បាននាំយកនូវសាច់រឿងថ្មីមួយទៀត នាដំណាច់ចុងឆ្នាំ ២០១៩នេះ ធានាថាសើច ជាមួយនឹងឈុតឆាកកំប្លែងជាច្រើន ដែលមានការចូលរួមសម្តែងរវាងលោក និង កញ្ញា Taew Natapohn រួមទាំងតារាសម្តែងថៃជាច្រើននៅក្នុងរឿងភាគថ្មី គឺរឿង «លង់ស្នេហ៍អូនពេទ្យ» ។
ជាមួយនឹងសាច់រឿងមនោសញ្ចេតនា លាយឡំនឹងកំប្លុកកំប្លែង សើច ឌឺដង ផ្លែផ្កាពាក្យសម្តីទៅវិញទៅមក ចុងក្រោយក៏បានប្រែក្លាយជាស្នេហាមួយរវាងកំលោះក្រមុំមួយគូ។ លោក Ter ដើរតួជាមេភូមិដាំរ៉ុង ដែលជាបុរសសង្ហាដាច់គេក្នុងភូមិ ចេះជួយអ្នកដទៃ ប៉ុន្តែជាមនុស្សចូលចិត្តលេងសើចច្រើន និងចង់ឈ្នះគ្រប់ពេល។ ចំណែកឯ Taew វិញ ជាអ្នកគ្រូពេទ្យដ៏ស្រស់ស្អាត ឆ្នាស់ឆ្នើមម្នាក់ មានឈ្មោះថា អឺយ ចូលចិត្តប្រើចរិតក្អេងក្អាង និងមិនងាយចុះចាញ់អ្នកណាម្នាក់ឡើយ។ ដូចពាក្យគេថា ស្រីឆ្នាស់ ប៉ះប្រុសកំហូច ម្តងនេះ Ter និង Taew ប៉ះគ្នាជាតួឯកប្រុសស្រី សម្តែងជាបែបកំប្លែងដែលផ្តល់នូវឈុតឆាកអស់សំណើចជាច្រើន។ ពួកគេទាំងពីរនាក់ នឹងបង្កើតជាចំណងសាច់រឿងប្រទាក់ក្រឡាគ្នាជាច្រើន ដែលមានទាំងកម្សត់ មានទាំងសប្បាយ និងទប់សំណើចមិនបានទៀតផង។ តួយ៉ាងដូចជានៅក្នុងសាច់រឿងនេះតែម្តង ដែលនេះលោក Ter និងកញ្ញា Taew កម្រនឹងសម្តែងរឿងបែបកំប្លែងរួមគ្នាណាស់ ដែលភាគច្រើនគេឃើញកញ្ញា សម្តែងតែជាតួស្លូត ក្នុងរឿងបែបមនោសញ្ចេតនា។
យ៉ាងណាមិញ សាច់រឿងនឹងល្អមើល សើចសប្បាយយ៉ាងណានោះ សូមទស្សនិកជន ជាពិសេសអ្នកនិយមតាមដានរឿងភាគថៃ សូមរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ដែលនឹងធ្វើការចាក់ផ្សាយចាប់ពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ០៥ និង ៤០ នាទីល្ងាច នៅក្នុងរឿង «លង់ស្នេហ៍អូនពេទ្យ »៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ចន្ទ សិរីរដ្ធ