© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តាមរយៈកម្មវិធីបែបកុមារមួយរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់មហាជននូវសមត្ថភាព និងទេព្យកោសល្យប្អូនៗតូចៗ នោះគឺ កម្មវិធី «តូច ខ្លឹម ខ្លាំង» ។ មានបេក្ខភាពប្អូនៗជាច្រើនរូប បានដាក់ពាក្យចូលរួមប្រកួតប្រជែងដើម្បីយកជ័យលាភីពីកម្មវិធី ហើយមកទល់នឹងពេលនេះ មានប្អូនៗមួយចំនួនបានឈ្នះនៅក្នុងកម្មវិធី ដោយអ្នកខ្លះទទួលបាននូវកាដូដែលខ្លួនស្រឡាញ់ មានដូចជា តុក្កតា របស់លេង និងទឹកប្រាក់រង្វាន់ជាដើម។ ដោយឡែក ក្នុងចំណោមប្អូនៗជ័យលាភីទាំងអស់ គឺប្អូន ទី ប្រាក់ពន្លឺបែរជាមានបំណងប្រាថ្នាខុសគេ សឹងតែធ្វើឱ្យអ្នករៀបចំកម្មវិធី ក៏ដូចជាគណៈកម្មការមានការភ្ញាក់ផ្អើលជាខ្លាំង នោះគឺ រូបគេចង់បានស្បែកជើងថ្មីមួយគូទៅវិញ។ ដោយសារតែមានឧបនិស្ស័យខាងកីឡា និងជាក្មេងដែលសុភាពរាបសារ ស្រគត់ស្រគុំនោះ គេគិតថា ស្បែកជើងថ្មីដែលគេទទួលបានពីកម្មវិធី គឺមានតម្លៃខ្លាំងណាស់សម្រាប់រូបគេ ព្រោះគេអាចពាក់វាទៅសាលា និងហាត់កីឡាបាន។ ជាសិស្សថ្នាក់ទី ០៦ និងស្ថិតក្នុងវ័យ១២ឆ្នាំសោះ ពន្លឺហាក់បីដូចជាឆាប់ចាប់បាននូវការហ្វឹកហាត់ក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ មិនចាញ់មនុស្សធំឡើយ ហើយមិនតែប៉ុណ្ណោះថែមទាំងជាប់ជាថ្នាលជម្រើសជាតិទៀតផង។
ប្អូនប្រុស ប្រាក់ពន្លឺ បញ្ចេញក្បាច់គុនល្បុក្កតោ
ប្អូនប្រុស ប្រាក់ពន្លឺ ក្មេងប្រុសល្បុក្កតោវ័យក្មេង
ទើបតែរយៈពេលបាន២ឆ្នាំ ប្អូនប្រុសល្បុក្កតោវ័យក្មេង ប្រាក់ពន្លឺ ហាត់បានយ៉ាងស្ទាត់ជំនាញ ទាំងការប្រើក្បាច់នីមួយៗ និងលើសពីនេះទៀត ឆ្លងកាត់តាមការចូលរួមប្រកួតប្រចាំខែ ប្រចាំឆ្នាំកន្លងមកតែងតែទទួលបានពិន្ទុល្អផងដែរ។ មួយវិញទៀត បើតាមការរៀបរាប់បន្ថែមនោះ ប្អូនប្រុសបានបញ្ជាក់យ៉ាងច្បាស់ថា ក្បាច់គុនល្បុក្កតោ មិនមែនជាក្បាច់ដែលងាយស្រួលក្នុងហាត់ប៉ុន្មានទេ ព្រោះត្រូវចំណាយកម្លាំងច្រើន ឈឺខ្លួន ហើយមានមិត្តភក្តិប្អូនដែលនៅក្នុងក្រុមខ្លះ បានបោះបង់ចោលពាក់កណ្តាលទីក៏មាន ។ ផ្ទុយទៅវិញ ឧបសគ្គទាំងនេះមិនបានរារាំងដល់ឆន្ទៈរបស់គេឡើយ គឺនៅពេលដែលចុះហ្វឹកហាត់ អ្វីដែលគេត្រូវប្រកាន់ឱ្យខ្ជាប់នោះគឺ ការអត់ធ្មត់ កម្លាំងចិត្ត និងជំហរយ៉ាងរឹងប៉ឹងមិនរាថយក្រោយ ទោះបីលំបាកយ៉ាងណា។ ទន្ទឹមនឹងនេះ ក្តីបំណងធំរបស់ប្អូនប្រុស គឺចង់ក្លាយជាតារាសម្តែងល្បុក្កតោដ៏ប៉ិនប្រសប់ និងមហិច្ឆតាធំមួួយទៀតនោះ គឺរូបគេនឹងប្តេជាចិត្ត ប្រឹងប្រែងរៀនសូត្រ ហាត់ពត់លត់ដំខ្លួនឱ្យបានល្អក្នុងការសិក្សាក្បាច់គុនខ្មែរ ដើម្បី ដណ្តើមយកមេដាយជូនជាតិ ក្នុងវេទិកាកីឡាស៊ីហ្គេម២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ។ ត្រឡប់មកការចូលរួមប្រកួតក្នុងកម្មវិធីខាងលើវិញ ពន្លឺត្រូវបានគណៈកម្មការពេញចិត្ត និងថែមទាំងទទួលបានជ័យលាភី តូច ខ្លឹម ខ្លាំង ស្ពាយយកប្រាក់រង្វាន់ត្រឡប់ទៅវិញជាមួយនឹងកាដូស្បែកជើងថ្មីមួយគូដ៏គួរឱ្យស្រឡាញ់ និងពេញចិត្តជាខ្លាំង។ រូបគេ បានបញ្ជាក់ដែរថា ចំពោះប្រាក់រង្វាន់បន្ថែមទៀតដែលទទួលបានពីកម្មវិធីនេះ ពន្លឺបានយកទៅជូនឪពុកម្តាយមួយចំណែកធំ និងសេសសល់គឺទុកសម្រាប់ទិញសម្ភារៈសិក្សាមួយចំនួន។
ប្អុនប្រុស ទី ប្រាក់ពន្លឺ
នេះជាឱកាសមួយ សម្រាប់ប្អូនៗក្នុងការបញ្ចេញសមត្ថភាព ទេព្យកោសល្យ ចំណេះដឹងដែលខ្លួនបានរៀនពីសាលា ដើម្បីចែករំលែកទៅដល់ប្អូនៗដទៃទៀត ក៏ដូចជាទស្សនិកជនបានទស្សនា ដែលសម្រាប់វគ្គបន្ទាប់ទៀត កម្មវិធីនៅតែជ្រើសរើសរកប្អូនៗដែលមានសមត្ថភាពពិតប្រាកដ ដើម្បីសម្រាំងរកឱ្យបាននូវអ្នកណាដែលអាចដណ្តើមជ័យលាភី ដូចជាប្អូនប្រុស ទី ប្រាក់ពន្លឺបានដូច្នោះដែរ។ ដូចនេះ សូមទស្សនិក ជន កុំភ្លេចរង់ចាំទស្សនាកម្មវិធី«តូច ខ្លឹម ខ្លាំង» ដែលកំពុងតែធ្វើការផ្សាយរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ០៧ ដល់ ០៨ យប់ មានតែមួយ គត់នៅលើកញ្ជក់ទូរទស្សន៍ភីអិនអិន៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖