© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាសម្តែងប្រុស ដែលទទួលបានប្រជាប្រិយភាពលើស្រទាប់យុវវ័យនិងភាគច្រើន គេឃើញលោកត្រូវបានផលិតកររឿងតម្រូវឱ្យចាប់ដៃគូជាមួយកញ្ញា ស៊ីន យូប៊ីន នោះគឺលោក ខាត់ វ៉ៃហាំង ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វ៉ៃហាំង ហាក់ស្ទុះឡើងកូដខ្លាំងបន្ទាប់ពីបានប្រឡូក ចូលក្នុងវិស័យខ្សែភាពយន្តកន្លងមក។ ទន្ទឹមនឹងនេះដែរ លោកក៏បានគ្រងតំណែងជាតួឯកប្រុស ក្នុងរឿងភាគបុរាណខ្មែរមួយ ដែលកំពុងតែធ្វើការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិននោះគឺរឿង និស្ស័យស្នេហ៍នាងមនោរាហ៍ ។ ជំនួបសម្ភាសន៍ផ្ទាល់ទាក់ទងនឹងចំណាប់អារម្មណ៍មួយចំនួនក្នុងការសម្តែងនៅក្នុងរឿងបុរាណដ៏ល្អមើលមួយនេះ តារាប្រុសវ័យក្មេង សម្បុរសវ៉ៃហាំង ហាក់បញ្ចេញនូវភាពរំភើបរីករាយយ៉ាងពន់ពេក ។ ក្នុងនោះ លោកបានបញ្ជាក់ប្រាប់ថា នេះជារឿងទីមួយហើយដែលខ្លួនបានស្លៀកនូវសម្លៀកបំពាក់បែបប្រពៃណីបុរាណរបស់ខ្មែរ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ដែលពីមុនលោកពុំធ្លាប់បានសម្តែងក្នុងខ្សែភាពយន្តបុរាណណាឡើយ។
លោកវ៉ៃ ហាំង ជាមេទ័ព
លោកវ៉ៃ ហាំង ( មេទ័ព) និងកញ្ញា យូ ប៊ីន ( នាងមនោរាហ៍)
ជាក់ស្តែង ដូចជារូបលោកផ្ទាល់ដែលជាតួអង្គឯកប្រុស ជាមេទ័ពខ្លាំងពូកែម្នាក់ក្នុងរឿង បានដាក់ចិត្តដាក់កាយបញ្ចូលអារម្មណ៍ទៅក្នុងសាច់រឿងឱ្យដូចជាពិតដូច្នោះដែរ។ ជាមួយនឹងឈុតមេទ័ពសម័យបុរាណដ៏អង់អាចក្លាហាននេះ ធ្វើឱ្យអារម្មណ៍របស់ វ៉ៃហាំង នៅដិតជាប់ក្នុងចិត្តចងចាំមិនភ្លេចឡើយ ជាពិសេសឈុតមួយដែលថតនៅប្រាសាទបុរាណមួយ មានទីតាំងស្ថិតក្នុងទឹកដីខេត្តតាកែវ ។ នោះក៏ជាឈុតបង្ហាញពីការប្រារព្ធពិធីបុណ្យក្នុងភូមិមួយ ដែលមានការជួបជុំពីមនុស្សមកពីគ្រប់ទិសទី ហើយមានការបង្ហាញជាមួយនឹងរបាំប្រពៃណីជាច្រើនទម្រង់ផងដែរ។ ជាមួយនឹងទឹកមុខញញឹមតិចៗ បែបមានមន្តស្នេហ៍ វ៉ៃហាំង បានរៀបរាប់ថា « ពេលហ្នឹង ខ្ញុំដើរមើលគេ ព្រោះយើងជាមេទ័ពយើងដើរមើលគេអញ្ចឹង មានអារម្មណ៍ថា សប្បាយចិត្ត សិល្បៈករ សិល្បៈការនី តែងខ្លួនជាអ្នករបាំ ទៅតាមប្រភេទនីមួយៗ ខុសប្លែកពីគ្នា ដូចនេះ វាស្រស់ស្អាតខ្លាំង ហើយក៏ដក់ជាប់អារម្មណ៍ខ្លាំងដូចគ្នា ជាពិសេសបានឃើញតួឯកស្រីនៅទីនោះតែម្តង » ។ ជាមួយគ្នានឹងការបង្ហាញពីឈុតដែលខ្លួនលង់ចិត្តដកមិនរួចនោះ តួឯកប្រុសមេទ័ពម្នាក់នេះ បានបង្ហើបឈុតដែលពិបាកថតជាងគេក្នុងចំណោមឈុតទាំងអស់ក្នុងរឿងនេះ តួយ៉ាងដូចជាឈុតធ្វើសង្គ្រាម ដែលតម្រូវឱ្យមានមនុស្សច្រើន ហើយអ្វីដែលប្រឈមមុខខ្លាំង គឺអាកាសធាតុក្តៅ ហើយមានពេលខ្លះប៉ះពាល់ទៅដល់ស្បែកក៏មាន។
កញ្ញា យូប៊ីន ( នាងមនោរាហ៍ ក្នុងឈុតរបាំអប្សារា)
លោក វ៉ៃ ហាំង ( មេទ័ព)
ទោះជាយ៉ាងនេះក្តី លោកបានបន្តថា យើងទទួលបានជោគជ័យក្នុងការថតឈុតដ៏លំបាកមួយនេះ ក្រោមទឹកមុខដ៏រីករាយពីក្រុមការងារទាំងអស់គ្នា។ យ៉ាងណាមិញ ដើម្បីឱ្យដឹងកាន់តែច្បាស់ទៀតថា តើការសម្តែងរបស់តារាប្រុស តួឯកមេទ័ពរូបសង្ហានៅក្នុងរឿង និស្ស័យស្នេហ៍នាងមនោរាហ៍ មានលក្ខណៈដូចម្តេចនឹងល្អមើលយ៉ាងណានោះ សូមទស្សនិកជនរង់ចាំតាមដានទស្សនាចាប់ពីថ្ងៃ ព្រហស្បតិ៍ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៨ យប់ ដល់ម៉ោង ០៩យប់ និងមានតែមួយគត់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖