© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
«មនុស្សស្រីរៀបការត្រូវតែតាមប្ដី ខ្ញុំប្រាប់លោកច្រើនដងហើយ វាមិនមែនជាកំហុសអ្នកណាទាំងអស់ អ្នកណាក៏ធ្លាប់មានអតីតកាលដែរ លោកត្រូវរៀនបំភ្លេចវា!»
ហួត ស៊ីវ ក៏ក្រោកឡើងដែរ គាត់និយាយខ្សោយៗតែសង្កត់ពាក្យធ្ងន់ៗ៖
«តែខ្ញុំបំភ្លេចនាងមិនបាន! ខ្ញុំបំភ្លេចអីក៏បាន! ប៉ុន្តែក្នុងចំណោមកូននាងបីនាក់ មានពីរនាក់ជាកូនរបស់ខ្ញុំទៅហើយ! ខ្ញុំមិនមែនចិត្តថ្មដូចនាងទេកុសុមា! បើនិយាយពីប្ដី! ខ្ញុំទើបជាប្ដីរបស់នាង!»
សក្ខណា ទទួលអារម្មណ៍ដូចផែនដីបាក់ធ្លាក់សង្កត់ នាងយល់ថាខ្លួនឯងគ្មានអារម្មណ៍ដកដង្ហើមទេ នាងរត់គ្មានស្គាល់ទិសតំបន់ចេញឆ្ងាយពីមនុស្សចាស់ទាំងពីរនាក់ នោះ កាន់តែឆ្ងាយកាន់តែល្អ។ សក្ខណា ឡើងដល់រថយន្តតាំងពីពេលណាក៏មិនដឹងខ្លួន នាងបើករថយន្តចុះឡើងពេញទីក្រុងភ្នំពេញ ដោយដៃម្ខាងជូតទឹកភ្នែកទឹកសំបោរមិនចេះរីងស្ងួត។
ទោះបីនាងមកពីប្រទេសមួយ ដែលមនុស្សប្រកាន់យកនូវទស្សនបើកចំហ មិនរវល់រឿងឯកជនរបស់អ្នកណា ប៉ុន្តែការពិតរបស់ម្ដាយនាងមិនអាចឲ្យនាងទទួលយកបានជាដាច់ខាត។
តើអ្នកណាទៅនៅក្នុងចំណោមពួកយើងទាំងបី ដែលជាកូនរបស់បុរសមុខក្រាស់នោះ នាងសួរខ្លួនឯងហើយសួរទៀត យំហើយយំទៀត ទាល់តែខ្សោះកម្លាំងលែងអាចបើកឡានតទៅមុខទើបព្រមចតស្ងៀមនៅក្បែរ ផ្លូវ។
កណ្ដាលរាត្រីស្ងាត់ជ្រងំ ប៉ែន ពេជ្រសក្ខណា នៅសោយសោកម្នាក់ឯង អស់ចិត្តអស់ចង់ទើបបត់ឡានហួសទៅកាន់មន្ទីរពេទ្យ។
នៅពីក្រៅបន្ទប់ដែលឪពុកខ្លួនសម្រាន្ត នាងបង្ហើបទ្វារលបមើលលោក ហើយថយមកឈរយំសាជាថ្មីអាណិតអ្នកមានគុណ។
«ប៉ា! បើប៉ាដឹងរឿងឆ្កួតអស់នេះ តើប៉ាឈឺចាប់យ៉ាងណាទៅ មិត្តសម្លាញ់របស់ប៉ាចិញ្ចឹមចិត្តលើភរិយារបស់ប៉ាជាយូរមកហើយ ហើយកូនរបស់ប៉ាបីនាក់ គេថាមានពីរនាក់ជាកូនរបស់គេ?»
នាងឃើញខ្លួនឯងនៅក្នុងផ្ទាំងកញ្ចក់មន្ទីរពេទ្យ ភ្នែកយំហើមជាំបើទុកឲ្យឪពុកនាងភ្ញាក់ដឹងខ្លួនមកឃើញ តើនាងអាចឆ្លើយនឹងសំណួរ របស់លោកដោយវិធីណា។
ស្រីតូចពិតជាយល់ថា ខ្លួនគ្មានកន្លែងដែលត្រូវទៅមែននៅក្នុងយប់នេះ។
នាងនឹកឃើញដល់ ពៅបញ្ញា ប៉ុន្តែ ពៅបញ្ញា មិននៅភ្នំពេញទេ គឺជាប់បេសកកម្មនៅខេត្ត ដូច្នេះនាងគ្មានអ្នកដើម្បីនិយាយជាមួយឡើយ។
បើមិនទៅផ្ទះម្ដាយ គឺមានតែទៅផ្ទះឪពុក ស្រីស្អាតបរឡានយឺតៗទៅដល់គេហដ្ឋានរបស់ឪពុកក្នុងពេលយប់ជ្រៅណាស់ទៅហើយ។
«អ្នកនាងសក្ខណាយប់ម្ល៉េះ?»
អ្នកបម្រើវ័យចំណាស់ក្នុងផ្ទះរបស់ ពៅបញ្ញា ពោលសួរទាំងទឹកមុខស្លន់ស្លោ។
ទោះបីសក្ខណានិង ពៅបញ្ញា ត្រូវគ្នាចាក់ទឹកមិនលិច ប៉ុន្តែគេមិនដែលឃើញកូនស្រីពៅនៃផ្ទះភរិយាដើម មកលេងផ្ទះភរិយាទីពីរក្នុងវេលាថ្មើរណេះឡើយ។ ចុះបើពេលនេះនាងទុកឡានចោលច្រងាងមិនមាត់មិនក យួរកាបូបដើរយឺតចូលទៅក្នុងផ្ទះ មិនឲ្យស្ត្រីចំណាស់ទាំងពីរកើតសង្ស័យម្ដេចនឹងកើត?
មីងសែម លាន់មាត់សាជាថ្មីដោយកិរិយាគោរពខ្លាចចិត្ត៖
«អ្នកនាងពៅមិននៅទេ ប៉ុន្តែយប់ណាស់ហើយអ្នកនាងសក្ខណាសម្រាន្តនៅទីនេះហើយ កុំចេញទៅណាទៀត!»
សក្ខណា លាន់មាត់តបវិញខ្សឹបៗព្រោះគ្មានកម្លាំងកំហែង៖
«មីង ខ្ញុំសូមគេងនៅបន្ទប់ពៅបញ្ញាហើយ!»
ស្ត្រីចំណាស់តបវិញដោយគោរពឱនលំទោន៖
«ចាស! អញ្ជើញអ្នកនាង! ម៉ោះខ្ញុំជួយយកកាបូបទៅ!»
«មិនបាច់ទេមីងយប់ជ្រៅហើយ! មីងនាំគ្នាទៅសម្រាន្តចុះ បន្ទប់ពៅបញ្ញា ខ្ញុំស្គាល់ច្បាស់!»
ស្រីតូចដើរយឺតឆ្ពោះទៅជាន់ទីមួយ។ អ្នកបម្រើនាំគ្នាបិទភ្លើងភ្លឹប ពីក្រោយខ្នងធ្វើឲ្យផ្ទះដ៏ធំដែលស្ងាត់ជ្រងំស្រាប់ទៅហើយនោះ កាន់តែស្ងាត់លើសមុនទៅទៀត ព្រោះងងឹតស្លុប។
ជើងនាងឈានស្រាលលើកម្រាលព្រំតម្រង់ទៅបន្ទប់ប្អូនស្រីម្ដាយទីទៃ ចៃដន្យអីទ្វារបន្ទប់មិនបានបិទជិតឡើយ។ នាងជ្រួញចិញ្ចើមរេភ្នែកសម្លឹងទៅខាងក្នុងដែលស្ទើរងងឹតស្ទើរភ្លឺ ព្រោះអ្នកដែលកំពុងនៅខាងក្នុងបន្ទប់ហាក់គ្មានចេតនាបើកភ្លើង បំភ្លឺពេញទំហឹងទេ។
តាមប្រឡោះប្រមាណបីធ្នាប់ ដៃស្រីតូចឃើញខ្នងបុរសម្នាក់កំពុងឈរអានអ្វីម្យ៉ាងមានសណ្ឋានដូច ជាសន្លឹកក្រដាសច្រើនសន្លឹក ដោយបែរមុខទៅរកមាត់បង្អួច។
ដោយសារជួបបុរសនេះកាលណាមានរឿងក្ដៅចិត្តកាលនោះ ដូច្នេះនាងនៅចំណាំគេបាន។
ស្រីតូចដកថយចេញពីទីនោះទាំងចោទសួរក្នុងចិត្តខ្លួនឯងស្ងាត់ៗ៖
«យើងពិបាកចិត្ត រហូតដល់ច្រឡំបន្ទប់ពៅបញ្ញា?»
នាងដើរបកក្រោយឆ្ពោះមកកាន់កាំជណ្ដើរវិញ ស្របពេលអ្នកបម្រើស្រីដដែលលើកភេសជ្ជៈមួយកែវមកដល់។
សក្ខណាពោលសួរខ្សឹបៗទាំងមួហ្មង៖
«ហើយមីង? ម្នាក់ហ្នឹងដល់ថ្នាក់មកនៅផ្ទះនេះហើយអ្ហេះ?»
ដំបូងអ្នកបម្រើរៀងឡិងឡង់មិនដឹងនាងចង់សំដៅលើអ្នកណា តែបន្ទាប់មកគាត់ក៏នឹកឃើញដល់ជំនួយការរិទ្ធិ ដែលទើបតែត្រលប់មក ពីមន្ទីរពេទ្យ គាត់ឆ្លើយតបវិញ៖
«អូ ជំនួយការរិទ្ធិ? គាត់ទើបតែស្នាក់នៅផ្ទះនេះមួយរយៈពេលដែលលោកឧកញ៉ាធ្លាក់ខ្លួនឈឺ ព្រោះអ្នកនាងពៅយល់ថាយើងមិនមានមនុស្សប្រុសគ្រាន់នឹងបានពឹង ពាក់!»
សក្ខណាខាំមាត់ព្រោះទទួលអារម្មណ៍ថាធុញទ្រាន់ សូម្បីតែឮឈ្មោះបុរសនេះ។ នាងទទួលកែវទឹកពីដៃអ្នកបម្រើហើយដេញគាត់ឲ្យទៅសម្រាកសាជាថ្មី។
សក្ខណាបែរក្រោយដើរត្រលប់មករកបន្ទប់គេងវិញ ហើយមិនខ្ចីទាំងងាកមើលបន្ទប់ពៅបញ្ញាដែលរិទ្ធិកំពុងមានវត្តមាននៅ ទីនោះ ដើម្បីស្វែងរកភស្តុតាងនៃគម្រោងការរតនៈសោភ័ណ។
ដូច្នេះនាងបង្ហួសទៅកាន់បន្ទប់ផ្សេងមួយទៀត ដែលតាមពិតទីនោះទើបបន្ទប់ជាបន្ទប់របស់ជំនួយការនេះ។
ក្នុងភាពធ្លាក់ទឹកចិត្តនិងល្វើយហួសហេតុនាងបិទទ្វារទៅវិញ ដោយមិនខ្ចីទាំងចុចភ្លើងបើក ពន្លឺភ្លើងជះពីខាងក្រៅមកតាមចន្លោះវាំងននមាត់បង្អួច ដែលបិទមិនទាន់ជិតបានបង្ហាញគ្រែដំណេកធំច្រងាងមួយ នាងបោះកាបូបទៅលើគ្រែនោះហើយទាញវាំងននបិទបង្ហើយ ធ្វើឲ្យផ្ទៃបន្ទប់ទាំងមូលទៅជាងងឹតសូន្យសុង។
សក្ខណាទម្រេតខ្លួនទៅលើគ្រែទាញភួយដណ្ដប់ មិនរវល់សូម្បីតែថាក្លិនទឹកអប់សេសសល់ក្នុងបន្ទប់នេះ មិនមែនជាក្លិនមនុស្សស្រីក៏ដោយ។ ពេលវេលារំលងទៅក្នុងភាពទុក្ខសោកនិងស្ងាត់សូន្យឈឹង សក្ខណាលង់លក់សន្សឹមៗនៅក្រោមការបបោសអង្អែលដោយចំហាយម៉ាស៊ីន ត្រជាក់។ នាងមិនបានដឹងទេថា ម្ចាស់បន្ទប់ពិតប្រាកដកំពុងដើរវិលត្រលប់មកវិញទាំងហត់នឿយនិងរក កន្លែងសម្រាកដូចគ្នា។
អ្នកប្រុសទីពីរ ហួត ខេមរិទ្ធិ ដែលតឹងតែងក្ដុកក្ដួលចិត្តពេញមួយថ្ងៃ ក្រោយពីបានដឹងការពិតនៃប្រវត្តិដ៏ក្រៀមក្រំរបស់គម្រោងធុរកិច្ច មានតែឈ្មោះគ្មានការពិតនោះ គេប្រាស់ខ្លួនទៅលើគ្រែដូចសព្វដងក្នុងពេលរាងកាយទាំងមូលពិតជា ហត់នឿយដល់កម្រិត ប៉ុន្តែខួរក្បាលនៅច្របូកច្របល់ជាមួយបញ្ហាជាច្រើនជំពូក។
គេខំធ្មេចភ្នែកបង្ខំរាងកាយឲ្យសម្រាក…។
ពីរបីនាទីរំលងទៅដៃអ្នកណាម្នាក់ទន់ល្មើយលើកគងមកលើខ្នងគេ ធ្វើឲ្យភ្នែកអ្នកប្រុសទីពីរដែលខំសម្ងំបិទបើកខ្វាកមកវិញដោយ ស្វ័យប្រវត្តិ…..
ជួបរឿងជាច្រើនពេញមួយថ្ងៃបេះដូងនៅញាប់ញ័រមិនទាន់បាត់បែរជា កណ្ដាលរាត្រីងងឹត ហើយក្នុងទីដំណេកខ្លួនឯងផ្ទាល់ ស្រាប់តែទទួលអារម្មណ៍ថាមានមនុស្សម្នាក់ផ្សេងទៀតកំពុងមានវត្តមាន ក្បែរ តើប្រតិកម្មបែបណាដែលគេនឹងបញ្ចេញឡើងក្នុងពេលនេះ?។
អ្នកប្រុសទីពីររបស់ ហួត ស៊ីវ បែរក្រោយរហ័ស ដូចផ្លេកបន្ទោរហើយយាជើងធាក់រាងកាយដែលនៅពីក្រោយខ្លួនរបូតខ្ពាក ទៅលើឥដ្ឋ។
កុំភ្លេចអានហើយទស្សនាផង! យប់នេះម៉ោង១៩និង៥០នាទី លើកញ្ចក់ទូរទស្សន៍ភីអិនអិន!
ដោយ៖