© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នេះ ស្ថានីយទូរទស្សន៍ភីអិនអិន នឹងពាំនាំនូវរឿងភាគខ្មែរថ្មីសន្លាងមួយទៀតហើយ មកបម្រើអារម្មណ៍ទស្សនិកជនដែលមានចំណងជើងថា «បេះដូងអ្នកក្រ»។ តារាសម្តែងក្នុងរឿងនេះបានប្រមូលផ្តុំនូវតារាជើងចាស់ ជើងថ្មី រួមគ្នាបង្ហាញនូវផ្ទាំងទស្សនីយភាពជក់ចិត្ត ល្អមើល តាំងពីដើមរហូតដល់ចប់។ ក្រឡេកមកមើលតារាដែលគ្រងដំណែងជាតួឯកស្រីក្នុងរឿងនេះគឺកញ្ញា សឹម ស្រីនិច្ច សម្តែងជាតួអង្គនាង កែវ ដែលមានអត្តចរឹត រឹងមាំ កាច ឆ្នាស់ រហ័សរហួន។ចំណែកតារាសម្តែងប្រុសគឺលោក ឡៅ បញ្ញា សម្តែងជាតួនាយ វ៉ា ដែលមានចរឹត រួសរាយ ស្លូតបូត អត្តចរឹតល្អ និងច្រឡឺម ប៉ុន្តែ វ៉ា គឺជាកូនអ្នកក្រ ទើបធ្វើអោយគ្រប់គ្នា ហាក់មិនពេញចិត្តនឹងគេ។ ក្រៅពីនេះក៏នៅមានតារាសម្តែងប្រុសស្រីជាច្រើនដួងទៀត សុទ្ធសឹងតែជាតារាដែលមានទេពកោសល្យក្នុងការសម្តែង។
រឿង បេះដូងអ្នកក្រ រៀបរាប់ពីកំលោះក្រមុំមួយគូ ដែលស្គាល់គ្នាតាំងពីនៅតូចៗ ព្រោះតែពួកគេរស់នៅក្នុងភូមិតែមួយ។ វ៉ា និង កែវ ពួកគេទាំងពីរ គឺជាគូជម្លោះជាមួយគ្នាតាំងតែពីនៅតូចៗ រហូតអ្នកដែលនៅជុំវិញខ្លួន បានបង្អាប់ពួកគេទាំងពីរនាក់ថាធំឡើងអោយវ៉ាចូលដណ្តឹងកែវធ្វើជាប្រពន្ធ ប៉ុន្តែវ៉ាប្រកែកជាដាច់ខាតថានឹងមិនដណ្តឹងកែវធ្វើជាប្រពន្ធឡើយ។
ឈ្លោះគ្នាមិនលែងបែបនេះ តើអាចក្លាយជាស្នេហាបានដោយរបៀបណា? បើចង់ដឹងច្បាស់កុំភ្លេចរង់ចាំតាមដានទស្សនារឿង «បេះដូងអ្នកក្រ» ដែលនឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃអង្គារទី១២ ខែសីហា ខាងមុខនេះ ចាប់ពីវេលាម៉ោង ៨ ដល់ម៉ោង ៩យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។
ដោយ៖ វ៉ាន់ណែត