© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
អ្នកប្រដាល់ដៃធ្ងន់ដូចដែក នី នរសុធី នាថ្ងៃអាទិត្យសប្តាហ៍នឹងចូលខ្លួនមកប្រកួតក្នុងនាមជាគូឯកប្រចាំកម្មវិធី Ganzberg Kun Khmer Super Strike ដោយត្រូវតតាំងកណ្តាប់ដៃជាមួយកីឡាករថៃ ស៊ីតា ឆ.ឆូកអាំនួយ។ ក្នុងនាមជាអ្នកប្រយុទ្ធគុនខ្មែរ នរសុធី បានបញ្ជាក់ពីការអង់អាចរបស់ខ្លួនដែលមិនខ្លបចខ្លាចចាញ់ច្រាបកីឡាករបរទេសឡើយ។ រូបគេបានទាំងសន្យាថានឹងនាំជោគជ័យជូនដល់ក្លឹបក៏ដូចជាអ្នកគាំទ្រវិស័យគុនខ្មែរផងដែរ។
ដោយឡែក គឿម សុវណ្ណឃីម ក៏ជាបេក្ខភាពប្រកួតបអន្តរជាតិផងដែរនៅក្នុងថ្ងៃអាទិត្យទី1មិថុនានេះដែរដោយរូបគេត្រូវប៉ះជាមួយអ្នកប្រដាល់ថៃ ឆឺតឆៃ ប៉.ចារ៉ឺនឆៃ។ ដូចដែលបងប្អូនដឹងរួចមកហើយថា សុវណ្ណឃីម មិនដែលញញើតកីឡាករបរទេសណាម្នាក់ទេទោះជាគូប្រកួតមានមាឌធំ កម្ពស់ ខ្ពស់ជាងយ៉ាងណាក៏ដោយ សំខាន់ឲ្យតែស្មើទម្ងន់គ្នាគឺគេចូលវ៉ៃមិនដកថយឡើយ។ ក្រោយពីហ្វឹកហាត់យ៉ាខ្ជាប់ខ្ជួន សុវណ្ណឃីម មានជំនឿចិត្តថាអាបញ្ចប់ការប្រកួតមួយនេះបាននៅមុនទឹកទី5 ឡើយ។
ក្រៅពីជើងខ្លាំងទាំង 2 រូបខាងលើពីកម្មវិធីក៏មានការប្រកួតគូពិសេស 3 គូទៀតដែរដែលមាន៖ រីគី កុំកុំ ប្រកួតជាមួយ ធន់ ចាន់សិទ្ធ, ខាំ ពិសិដ្ឋ ប្រកួតជាមួយ ឌឿន លីហេង និង ជ័យយ័នតៈ ចាន់រាជ ប្រកួតជាមួយ ប្រុស សំណាង ។ Ganzberg Kun Khmer Super Strike ប្រកួតនៅថ្ងៃអាទិត្យទី 1 មិថុនា នេះចាប់ពីវេលាម៉ោង 1 រសៀលតទៅនៅសង្វៀន PNN ព្រែកព្នៅ។ សូមពុកម៉ែបងប្អូនចូលរួមទស្សនាឲ្យបានច្រើនដើម្បីលើកស្ទួយនិងផ្តល់កម្លាំងចិត្តដល់អ្នកប្រយុទ្ធរបស់យើងទាំង 10 រូប។
ដោយ៖ ក្រុមកាងារកីឡាPNN