© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
អ្នកប្រដាល់គុនខ្មែររបស់ក្លឹប KKIF វ៉ាន់ វឿន ដែលបងប្អូនបានផ្តល់រហស្សនាមថាជាអ្នកលេងកាំភ្លើងភ្លោះបានត្រឡប់មកកាន់ការប្រកួតនៅសង្វៀន PNN Ganzbeg Kun Khmer Super Strike វិញហើយនៅរសៀលថ្ងៃអាទិត្យទី 22 ធ្នូនេះក្រោយពីអវត្តមានពីទីនេះមួយរយៈពេលកន្លងមក។ ការវិលមកវិញនាពេលនេះ វ៉ាន់ វឿន អតីតសិស្សប្រដាល់របស់លោកគ្រូតា សុខ វិជ័យ បានលើកឡើងថា រូបគេមានក្តីនឹករលឹកចំពោះសង្វៀននិងអ្នកគាំទ្រនៅទីនេះយ៉ាងខ្លាំង។ ក្រៅពីបានតាំងចិត្តផ្តួលគូប្រកួតជាកីឡាករថៃ សាយមុងឃុន ឲ្យបានមុនទឹកទី 5 ហើយនោះអ្នកប្រដាល់គុនខ្មែរវ័យ 25 ឆ្នាំរូបនេះក៏បានថ្លែងអំណរគុណដល់ PNN និង Ganzberg ដែលបានផ្តល់ឱកាសដល់ខ្លួនមកប្រកួតគូអន្តរជាតិដ៏សំខាន់នៅចុងសប្តាហ៍នេះ ជាពិសេសអរគុណដល់អ្នកគាំទ្រគុនខ្មែរគ្រប់រូបដែលតែងតែស្រឡាញ់និងគាំទ្រដល់រូបគេ ហើយគេប្តេជ្ញាថាប្រកួតឲ្យអស់ពីលទ្ធភាពរបស់ខ្លួនដែលមាន។
ក្រៅពី វ៉ាន់ វឿន យើងក៏មាន ធន់ អៀនឡេង ម្នាក់ទៀតដែរដែលនឹងត្រូវសាកកណ្តាប់ដៃជាមួយអ្នកប្រដាល់ថៃម្នាក់ទៀតគឺ នឹងភូស៊ីង ។ អៀនឡេង បាននិយាយឲ្យដឹងថា ឆ្លងតាមការហ្វឹកហាត់យ៉ាងខ្ជាប់ខ្ជួនដិតដល់នាពេលកន្លងមកនេះ គេនឹងមិនបារម្ភឬភ័យព្រួយសម្រាប់ការប្រកួតនេះឡើយ។ ដូចគ្នាទៅនឹង អ្នកលេងកាំភ្លើងភ្លោះ យ៉ាងដូច្នេះដែរ អ្នកប្រដាល់ការពារជាតិរូបនេះក៏បានថ្លែងអំណរគុណដល់បងប្អូនដែលជាអ្នកគាំទ្រក៏ដូចជា PNN និង Ganzberg ដែលតែងតែផ្តល់ឱកាសដល់ខ្លួនមកប្រកួតនៅទីនេះ។
សម្រាប់ការប្រកួតបីគូផ្សេងទៀត ខាំ ខ្លាតូច ត្រូវប៉ះជាមួយ ដែន ម៉េងតុង ជាគូបើកឆាក តាមពីក្រោយដោយជំនួបរវាង ធន់ សុវណ្ណរាជ និង ថេន អាត្នោត ខណៈដែល ជិន ចាង ប្រកួតជាមួយ ថា សារុន ជាគូពិសេសទី 4 របស់កម្មវិធី។ ជួបគ្នានៅថ្ងៃអាទិត្យនេះចាប់ពីវេលាម៉ោង 1 រសៀលតទៅ។ កុំភ្លេចបបួលមិត្តភក្តិបងប្អូនមកមើលជុំគ្នាផង ដើម្បីស្រែកហ៊ោលើកទឹកចិត្តដល់អ្នកប្រដាល់គុនខ្មែររបស់យើង។
ដោយ៖ ក្រុមកាងារកីឡាPNN