© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
«សួនសត្វភ្នំពេញសាហ្វារី» ដែលមានទីតាំងស្ថិតនៅ ភូមិព្រែកតារត្ន័ ឃុំព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានចាប់ដំណើរការសាកល្បងរហូតមកដល់ពេលនេះមានរយៈពេលជិតពីរខែមកហើយ ដោយទទួលបានការគាំទ្រពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
ដោយឡែកចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ «សួនសត្វភ្នំពេញសាហ្វារី» នឹងរៀបចំពិធីបើកសម្ពោធជាផ្លូវការ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
«សួនសត្វភ្នំពេញសាហ្វារី» មានសត្វជាច្រើនចម្រុះគ្នារហូតដល់ប្រមាណ ៨៩ប្រភេទ ដែលអាចអោយអ្នកទស្សនាបានប្លែកភ្នែក សប្បាយចិត្ត ថែមទាំងបានទស្សនានូវការសម្តែងពិសេសពីសត្វបួនប្រភេទរួមមាន៖ សត្វក្រពើ សត្វបក្សី សត្វខ្លា និងសត្វអ៊ូរ៉ង់អ៊ូតង់ជាដើម ដែលសុទ្ធសឹងតែត្រូវបានបង្ហាត់បង្រៀនដោយយកចិត្តទុកដាក់ពីគ្រូជំនាញ។
«សួនសត្វភ្នំពេញសាហ្វារី» ជាទីកន្លែងដំណើរកម្សាន្តថ្មីតែមួយគត់ និងមិនធ្លាប់មានពីមុនមកនៅទីក្រុងភ្នំពេញ ដែលអាចអោយភ្ញៀវទេសចរបង្កើតអនុស្សាវរីយ៍ល្អៗជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ ឬមនុស្សជាទីស្រឡាញ់ ថែមទាំងបានថតរូបដោយផ្ទាល់ជាមួយសត្វគ្រប់ប្រភេទ អាច
អោយចំណីសត្វ ទស្សនាការប្រណាំងជ្រូក ជិះទូកលេងកម្សាន្ត ថែមទាំងបានជិះរថភ្លើងទស្សនាជុំវិញតំបន់សួនសត្វផងដែរ។
«សួនសត្វភ្នំពេញសាហ្វារី» បើកជូនទស្សនារៀងរាល់ថ្ងៃចាប់ពីម៉ោង ០៩:០០ ព្រឹក – ១៧:០០ ល្ងាច ចំពោះតម្លៃសម្រាប់ចូលរួមទស្សនា ១៥ដុល្លារ សម្រាប់មនុស្សចាស់ និង៨ដុល្លារ សម្រាប់ក្មេង។ ទទួលយកភាពសប្បាយរីករាយទាំងអស់គ្នាជាមួយ «សួនសត្វភ្នំពេញសាហ្វារី»៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់៖
- លេខទូរសព្ទៈ 070 388 188
- អ៊ីម៉ែលៈ info@phnompenhsafari.com
ដោយ៖