© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ចាប់តាំងពីនរៈទទួលវីណាឲ្យចូលមករស់នៅក្នុងផ្ទះរបស់ខ្លួនមក គេចាប់ផ្តើមមានអារម្មណ៍ប្លែកទៅលើនាង ដោយសង្កេតមើលពីកាយវិការ ពាក្យសម្តីរបស់វីណាស្ទើតែដូចទាំងស្រុងទៅនឹងមេត្តាប្រពន្ធមុនរបស់ខ្លួន។ នេះដោយសារតែ វីណា នាងបានព្យាយាមធ្វើយ៉ាងណា ទាញនរៈឲ្យត្រឡប់ថយក្រោយវិញ ហើយចងចាំអ្វីៗដែលធ្លាប់ធ្វើជាមួយនឹងមេត្តា។
លីតា នាងធ្លាប់តែទទួលបានភាពកក់ក្តៅ និងការយកចិត្តទុកដាក់ពីនរៈ ប៉ុន្តែពេលនេះ ពីមនុស្សប្រុសម្នាក់ដែលធ្លាប់តែញញឹមដាក់ប្រពន្ធកូន ប្រែទៅជាចាប់អារម្មណ៍ទៅលើស្រីផ្សេងទៅវិញ។ ចំណែកឯនីរ័ត្នវិញ ថ្វីត្បិតតែគេនៅក្មេង តែគេអាចដឹងថាអ្វីល្អ និងអ្វីអាក្រក់បាន។ នាងតូច នីរ័ត្នមិនចូលចិត្តឬកពាររបស់វីណាឡើយ មើលទៅនាងហាក់ដូចជា សម្តែងទឹកចិត្តចេញមក ល្អតែខាងក្រៅតែប៉ុណ្ណោះ។
នៅថ្ងៃនោះ បន្ទាប់ពីនរៈចេញទៅធ្វើការ នីរ័ត្ននាងមានអាការៈក្តៅខ្លួនខ្លាំង រហូតត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ វីណា ដឹងបែបនេះ នាងធ្វើពុតជាមានបញ្ហា ឃាត់ដំណើរនរៈមិនឲ្យទៅមើលកូននៅឯមន្ទីរពេទ្យ។
ការផ្លាស់ប្តូរចិត្ត និងក្តីស្រឡាញ់បន្តិចម្តងៗ ធ្វើឲ្យលីតា នាងចាប់ផ្តើមសង្ស័យពីប្តីរបស់ខ្លួន ក៏ព្រោះតែវត្តមានរបស់វីណាចូលមករស់នៅក្នុងគ្រួសាររបស់នាង។ តើមនុស្សស្រីដែលស្លូតត្រង់ដូចជាលីតា ព្រមនៅទ្រាំឈរមើលរូបភាពផ្អែមល្ហែម រវាងប្តី និងស្រីរស់ក្រោមដំបូលតែមួយគ្នាឬយ៉ាងណា? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «អ្នកម៉ាក់វ័យក្មេង វគ្គពីរ» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៨ យប់ ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍៕
ដោយ៖ សិរីរដ្ឋ