© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
សង្វៀនប្រដាល់គុនខ្មែរ BOOSTRONG KING OF POWER KUNKHMER របស់ស្ថានីយទូរទស្សន៍ PNN កាន់តែកក្រើកទៀតហើយនាដើមខែកញ្ញានេះ ជាមួយនឹងការប្រកួតលក្ខណៈអន្តរជាតិដ៏កក្រើកចំនួនពីរគូ និងការប្រកួតរវាងជើងខ្លាំងគុនខ្មែរប៉ះគុនខ្មែរយ៉ាងជក់ចិត្តចំនួនបីគូបន្ថែមទៀតផងដែរ។
សម្រាប់ការប្រកួតគុនខ្មែរដ៍ជក់ចិត្តក្នុងសប្ដាហ៍ទី៤២ នាថ្ងៃសៅរ៍ ទី៦ ខែកញ្ញា ឆ្នាំ២០២៥នេះ មានសមាសភាពកំពូលជើងខ្លាំងៗឡើងមកបញ្ចេញស្នៀតគុនអង្រួនសង្វៀន BOOSTRONG KING OF POWER KUNKHMER ក្នុងការប្រកួតមិត្តភាពអន្តរជាតិមានដូចជា ជើងខ្លាំងគុនខ្មែរដែលជាម្ចាស់ខ្សែក្រវាត់ GANZBERG ជិន ចាងនឹងត្រូវប៉ះដៃគូថ្មីមកពីប្រទេសអ៊ីរ៉ង់ មហាម៉ាត់រ៉េហ្សា ហ្គោហ្ស៊ីន អ្នកទាំងពីរណាត់គ្នាលើប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម រីឯអ្នកប្រដាល់ចិត្តសឿងដៃធ្ងន់ជង្គង់ល្អ ធន់ ចេស្ដា របស់ក្លិបប្រដាល់ធន់សុភាគុនខ្មែរ នឹងត្រូវប៉ះជើងខ្លាំងមកពីប្រទេសអ៊ូបេគីស្ថាន ម៉ាម៉ាត់សារីពូវ អាសាតបេក ដែលការប្រកួតនឹងធ្វើឡើងលើប្រភេទទម្ងន់ ៦០គីឡូក្រាម ចំពោះការប្រកួតមិត្តភាពអន្តរជាតិទាំងពីរគូខាងលើនេះប្រព្រឹត្តទៅលើលក្ខន្តិកៈគុនខ្មែរប្រាំទឹក ក្នុងមួយទឹកមានរយៈពេលបីនាទី។
ចំណែកឯការប្រកួតលក្ខណៈមិត្តភាពគុនខ្មែរយ៉ាងជក់ចិត្តបីគូផ្សេងទៀតនោះមាន ឡុង សំណាងរបស់ក្លិបប្រដាល់វិបុលដារិទ្ធខណ្ឌពោធិ៍សែនជ័យ នឹងត្រូវប្រកួតជាមួយជើងចាស់ ថា សារុន ចំណែកឯអ្នកប្រដាល់វ័យក្មេង ខាំ មេឃា ត្រូវល្បងស្នៀតជាមួយព្រឹក សម្ផស្សមកពីក្លិបតាឡីដំរីមានរិទ្ធ ខណៈដែលគូបើកឆាកជាការប៉ះគ្នារវាង ដៀម ជីយាម មកពីក្លិបប្រដាល់វិបុលដារិទ្ធខណ្ឌពោធិ៍សែនជ័យ និងធន់ រ៉ាស្មាច់មកពីធន់សុភាគុនខ្មែរ ចំពោះការប្រកួតមិត្តភាពជាតិទាំងបីគូនេះប្រព្រឹត្តទៅលើលក្ខន្តិកៈគុនខ្មែរបីទឹក ក្នុងមួយទឹកមានរយៈពេលបីនាទី។
សូមប្រិយមិត្តចូលរួមធ្វើជាសាក្សីនៃការប្រកួតដ៏កក្រើកអស្ចារ្យនេះ ដោយចូលរួមទស្សនាឱ្យបានច្រើនកុះករ ដែលការប្រកួតនឹងចាប់ផ្ដើមផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ៥:៣០នារីរល្ងាចតទៅ ដែលនឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុកផេក, ទំព័រយូធូប PNN Sports ហ្វេសបុក Boostrong និង App PNN PLUS។ ម្រាប់បងប្អូនដែលទស្សនាតាមទូរស័ព្ទដៃសូមកុំភ្លេចស៊ែចែករំលែកផងណាដើម្បីចែករម្លែកការប្រកួតគុនខ្មែររបស់យើងទៅកាន់ពិភពលោកឱ្យពិភពលោកកាន់តែស្គាល់ថែមទៀត។
ដោយ៖ ក្រុមកាងារកីឡាPNN