© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
«ទំហំស្នេហ៍ហិមាល័យ» ដែលជាខ្សែរឿងកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បង្ហាពីជីវិតក្មេងប្រុសបងប្អូនបង្កើតពីរនាក់ កើតមកក្នុងត្រកូលអភិជន ប៉ុន្តែត្រូវរសាត់អណ្តែត បែងចែកវាសនាខុសគ្នាដូចមេឃ និងដី។ រយៈពេលជាច្រើនឆ្នាំ ដែលពួកគេបានធំធាត់ឡើង ហើយក៏ជាពេលមួយដែលគេអាចជួបនឹងគូជីវិតរៀងៗខ្លួនបាន។
វាដូចជាចៃដន្យ ដែលព្រហ្មលិខិតបានចារមកឲ្យបងប្អូនប្រុសទាំងពីរនេះ មានស្នេហាចំលើមនុស្សស្រីតែម្នាក់ទៅវិញ។ ដានីកា គឺជាមនុស្សស្រីដែលមានចរិតស្លូតបូត សុភាពរាបសារ និងមានការរស់នៅបែបថ្លៃថ្នូរ ក្នុងគ្រួសារអ្នកមាន។
សាន់តារា ជាបងប្រុស ដែលតែងតែផ្តល់កម្លាំងចិត្តដល់ដានីកា មិនថា ពេលនាងជួបទុក្ខលំបាក ឬរីករាយនោះទេ។ សាន់តារា និង គិរី មានចិត្តតែមួយ គឺស្រឡាញ់ដានីកាដូចគ្នា ប៉ុន្តែសាន់តារា ក្នុងនាមជាបងប្រុស សុខចិត្តដកចិត្តចេញពីមនុស្សស្រីដែលប្អូនស្រឡាញ់ ក៏ព្រោះតែចង់ឲ្យគិរី ចាកចេញពីការងារជាមួយឪពុកចុងរបស់ដានីកា ដែលជាមនុស្សរកសុីផ្លូវងងឹត។
ទោះជាយ៉ាងណា ដានីកា បានលួងលោមសាន់តារា ត្រឹមតែពាក្យមួយមាត់ថា នាងនឹងនៅក្នុងរង្វង់ដៃរបស់សាន់តារាជានិច្ច ហើយនឹងមិនទៅណាចោលគ្នានោះឡើយ។ សាសន់តារា លឺបែបនេះ ប្រៀបដូចជា ឱសថទិព្វព្យាយបាលរបួសផ្លូវចិត្តគេ ឲ្យធូរស្បើយ ពីបញ្ហាផ្ទាល់ខ្លួនផង បញ្ហា គ្រួសារផង។ សាន់តារា គឺជាមនុស្សប្រុសដែលយកចិត្តទុកដាក់ចំពោះដានីកា ហើយអំពើល្អរបស់គេ បានឆក់យកបេះដូងដានីកាឲ្យមានចិត្តអាណិតអាសូរមកលើខ្លួនវិញ។ នៅថ្ងៃដែល ម្តាយរបស់ដានីកា ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែឪពុកចុងនាងដាក់ថ្នាំ ពេលនោះ សាន់តារា បានការពារ និងជូនដានីកាទៅមើលម្តាយ ដោយមិនឲ្យសុីការីនធ្វើបាប និងប៉ះពាល់លើដានីកាជាដាច់់ខាត។ ដានីកា បានផ្តល់កម្លាំងចិត្តឲ្យសាន់តារា ដើម្បីប្រឈមមុខចំពោះបញ្ហាដែលកើតមានមកលើខ្លួន ហើយហ៊ានតតាំងនឹងមនុស្សអាក្រក់ ឃោរឃៅដូចជា ឪពុករបស់របស់ដានីកា គឺសុីការីន។
តើចុងក្រោយ រវាង សាន់តារា និងគិរី ដានីកា នឹងរើសយកម្នាក់ណា ហើយ គិរី និងបងប្រុសរបស់គេ នឹងមានរឿងអ្វីកើតឡើង ចំពោះគ្នា ដោយសារតែស្រីម្នាក់? សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «ទំហំស្នេហ៍ហិមាល័យ» ដែលមានផ្សាយជូនទស្សនាពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាច ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ