© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
កម្មវិធីប្រកួតប្រជែងសមត្ថភាពរបស់ប្អូនៗកុមារ តូច ខ្លឹម ខ្លាំង ដែលកំពុងតែមានវត្តមាន ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បាននឹងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ហ្វេនៗ ជាពិសេស អាណាព្យាបាលប្អូនៗដែលជាបេក្ខជន ទៀតផង។
បេក្ខជន ប្អូនៗកុមារជាច្រើន បានប្រកួតប្រែង បញ្ចេញនូវសមត្ថភាព ទេពកោសល្យរបស់ខ្លួន ដែលទទួលបាននូវប្រាក់រង្វាន់ជ័យលាភីត្រឡប់ទៅផ្ទះវិញ ជាមួយនឹងទឹកមុខរីករាយ។ ភាគច្រើន ប្រាក់រង្វាន់ដែលទទួលបាន ប្អូនៗនឹងយកទៅទិញសម្ភារៈសិក្សា ក៏ដូចជារបស់ដែលខ្លួនត្រូវការចាំបាច់ ដើម្បីជាជំនួយដល់ការសិក្សារបស់ពួកគេ។ ដោយឡែក កុមារា តូនី ដែលជាបេក្ខជនជ័យលាភីមួយនៅក្នុងកម្មវិធីតូច ខ្លឹម ខ្លាំង ប្រកួតប្រជែងលើសមត្ថភាពគំនូរ 3 D យ៉ាងប៉ិនប្រសប់ បានធ្វើឲ្យគណៈកម្មការរំភើបចិត្តយ៉ាងក្រៃលែង ដោយពីប្អូនបានរៀបរាប់ប្រាប់ពី គោលបំណងដែលប្អូនយកប្រាក់រង្វាន់នោះទៅប្រើប្រាស់។
កុមារា តូនី បានបង្ហាញពីទឹកចិត្តរីករាយ ពេញចិត្តនឹងជ័យលាភីរបស់ខ្លួន ហើយជាមួយគ្នានេះដែរ ប្អូនបានប្រកាស់យ៉ាងក្តែងៗដែរថា សម្រាប់ប្រាក់រង្វាន់នេះ ប្អូននឹងធ្វើការបរិច្ចាគទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចែករំលែកនូវក្តីស្រឡាញ់ទៅដល់កុមារៗតូច ដែលកំពុងតែត្រូវការការព្យាបាល។
ប្រាក់រង្វាន់ដែល កុមារា តូនី ទទួលបាននៅក្នុងកម្មវិធី តូច ខ្លឹម ខ្លាំង គឺមានចំនួន ១ លាន ២០ ម៉ឺនរៀល ដែលនេះជាសមិទ្ធផលជ័យលាភីគួរឲ្យស្ងប់ស្ងែង បានមកពីការបញ្ចេញអនូវចំណេះដឹង និងភាពឈ្លាសវៃ ពីការគូររូប 3 D ដែលអាចនិយាយបានថា មានកុមារតូចៗជាច្រើននាក់ ពិបាកនឹងធ្វើបានដូចជារូបប្អូនណាស់។ យ៉ាងណាមិញ នេះជាទឹកចិត្តដ៏ល្អប្រពៃរបស់ កុមារាតូនី ដែលបង្ហាញពីគុណធម៌ និងមនុស្សធម៌នៅក្នុងកិច្ចការសង្គម ហើយក៏ជាគំរូដ៏ល្អ សម្រាប់ប្អូនៗកុមារផ្សេងទៀត ក្នុងការចែករំលែកស្នាមញញឹមទៅឲ្យគ្នាទៅវិញទៅមក។
សូមទស្សនិកជន បន្តការគាំទ្រ កម្មវិធី តូច ខ្លឹម ខ្លាំង ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅរៀងរាល់ថ្ងៃ អាទិត្យ វេលាម៉ោង ១១ ព្រឹក៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ