© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ឆាកល្ខោនស្នេហា បោកប្រាស់របស់កំពូលព្រាននារី លោក វឌ្ឍនៈ បានកំពុងតែចាក់ដោតយ៉ាងខ្លាំង ទៅដល់អារម្មណ៍ទស្សនិកជន ដែលកំពុងតែតាមដានទស្សនាសាច់រឿង ភាគខ្មែរ គឺរឿង« អ្នកទីបី»។ ចេនី ដែលជាមនុស្សស្រីរងគ្រោះ ព្រោះតែនាយ វឌ្ឍនៈ បោកប្រាស់ទាំងផ្លូវចិត្ត និងផ្លូវកាយ ដើម្បីតែតម្រូវការតណ្ហាស្នេហាមួយឆាវ។ អំណាចទឹកប្រាក់ អាចបង្ខំចិត្តឲ្យចេនីឈប់ខ្វល់ខ្វាយអ្វីទាំងអស់ សូម្បីតែការអប់រំទូន្មានពីគ្រួសារ។
វាពិតជាពិបាកខ្លាំងបំផុត សម្រាប់ស្នេហាមួយដែលមានមនុស្សរហូតដល់ទៅបីនាក់ ។ តួយ៉ាង ដូចជា តួអង្គ នាយវឌ្ឍនៈ ទាំងដឹងហើយថា ខ្លួនមានប្រពន្ធ ប៉ុន្តែនៅរាយមន្តស្នេហ៍ ធ្វើបាបចិត្តមនុស្សស្រីផ្សេងទៀតទៅវិញ។ ក្រោយពីរឿងរ៉ាវ ត្រូវបានបែកធ្លាយ ចេនី នាងមានអារម្មណ៍ឈឺចាប់ ហើយចង់ចែកផ្លូវពី លោក វឌ្ឍនៈ ដើម្បីបញ្ចប់រឿងឈ្មោះ ស្រីដណ្តើមប្តីគេ។ ចំណែកឯ ប្រពន្ធរបស់ វឌ្ឍនៈវិញ ក៏មានចិត្តប្រច័ណ្ឌ ហួងហែងប្តីកាន់តែខ្លាំង។ ដំណោះស្រាយដ៏ល្អ សម្រាប់កំពូលព្រានារី វឌ្ឍនៈ គឺថែមទាំងអាចយកបានចិត្តប្រពន្ធ និងស្រីស្នេហ៍ខ្លួនបានថែមទៀតផង ។ នាយវឌ្ឍនៈ បាននិយាយលួងលោម ប្រពន្ធ ឲ្យព្យាយាមទប់ចិត្ត ព្រោះចេនី អាចនាំប្រយោជន៍ដល់ក្រុមហ៊ុនរបស់ខ្លួន ។
ដូចនេះហើយ ទើបបានជា វិជ្ជដា ជាប្រពន្ធ នាងក៏យល់ស្រប ហើយក៏បណ្តោយឲ្យដំណើររឿងទៅមួយឆវសិន។ ក្រោយពីនេះទៀត វឌ្ឍនៈ ក៏បាន អូសទាញចិត្ត ចេនីឲ្យត្រឡប់មកស្រឡាញ់ខ្លួនវិញ ដោយអះអាងថា ខ្លួនអស់ចិត្តនឹងប្រពន្ធហើយ គ្រាន់តែមិនទាន់អាចលែងលះបានសម្រេច។ ចេនី ហាក់ដូចជា ទន់ចិត្តទៅលើពាក្យសម្តីអស់ទាំងនេះ ហើយនៅបន្តទំនាក់ទំនង បន្តទៀត។
បើទាំងស្រីស្នេហ៍ ទាំងប្រពន្ធ យល់ព្រមទទួលយកវឌ្ឍនៈវិញ តើដំណើរសាច់រឿង« អ្នកទាំងបី» នឹងទៅជាយ៉ាងណាបន្តទៀត? ទាំងអស់នេះ នឹងបកស្រាយនៅក្នុងឈុតឆាកនៃភាគបន្ទាប់ នៅក្នុងរឿង «អ្នកទីបី »មានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៨ យប់ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ