© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពិតជាគួរឲ្យមានអារម្មណ៍អាណិតអាសូរ ចំពោះ មារតី តួអង្គ ប្រពន្ធរបស់វិជ្ជបុត្រ យ៉ាងខ្លាំង នៅក្នុងរឿង« កាំបិតមុខពីរ »ដែលបានរៀបរាប់បង្ហាញពីជីវិតគ្រួសារដែលគ្មានភាពកកក់ក្តៅ។ ដើម្បីតែមិនចង់មានឈ្មោះ ជាស្រីមេម៉ាយ រៀបការម្តងហើយម្តងទៀត ទើប មារតី សម្រេចចិត្តស៊ូទ្រាំ លេបថ្ម លេបគ្រួស នឹងស្វាមីដែលមានចរិតដូចជាវិជ្ជបុត្រ ។ មារតី បានលះបង់ទាំងពេលវេលា ទាំងទឹកចិត្ត និងបេះដូង ព្រមទាំងដោះស្រាយបញ្ហាគ្រប់បែបយ៉ាង ដែលវិជ្ជបុត្របានចងជាមួយនឹងស្រីខាងក្រៅ រួចរាល់ ប៉ុន្តែរឿងបន្ទាប់ ដែលកាន់តែធ្វើឲ្យមារតី ឈឺលើសដើម គឺ វិជ្ជបុត្រ បានធ្វើរឿងដ៏អាម៉ាស់ នៅក្នុងផ្ទះទៅវិញ។
នាង ចាន់ ដែលត្រូវជាបងប្អូនជីដូនមួយរបស់ វិជ្ជបុត្រ ត្រូវបានផ្លាស់មករស់នៅទីក្រុង ហើយធ្វើជាអ្នកបម្រើនៅក្នុងផ្ទះ ជាមួយនឹងមារតីតែម្តង។ ចាន់ ជាក្មេងស្រីស្រស់ស្អាតម្នាក់ ហើយនៅក្មេងទៀត ដែលជាមន្តស្នេហ៍ទាក់ទាញក្រសែភ្នែកវិជ្ជបុត្រ ឲ្យចាប់ចិត្តស្រឡាញ់។ ចាប់តាំងពី ថ្ងៃដែល ចាន់បានមករស់នៅក្នុងផ្ទះមក វិជ្ជបុត្រ តែងតែបបួល នាងទៅដើរលេងនៅខាងក្រៅ លាក់កំបាំងពីភ្នែកមារតី និងប៉ាម៉ាក់។ នៅថ្ងៃមួយ ដែលមារតីនាងមិនស្រួលខ្លួន ក៏បានទៅពិនិត្យសុខភាពនៅឯមន្ទីរពេទ្យ ទុកឲ្យចាន់នៅចាំផ្ទះម្នាក់ឯង។
ឳកាសល្អបែបនេះ ក៏ជំរុញឲ្យវិជ្ជបុត្រពេលត្រឡប់មកផ្ទះវិញ ក៏បានចាប់បង្ខំឲ្យ ចាន់ គេងជាមួយខ្លួននៅក្នុងបន្ទប់គេងរបស់មារតីទៀតផង។ ជួនជាពេលនោះ មារតី ក៏ត្រឡប់មកពីមន្ទីរពេទ្យវិញ ក៏សំដៅដើរចូលទៅក្នុងបន្ទប់ ហើយបានឃើញរូបភាពដ៏គួរឲ្យអាម៉ាស់របស់វិជ្ជបុត្រ និងចាន់។
ចុងក្រោយ ដោយសារតែអស់ការស៊ូទ្រាំបន្តទៀត មារតីក៏សម្រេចចិត្ត រៀបចំសម្លៀកបំពាក់ ចាកចេញពីស្វាមីដែលគ្មានបេះដូងម្នាក់នេះ។ តើសាច់រឿង អ្នកទាំងពីរ នឹងទៅជាយ៉ាងណា ហើយវិជ្ជបុត្រអាចនឹងត្រឡប់មកសុំទោសស មារតីវិញដែរទេ? ទាំងអស់នេះ មាននៅក្នុងរឿង« កាំបិតមុខពីរ» ផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៧ យប់ ចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ