© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជាមួយនឹងដំណើរសាច់រឿងភាគខ្មែរ ដែលបានបង្ហាញពីជីវិតព្រាត់ប្រាស់របស់គូស្នេហ៍ដ៏កម្សត់មួយគូ រដ្ឋា និងភារិន្ទ ក៏បានបន្សល់ទុកនូវចំណងដៃកូនស្រីជាទីស្រឡាញ់ម្នាក់ គឺវិច្ឆិកា។ ដោយសារតែក្តីអំណត់តស៊ូ វិច្ឆិកា អាចបន្តការសិក្សានៅឯទីក្រុង ផ្នែកវិជ្ជសាស្ត្រ ដូចជាភារិន្ទ ឪពុកគេដែរ។ រយៈពេលជាង ២០ ឆ្នាំ ដែលវិច្ឆិកា ត្រូវរស់នៅជាក្មេងកំព្រា គ្មានមេបា ហើយទាំងមិនដែលបានស្គាល់មុខខឪពុកម្តាយរបស់នាងនោះទេ។ ឈាមរត់រកឈាម ជានិស្ស័យឪពុកកូន ជីដូន ចៅ ក៏បានបណ្តាលឱ្យវិច្ឆិកា បានចូលទៅកៀកនឹងគ្រួសាររបស់នាងដោយមិនដឹងខ្លួន។
អ្វីនៅតែជាឧបសគ្គ និងការឈ្នានីសមិនចេះឈប់ឈរនោះគឺ ការតាមព្យាបាទពី ផល្លីកា កូនប្រសារក្នុងត្រកូល ប្រាក់ ភាលី ដែលជាអ្នកបំផ្លាញនូវសុភមង្គលឪពុកកូន ម្តាយ ឱ្យព្រាត់បែកពីគ្នាទាំងអស់ ហើយខ្លួនឡើងធ្វើជាមេគ្រួសារ គ្រប់គ្រងទ្រព្យសម្បត្តិ មុខជំនួញវិញ។ ផល្លីកា មានកូនប្រុសម្នាក់ ឈ្មោះ សុក្រិត ដែលជាក្មេងប្រុស ចេះគោរពចា់ស់ទុំ មានចិត្តល្អ ខុសពីម្តាយរបស់គេ។ គេ ស្រឡាញ់ និងមើលថែជីដូនរបស់គេបានយ៉ាងខ្លាំង ហើយមិនតែប៉ុណ្ណោះ ថែមទាំងជួលវិច្ឆិកាឱ្យមកមើលថែលោកយាយរបស់គេទៀតផង។ ដោយមើលឃើញពីភាពស្និទ្ធស្នាលរវាង សុក្រិត និងវិច្ឆិកា កាន់តែខ្លាំងឡើង ផល្លីកា និងរ៉ូហ្សា ( ក្មួយស្រីរបស់នាង ) កាន់តែមានចិត្តច្រណែនឈ្នានីស មិនចង់ឱ្យសុក្រិត ទាក់ទង ស្រឡាញ់វិច្ឆិកាឡើយ។ ការពិត សុក្រិត ហាក់ដូចជាមាននិស្ស័យចូលចិត្តវិច្ឆិកា ហើយគេថែមទាំងលួចស្រឡាញ់នាងទៀតផង។ រ៉ូហ្សា ដែលជាមនុស្ស មានអំណួត ក្អេងក្អាង នឹងភាពមានបានរបស់ខ្លួននោះ បានឃុំឃិត និងញុះញង់ ឱ្យផល្លីកាកាន់តែមានចិត្តស្អប់វិច្ឆិកាបន្ថែមទៀត។
យ៉ាងណាមិញ តួអង្គ វិច្ឆិកា គឺមានចរិត និងទម្លាប់នៃចិត្តខុសពីរដ្ឋាម្តាយរបស់នាង ដែលមិនអាចឲ្យអ្នកណាម្នាក់ មកជិះជាន់ មើលងាយបានឡើយ។ ចុះ វិច្ឆិកា អាចទ្រំាទ្រ និងទប់ទល់នឹងអំពើអាក្រក់របស់ ផល្លីកា និងរ៉ូហ្សាបានដែរទេ? ហើយចុងក្រោយ តំណក់ឈាមរបស់ភារិន្ទមួយដំណក់នេះ នឹងបានស្គាល់នូវទ្រនុំពិតប្រាកដរបស់ខ្លួន ឬយ៉ាងណា? សូមទស្សនិកជន រង់ចាំទស្សនាតាមដាន ភាគបន្តបន្ទាប់ នៅក្នុងរឿង «សង្គ្រាមមរតក» ផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៨ យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ