© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
«សង្គ្រាមមរតក» ដែលជាភាពយន្តភាគខ្មែរដែលកំពុងតែមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ជារៀងរាល់សប្តាហ៍នោះ បាននឹងកំពុងតែអង្រួនអារម្មណ៍ទស្សនិកជន ឱ្យកាន់តែជក់ចិត្តទស្សនាខ្លាំងឡើងៗ។ ខ្សែជីវិតគូស្នេហ៍មួយគូដ៏កម្សត់ បានបន្តមកដល់កូនដែលជាតំណក់ឈាម សម្រាប់ចងសាច់រឿងទាំងមូលចេញជាច្រើនឈុតឆាក។ ក្នុងនោះ តួអង្គសំខាន់ៗដែលត្រូវមកសម្តែងបន្តពីនោះ រួមមាន សុក្រិត( កូនប្រុសតែម្នាក់គត់របស់លោក ប្រាក់ ភារុន និងអ្នកស្រី ផល្លីកា ) តួអង្គ វិច្ឆិកា ( កូនស្រីរបស់លោក ប្រាក់ ភារិន្ទ និងរដ្ឋា) តួអង្គ នាងអារីយ៉ា ( កូនស្រីរបស់ វណ្ណា និងនាយដែន) និងតួអង្គ នាង រ៉ូហ្សា ( កូនស្រីរបស់វាស ដែលជាប្អូនប្រុសរបស់ ផល្លីកា) ។
តួអង្គប្រុស ស្រី ទាំងបួននេះ នឹងបង្កើតជាចំណងបញ្ហាជាមួយគ្នាយ៉ាងចាក់ស្រេះ ដែលនោះ គឺជាសង្រ្គាមស្នេហា ដណ្តើមប្រុសតែម្នាក់។ សុក្រិត គឺជាបុរសដែលមានរូបសម្បត្តិ ស្រស់សង្ហា និងជាកូនអភិជន ដែលមនុស្សស្រីណាក៏ដោយ ក៏ប្រាថ្នាចង់បានជាគូ។ ផ្ទុយពី វិច្ឆិការ ថ្វីត្បិតតែនាងមានជីវិភាពក្រីក្រ កំព្រាឪពុកម្តាយ និងខ្វះខាតប្រាក់កាសក្នុងការរៀនសូត្រប៉ុនណា ក៏នាងហាក់ដូចជាមិនមានមោទនភាពនៃអ្វីដែលសុក្រិត មានឡើយ។
ដោយឡែក សម្រាប់ តួអង្គ នាងអារីយ៉ា ដែលត្រូវជាសាច់ឈាម ជីដូនមួយរបស់ វិច្ឆិការវិញ គឺបែរជាត្រេកត្រអាលនឹងរូបរាងរបស់សុក្រិត ហើយមានគំនិតចង់ទាក់ទងសុក្រិតធ្វើជាសង្សារទៀតផង។ សុក្រិត ជាបុរសសំបូរស្នេហ៍ សំបូរទ្រព្យធន ហើយត្រូវបានម្តាយឪពុកស្រឡាញ់ពេញចិត្ត ដែលរហូតធ្វើឱ្យម្តាយរបស់គេ ផល្លីកា មានបំណងចង់ផ្សំផ្គុំ រ៉ូហ្សា ដែលជាក្មួយស្រី ឱ្យទៅសុក្រិតថែមទៀត។ ទោះជាយ៉ាងនេះក្តី សុក្រិត ហាក់ដូចជាមិនចាប់អារម្មណ៍ទៅលើអារីយ៉ា និងរ៉ូហ្សាឡើយ។ នារីដែលគេមានចិត្តលួចស្រឡាញ់នោះ គឺបែរជាវិច្ឆិកាទៅវិញ ក៏ព្រោះតែភាពទន់ភ្លន់ ម៉ត់ចត់នឹងការងារ និងមានចរិតជាសុភាពនារី។ អ្វីដែលសំខាន់ សុក្រិត បានឃើញពីទង្វើល្អៗដែលវិច្ឆកា បានធ្វើចំពោះលោកយាយរបស់គេ។
តើនឹងមានរឿងអ្វីកើនឡើង បើម្តាយរបស់សុក្រិត អ្នកស្រីផល្លីកា ដឹងថា កូនប្រុសរបស់ខ្លួនទៅស្រឡាញ់មនុស្សស្រីដែលមានវណ្ណៈតូចទាបជាងខ្លួនដូចមេឃ និងដីនោះ? ហើយស្នេហាដែលមានតែការប្រជែង ច្រណែនឈ្នានីសនេះ នឹងទៅជាយ៉ាងណា? ទាំងអស់នេះ សូមទស្សនិកជនរង់ចាំទស្សនាភាគបន្តបន្ទាប់នៅក្នុងរឿង «សង្គ្រាមមរតក» ដែលផ្សាយជូនចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៨ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ