© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងរ៉ាវ ក្រមុំស្រុកស្រែ ធារីដែលត្រូវម្តាយចិត្តអប្រិយ គិតតែប្រាក់ចាប់បង្ខំឱ្យរៀបការជាមួយបុរសវ័យចំណាស់នោះ បានឈានមកដល់វគ្គយ៉ាងក្តៅគគុក។ ដោយសារតែ មើលឃើញពីស្ថានភាពជំងឺឪពុកខ្លួនកាន់តែដុនដាបទៅៗ ធារីបានសម្រេចចិត្តយល់ព្រមតាមយាយខុម សុខចិត្តចាកចោលសុភ័ក្រហើយទៅរៀបការជាមួយលោកថៅកែថី។
និយាយពីតួអង្គ នាងកូលាប ដែលជាតួអង្គស្រីកំណាន់របស់លោកថៅកែវិញ នៅពេលដែលលឺថា ធារីនឹងត្រូវរៀបការជាមួយមនុស្សប្រុសដែលខ្លួនកំពុងរស់នៅជាមួួយនោះ ក៏កើតមានចិត្តច្រណែន ហើយរៀបគំរោងការដើម្បីធ្វើយ៉ាងណា ឱ្យធារីមិនអាចជួបនឹងលោកថៅកែថីបាន។ ស្របពេលដែល ទំនាក់ទំនងរវាងលោកថៅកែថី និងកូលាប កាន់តែខើចបន្តិចចម្តងៗនោះ នាងមិនបានបោះបង់ការតស៊ូដែលចង់បានក្លាយជាប្រពន្ធស្របច្បាប់របស់ថៅកែថីឡើយ។ លើសពីនេះទៀត កូលាប បានរកគំនិតបំបែកដោយប្រើអង្គរក្សរបស់ខ្លួនទៅចាត់ការរឿងនេះជំនួសខ្លួន។
នាយប់មួយ ដែលយាយខុមបានឱ្យលោកថៅកែថី ដាក់អ្នកយាមនៅមុខផ្ទះរបស់ធារី ព្រោះខ្លាចនាងរត់ចេញទៅក្រៅ។ កូលាប បានដឹងពីផែនការទាំងអស់ ក៏ផ្តល់ឱកាសឱ្យធារីបានលួចរត់ចេញពីផ្ទះបានសម្រេច ដោយគេចផុតពីក្រញុំាអង្គរក្សដែលយាមនោះ។ នៅយប់នោះដដែល ធារីក៏បានទៅជួបនឹងសុភ័ក្រ ហើយបានសុំឱ្យជួយយកខ្លួនទៅឱ្យឆ្ងាយពីយាយខុម។ ហេតតែស្រឡាញ់ សុភ័ក្រក៏ដាច់ចិត្តពង្រាត់ធារីទាំងយប់មកភ្នំពេញ។
អ្វីៗគ្រប់យ៉ាងទៅតាមផែនការ និងការរៀបចំទុករបស់កូលាប ដែលនេះបានក្លាយជាបញ្ហាយ៉ាងធំរបស់យាយខុមវិញ ដែលត្រូវប្រឈមមុខជាមួួយនឹងលោកថៅកែថី។ យាយខុម មានអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំង ដែលធារីលួចចេញពីផ្ទះបានសម្រេច ហើយព្យាយាមទៅអ៊ុកឡុករកគ្រប់ទិសទីតែម្តងនៅក្នុងភូមិ។ តើនឹងមានរឿងងអ្វីកើតឡើងខ្លះ នៅក្នុងឈុតឆាកក៏ល្អមើលមួយនេះ ។ ដូចនេះ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នានៅក្នុងរឿង «បំណុលម្តាយ» ផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៨ យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ