© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
អស់រយៈកាលដ៏ច្រើនឆ្នាំ ដែលបានចាកឆ្ងាយពីឪពុកម្តាយ ទៅរៀនសិល្បិ៍វិជ្ជាជាមួយនឹងគ្រូអាចារ្យមក សព្វសិទ្ធិក៏ទទួលបាននូវចំណេះដឹងសព្វមុខ ហើយក៏បានម្នីម្នាវិលត្រឡប់មកផ្ទះវិញ។ ដោយឆ្លងកាត់នូវឧបសគ្គជាច្រើននៅតាមផ្លូវ ដែលទេវបុត្រមានបារមីរូបនេះ បានជួបប្រទះ និងអាចប្រយុទ្ធឈ្នះអស់មាសត្រូវនោះបានទៀតផង។ ការនឹករលឹកទៅដល់ភូមិកំណើត ដែលជាធ្លាប់តែរស់នៅក្រោមការបីបាច់ថែរក្សា ពី លោកពុក អ្នកម្តាយ បានបណ្តាលឱ្យចិត្តសព្វសិទ្ធិ មានក្តីអាលោះអាល័យនឹកដល់ លោកទាំងពីរជាពន់ពេក។
សព្វសិទ្ធិ និងអ្នកបម្រើវិលត្រឡប់មកផ្ទះ
ជាមួយនឹងភីលៀង មិត្តសំឡាញ់រួមគ្រូ រួមទាំងអ្នកបម្រើបានធ្វើដំណើរវិលត្រឡប់មក ជួបមុខម្តាយ ឪពុកវិញដោយជោគជ័យ។ ចំណែកម្តាយកូនពីរនាក់ ដែលជាបញ្ញើក្អែកនៅស្នាក់អាស្រ័យជាមួយនឹងម្តាយឪពុកសព្វសិទ្ធិ គឺកញ្ចរ័ត្ន និងកូនស្រី កញ្ចនី កំពុងតែរៀបល្បិចកលទាក់ទាញយកសព្វសិទ្ធិឱ្យបាន ដើម្បីប្រមូលយកទ្រព្យសម្បត្តិរបស់សេដ្ឋី។ ថ្វីត្បិតតែសព្វសិទ្ធិ បានឃើញរូបសម្រស់ដ៏ស្រស់ឆើតឆាយរបស់កញ្ចនីក៏ពិតមែន ប៉ុន្តែក្នុងចិត្តរបស់គេ ហាក់ដូចជាមិនចាប់អារម្មណ៍ទាល់តែសោះ គឺបានត្រឹមតែជាការរាប់អានដូចជាបងប្រុស និងប្អូនស្រីតែប៉ុណ្ណោះ។ ថ្លែងពី ព្រះនាងសុវណ្ណកេសរ ដែលជាបុត្រីរបស់ព្រះរាជានៃនគរពារាណសី ដែលមិនមានព្រះសុវណ្ណីជាមួយបុរសណានោះ ហាក់ដូចជាមានអារម្មណ៍ចម្លែកក្នុងចិត្តយ៉ាងខ្លាំង នៅមិនសុខ ផ្ទុំមិនលក់ ស្របពេលដែលសព្វសិទ្ធិវិលចូលទឹកដីនគរវិញ។ ជាចំណងនិស្ស័យតាំងពីអតីតជាតិ ដែលបណ្តាលចិត្ត ឱ្យសព្វសិទ្ធិ និងព្រះនាងសុវណ្ណកេសរ មានក្តីនឹករលឹកគ្នាទៅតាមសុបិន្ត។ សព្វសិទ្ធិ តែងតែយល់សប្តិចម្លែក ឃើញព្រះនាងនៅក្នុងសុបិន្ត ទាំងឆ្លងកាត់នូវអារម្មណ៍រំភើបដោយក្តីស្រឡាញ់មានចំពោះគ្នាទៅវិញទៅមក។ ការយល់សុបិន្តនេះ បានធ្វើឱ្យសព្វសិទ្ធិ នៅមិនសុខ បក់មិនល្ហើយ រសាប់រសល់ អន្ទះសារចង់ឃើញព្រះភ័ក្ររព្រះនាងផ្ទាល់តែម្តង។
សព្វសិទ្ធិ និងគ្រួសារ
សព្វសិទ្ធិ និងភីលៀង
ដើម្បីបានទស្សនាសាច់រឿងបុរាណបែបអក្សរសាស្ត្រខ្មែរមួយនេះ នៅភាគបន្តទៀត សូមកុំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៧ យប់៕
សព្វសិទ្ធិ និងកញ្ចនី
ដោយ៖ សិរីរដ្ឋ