© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្រោយពីបានបូជាខ្លួន ទៅក្នុងភ្នក់ភ្លើងតាមប្រពន្ធកូន ដើម្បីបញ្ជាក់ពីភាពស្អាតស្អំនោះ ជៀបកប្បាសឈ្មោល សកូណា ក៏បានចាប់ កំណើត ជាតិថ្មីម្តងទៀត នាមជាសព្វសិទ្ធ ក្នុងត្រកូលសេដ្ឋីម្នាក់ នៅនគរមួយឈ្មោះថា ពារាណសី។ នគរនេះទៀតសោត មានព្រះ មហាក្សត្រមួយព្រះអង្គគ្រងរាជសម្បត្តិ ដែលមានប្រជានុរាស្ត្រជាច្រើន ជ្រកក្រោមម្លប់ នៃក្សត្រអង្គនោះ។ ជាគ្រោះកម្ម នៅក្នុងនគរ ប្រជាជនរស់នៅ ដោយភាពភ័យខ្លាច ក៏ព្រោះតែមានការវាយប្រហារ ពីពួកចោរព្រៃ ប្លន់ កាប់សម្លាប់យក ទ្រព្យសម្បត្តិ របស់ពួកគេ។ ចំណែកឯ កូនក្រមុំអ្នកភូមិ អ្នកស្រុក ត្រូវចោរព្រៃ កាចសាហាវ ទាំងអស់នោះ ចាប់យកទៅធ្វើបាប និងសម្លាប់ចោលថែមទៀតផង។
ព្រះមហាក្សត្រនៃនគរពារាណសី និងព្រះមហេសី
ក្រុមចោរព្រៃ
ហេតុការណ៍ដ៏អាក្រក់នេះ នៅតែបន្តមានជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យប្រជាជនរស់នៅដោយការព្រួយបារម្ភជាខ្លាំង។ គ្រាមួយនោះ ព្រះមហាក្សត្រ បានអញ្ជើញនាម៉ឺន មន្ត្រី សេនា អាមាត្រគ្រប់ជាន់ថ្នាក់ មកប្រជុំ ដើម្បីរកវិធីទប់ទល់ និងកម្ចាត់ចោរព្រៃឱ្យអស់ និងថែមទាំងឱ្យគ្រូហោរាសាស្ត្រប្រចាំព្រះរាជវាំងទស្សន៍ទាយមើលថា តើនគរនឹងត្រូវដោះស្រាយចេញផុតពីគ្រោះកម្មមួយនេះ ដោយវិធីណា? បន្ទាប់ពីតាហោរា បានគន់គូរមើលហើយ ឃើញថា នគរមួយនេះកំពុងតែជួបនឹងគ្រោះមិនល្អ ទាល់តែមាន អ្នកមានបុណ្យម្នាក់ចូលមកដល់ ទើបនគរមានសុខសន្តិភាពឡើងវិញ។ នេះ បានក្លាយជាចម្ងល់មួយទៅដល់ព្រះមហាក្សត្រ និងមន្ត្រីទាំងអស់។ ថ្លែងពីតួអង្គ សព្វសិទ្ធ វិញ គ្រាន់តែចាប់កំណើតមកនៅក្នុងផ្ទៃម្តាយ ក៏បានជួយឱ្យឪពុកដែលចេញទៅប្រកបជំនួញ រួចផុតពីការប្លន់សម្លាប់របស់ពួកចោរព្រៃនៅតាមផ្លូវ។ ដូចពាក្យចាស់ពោលថា ឪពុករួចទុក្ខ ដោយសារបុណ្យបារមីរបស់កូន ដែលបង្វែរពីគ្រោះចង្រៃមកជាសេចក្តីសុខវិញ។ យ៉ាងណាមិញ លុះដល់សព្វសិទ្ធធំដឹងក្តីមក ហាក់ដូចជាមានអំណាចអ្វីមួយមករារាំង បំភ័យពួកចោរព្រៃឱ្យខ្លបខ្លាច បាក់ស្បាត មិនហ៊ានមកធ្វើបាបអ្នកស្រុកទៀត។
សព្វសិទ្ធ និងម្តាយ( ពេលទើបតែសម្រាលរួច)
ក្រុមចោរព្រៃ
ចង់ដឹងថា តើសព្វសិទ្ធ ដែលជាអ្នកមានបារមីខ្ពស់ នឹងធ្វើឱ្យក្រុងពារាណសីប្រែប្រួលពីគ្រោះទៅលាភបានដោយរបៀបណា ហើយក្រុងមួយនេះនឹងមានអ្វីកើតឡើងទៀត បន្ទាប់ពីវត្តមានរបស់អ្នកមានបុណ្យមួយនេះ ចូលមកដល់នោះ?? ដើម្បីបានដឹងច្បាស់អំពីដំណើរសាច់រឿងបន្តទៀត ទស្សនិកជនអាចទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអីន ក្នុងរឿងភាគខ្មែរ សព្វសិទ្ទ ដែលមានផ្សាយជូនពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៧ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ