© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
មិនប៉ុន្មានខែក្រោយពីភាពយន្តភាគ រឿង អ្នកម៉ាកវ័យក្មេង ចាប់ចាក់បញ្ចាំងជាផ្លូវការលើកញ្ចក់ទូរទស្សន៍ទំនើបភីអិនអិន កុមារី សរពេជ្ញម៉ានីកា ឬ នីរ័ត្ន ក្មេងស្រី ក្បាលខូច កំពូលច្រឡឺម របស់ លោក នរៈ សម្តែងដោយ លោក នូ ឧសភា កំពុងផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជន រហូតធ្វើឲ្យសន្ទុះទីផ្សារការសម្តែងរបស់កុមារីរូបនេះ មានកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់។ ម៉ានីកា សម្តែងជាតួកូនស្រីរបស់លោក នរៈ មានចរិក ឆ្មើងឆ្មៃតាំងពីកុមារភាព ដោយសារអស់ទំនុកចិត្តពីមនុស្សចាស់ជុំវិញខ្លួន ពិសេសភាពព្រងើយកន្តើយរបស់ឪពុកតែម្តង។
អ្នកម៉ាកវ័យក្មេង ស្តែងចេញពីរឿងរ៉ាវចាក់ស្ត្រេសក្នុងគ្រួសារមានទ្រព្យស្តុកស្តម្ភមួយ ពោរពេញដោយវិបត្តដែលសង្គមរាល់ថ្ងៃកំពុងជួបប្រទះ ផ្តោតសំខាន់ដល់ការបញ្ជ្រាបឲ្យមនុស្សប្រុសគ្រប់រូបបានដឹងឮ និងយកចិត្តទុកដាក់បន្ថែមចំពោះគ្រួសារដែលកំពុងមាន។ ព្រោះចរិកក្បាលខូច ច្រឡឺម ឆ្មើងឆ្មៃ ធ្វើបាបគេគ្រប់គ្នា មិនលើកលែងសូម្បីតួឯកស្រីដែលត្រូវជាអនាគតម្តាយចុងនេះហើយ ធ្វើឲ្យនាងតូច ម៉ានីកា ទទួលការគាំទ្រជាខ្លាំងពីសំណាកទស្សនិកជន អ្នកគាំទ្រភាពយន្តភាគរបស់ភីអិនអិន។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ភាពយន្តភាគភីអិនអិន PNN Drama Fan Club វីដេអូហាយឡាយខ្លីៗជាច្រើនពីរឿង អ្នកម៉ាក់វ័យក្មេង ត្រូវបានបង្ហោះ ចែកចាយជាសាធារណៈសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមចូលទស្សនា ក្នុងនោះអ្នកគាំទ្រភាពយន្តភាគរបស់ភីអិនអិនជាច្រើនបាន Cmt ជាមតិយោបល់ផ្សេងគ្នា។
មិនត្រឹមតែ ម៉ានីកា ដែលទទួលការគាំទ្រជា cmt សូម្បី តួឯកប្រុស លោក ឧសភា និងតួឯកស្រី កញ្ញា មុន្នីនាថ ក៏ទទួលបានការ cmt ជាមតិយោបល់ដូចគ្នាផងដែរ ថាពិតជាសម្តែងបានល្អ រហូតមានអ្នកគាំទ្រខ្លះបាន cmt ចង់ឲ្យ២នាក់នេះសម្តែងជាមួយជាលើកក្រោយៗទៀតផង។
ខ្សែភាពយន្តរឿង"អ្នកម៉ាក់វ័យក្មេង” ដែលពីមុនផ្សាយជូនទស្សនារៀងរាល់ថ្ងៃ ព្រហ សុក្រ ចាប់ពីម៉ោង ៧:៣០នាទីតទៅនោះ នឹងប្ដូរមកចាក់បញ្ចាំងនៅម៉ោង ៨ដល់ម៉ោង៩យប់វិញពីថ្ងៃចន្ទដល់ថ្ងៃសុក្រចាប់ពីថ្ងៃទី ១៣ ខែមករា សប្ដាហ៍ក្រោយនេះតទៅ៕
ដោយ៖ រ៉ាត់ ចាន់ធីតា