© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដំណើរសាច់រឿងនៃខ្សែភាពយន្តភាគខ្មែរល្អមើល រឿង « តួគេ ខ្ញុំសម្តែង » ដែលរៀបរាប់ពីជីវិតកំលោះមានមន្តស្នេហ៍សាមញ្ញម្នាក់ បានរសាត់អណ្តែតរហូតជ្រកកោន នៅក្នុងភូមិគ្រឹះដ៏ស្តុកស្តមរបស់ខ្សែរាជវង្សមួយស្ទើរនឹកស្មានមិនដល់។ ទស្សនិកជន ប្រហែលជាបានទស្សនាជាច្រើនភាគបន្តបន្ទាប់រួចមកហើយ ដែលមកដល់វគ្គនេះ មនោ ត្រូវបានសុំឱ្យបន្លំខ្លួនធ្វើជា ព្រះអង្គម្ចាស់ហង្សា ដើម្បីធ្វើយ៉ាងណាវែកមុខរកអ្នកនៅពីក្រោយនៃការប៉ុនប៉ងធ្វើឃាតទ្រង់ និងរក្សាការសម្ងាត់មិនឱ្យបែកធ្លាយផងដែរ។ ចុះថាតើ នៅពេលដែលជីវិត មនុស្សម្នាក់ដែលធ្លាប់តែហូបបាយកញ្ចប់ក្បែររោងល្ខោន ទំនេរៗមាត់ប្រឹងស្រែកច្រៀងដៃជើងប្រឹងហាត់ឱ្យសម ប្រែមកជាព្រះអង្គម្ចាស់ក្រៅឆាកពិតប្រាកដនោះ មនោបានផ្លាស់ប្តូរទៅជាមនុស្សផ្សេងខុសពីមុន ឬយ៉ាងណា?
ជាការពិតអ្វីដែលធ្វើឱ្យ មនោ សុខចិត្តចូលខ្លួនជំនួស ព្រះអង្គម្ចាស់ហង្សានេះ គឺមិនមែនព្រោះតែការត្រេកត្រអាលនឹងជីវិតសោយសុខលើទ្រព្យសម្បត្តិ មានអង្គរក្សការពារឆ្វេងស្តាំនោះទេ ផ្ទុយទៅវិញបំណងដ៏ធំនោះ គឺបានទៅនៅជិតព្រះនាងម្ចាស់ លំអងច័ន្ទ ដែលជាអាយដល់ក្នុងចិត្តរបស់គេទៅវិញទេ។ គ្រប់យ៉ាងនៃចិត្តរបស់មនុស្ស មិនមែនសុទ្ធតែដូចពាក្យគេពោលថា ជីវិតក្រាលនៅលើកម្រាលមាស ពេជ្រ អាចកែប្រែចរិតមនុស្សបានទាំងអស់នោះឡើយ ។ ដោយឡែក សម្រាប់ មនោ ដែលជាមនុស្សម្នាក់មានអត្តចរិតល្អ ស្មោះត្រង់ទាំងចិត្ត និងពាក្យសម្តី ហើយគេក៏នៅតែរក្សាបាននូវ របស់ក្នុងខ្លួននេះដដែលមិនប្រែប្រួលអ្វីទេ។ យ៉ាងណាមិញ ដូចជានៅក្នុងសាច់រឿងផ្ទាល់តែម្តង ទោះក្នុងរូបរាងជាព្រះអង្គម្ចាស់ក្លែងក្លាយ អ្នកកំលោះរូបនេះបានបើកចិត្តយ៉ាងទូលាយចំពោះអ្នកគ្រប់គ្នា មិនថា អ្នកដែលមិនចូលចិត្ត ឬមានបំណងអាក្រក់ក៏ដោយ។ តួយ៉ាង ព្រះនាងលក្ខលីតា ជាព្រះនាងពៅ ដែលត្រូវបានរាជវង្សពិន័យឱ្យរស់នៅក្រៅរាជដំណាក់ និងមានចរិតឆ្នាស់ឆ្នើមនោះ ក៏មនោនៅតែយកចិត្តទុកដាក់ មិនព្រងើយកន្តើយដូចព្រះអង្គម្ចាស់ពិតនោះទេ។ មិនតែប៉ុណ្ណោះ ថែមទាំងបានសម្រេចលើកលែងទោសឱ្យម្តាយកូនព្រះនាងពៅ បានចូលមករស់នៅក្នុងរាជដំណាក់វិញ។ ចំណែកឯទ្រង់យុធ្យា និងមាតារបស់ទ្រង់ដែលមើលទៅហាក់មិនសប្បាយចិត្តនឹងវត្តមានខ្លួនយ៉ាងណាក៏ មនោ តែរាប់រកនិងរួសរាយដូចទៅនឹងចរិត ដែលរស់ជាមនុស្សសាមញ្ញពេលមុន។ និយាយរួមទាំងចិរតទាំងកាយវិការរបស់ព្រះអង្គម្ចាស់ហង្សា មនោមិនបានធ្វើឱ្យដូចនោះទេ ដោយរូបគេពីមុនយ៉ាងម៉េច គឺដដែល។
ចុះបើអ្វីៗត្រូវបានកែប្រែដោយសារតែមនោ តើនៅក្នុងត្រកូលរាជវង្សដែលកំពុងតែមានបញ្ហាផ្ទៃក្នុង ប្រកួតប្រជែងគ្នាបែបនេះ នឹងទៅជាយ៉ាងណា ហើយគេអាចធ្វើឱ្យគ្រួសារមួយនេះត្រឡប់មករួបរួមគ្នាបានវិញទេ? ដូចនេះ សូមរង់ចាំទស្សនាភាគបន្តបន្ទាប់ទៀត ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ០៧ កន្លះយប់រហូតដល់ម៉ោង ០៩យប់៕
ដោយ៖