© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
និស្ស័យស្នេហ៍តជាតិ តភពរបស់គូស្នេហ៍មួយគូ យុទ្ធ និងដាវី ដែលកំពុងតែចាក់ធ្លុះអារម្មណ៍ទស្សនិកជន ឱ្យទន្ទឹងរង់ចាំមើលថា តើពួកគេទាំងពីរនាក់ បានជួបគ្នាឬយ៉ាងណា? ដោយអំណាចនៃក្តីស្រឡាញ់ ស្នេហាដ៏ខ្លាំងក្លា បានរុញច្រានឱ្យអ្នកទាំងពីរបានស្គាល់គ្នានៅជាតិថ្មី ប៉ុន្តែជាកម្ម ពួកគេនៅតែគេចមិនផុតពីឧបសគ្គ សង្គ្រាមបេះដូង ប្រជែងស្នេហ៍ពីអ្នកទីបីដដែល នោះគឺ ឆៃ។ ចំណែកឯ ដាវី ក៏ជានារីសុ ភាពរាបសារ និងជាកូនស្រីកម្សត់ម្នាក់រស់ក្នុងទ្រនុំសំបុកឥតបា ខ្លោចផ្សារពីរនាក់ម្តាយកូន។
ស្របពេលនឹង ដាវីកំពុងតែមានវិបត្តស្នេហាត្រីកោណ គ្រានោះអាថ៌កំបាំងនៃរឿងរ៉ាវអតីតកាលរបស់ម្តាយនាង ក៏ចេះតែត្រឡប់មកបន្តិចម្តងៗ។ រយៈពេលជាង២០ឆ្នាំ ដែលម្តាយដាវី លាក់ទុកក្នុងចិត្តជាយូរ មិនប្រាប់ថានរណាជាឪពុកពិតប្រាដករបស់នាងតូចម្នាក់នេះឡើយ ប៉ុន្តែនាងនៅតែរក្សារចិត្តស្រឡាញ់ និងរង់ចាំការវិលត្រឡប់ឪពុករបស់ខ្លួនគ្រប់ពេល បើទោះបីជាម្តាយនាងខឹង មិនចង់ឱ្យនាងរំលឹកយ៉ាងណាក្តី។ ដូចពាក្យគេលើកឡើងថា ក្រដាសមិនអាចខ្ចប់ភ្លើងបានទេ សត្វហើរលើមេឃ គង់គេបាញ់ធ្លាក់ដល់ដី រឿងលាក់ប៉ុនណា ក៏គង់នឹងបែកធ្លាយ គ្រាន់តែយូរនឹងឆាប់តែប៉ុណ្ណោះ។ ដោយសារតែចិត្តនៅចងជំពាក់ ដាច់ស្រឡះមិនទាន់បាន ក៏ធ្វើឳ្យឪពុករបស់យុទ្ធដែលធ្លាប់តែស្រឡាញ់គ្នាជាមួយម្តាយដាវី កាលពីក្មេងនោះ ក៏បានត្រឡប់មកជួបម្តាយនាងវិញ ហើយសុំត្រូវរ៉ូវគ្នា ប៉ុន្តែអ្នកមីងដ៏កម្សត់ម្នាក់នេះ ដាច់ខាត មិនឱ្យឪពុករបស់យុទ្ធចូលមកជីវិតសារជាថ្មីទេ ។
សាច់រឿងដ៏ក្តៅគគុកមួយនេះ កាន់តែធ្វើឱ្យទស្សនិកជនរិតតែចង់ដឹងថា តើវាការពិតទេ ដែលយុទ្ធ និងដាវី មានឪពុករួមគ្នា ហើយបើវាជាការពិតមែននោះពួកគេ នឹងមិនបានជួបគ្នាទេ ព្រោះដោយហេតុថា ខុសក្បួនតម្រា ជាបងប្អូនបង្កើតដែលមានឈាមឪពុករួមគ្នា គឺមិនអាចរៀបការក្លាយជាប្តីប្រពន្ធបានឡើយ។ គ្រានោះ បន្ទាប់ពីឃើញឪពុករបស់ខ្លួនជួបជាមួយនឹងម្តាយរបស់នារីដែលខ្លួនស្រឡាញ់ក្នុងទំនាក់ទំនងស្នេហានោះ យុទ្ធ និងដាវី ហាក់ស្រឡាំងកាំង កើតមានការមិនអស់ចិត្ត ព្រោះគេគិតថា ឪពុកដែលបោះបង់គេតាំងពីគេមិនទាន់កើតនោះ គឺជាឪពុករបស់យុទ្ធ ហើយវាជាមូលហេតុ និងរនាំងយ៉ាងធំ មិនអាចឱ្យពួកគេស្រឡាញ់គ្នាបន្តទៀតបានទេ។ អ្វីៗនឹងត្រូវលាតត្រដាងទាំងអស់ពីការពិត នៅចុងបញ្ចប់នៃសាច់រឿងស្នេហាមនោសញ្ចេតនាមួយនេះ ហើយដើម្បីដឹងច្បាស់ថា តើអ្នកទាំងពីរពិតជាមានឈាមឪពុករួមគ្នា ឬយ៉ាងណា មានតែរង់ចាំតាមដានទស្សនា ដែលពេលនះ សាច់រឿងកំពុងតែឈានជិតដល់ទីបញ្ចប់ ហើយក៏កំពុងតែធ្វើការផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៧កន្លះយប់ រហូតដល់ម៉ោង ០៩ យប់៕
ដោយ៖