© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បទ ព្រំដែនចិត្ត៖ “ យើងនៅឆ្ងាយគ្នាម្លេះណា ផុតនិស្ស័យដួងនេត្រា តែចិត្តស្នេហ៍ចងមេត្រី ស្នេហ៍ស៊ូតែប្ដូរឆ្លងស្ទឹង ឆ្លងទន្លេធំក្រៃ ឆ្លងបព្វតាព្រឹក្សព្រៃ មកឱ្យជួបភក្ត្រា…………”។ ដូចគ្នាទៅនឹងអត្ថន័យនៃបទចម្រៀងនេះ ទោះតួឯកប្រុសក្នុងរឿង «ភរិយាសម័យថ្មី» ត្រូវឃ្លាតឆ្ងាយពីតួឯកស្រីជាយូរឆ្នាំ ឆ្លងមហាសមុទ្រ ឆ្លងប្រទេសចេញទៅសិក្សាឯបរទេស រហូតម្នាក់ត្រូវមានប្តី ឯម្នាក់ទៀតក៏មានគូស្នេហ៍រៀងខ្លួនហើយបែបណាក្តី តែនៅទីបំផុតពេលវេលាក៏ទាញពួកគេឱ្យត្រលប់មកជួបគ្នាវិញដដែល។ តើអាចជួបគ្នាបានដោយរបៀបណា បើម្នាក់ៗជ្រុលមានគូរៀងខ្លួនទៅហើយនោះ?
ឃ្លានៅក្នុងបទចម្រៀង ព្រំដែនចិត្ត បានរៀបរាប់ថា៖ “ ទោះនៅឆ្ងាយម្តេចក្តី បានយល់ចិត្តឆោមពិសី ជីវ៉ារៀមទ្រាំវេទនា សូមអូនប្រណីណាស្ងួន រៀមរស់រែងរងា មានតែស្នេហា ធ្វើឱ្យចិត្តរៀមរីករាយ……” មូលហេតុនៃចិត្តរីករាយរាល់ពេលជួបគ្នានេះហើយទេដឹង ទើបជម្រុញនិស្ស័យដឹកដៃមនុស្សពីរនាក់ឱ្យបានជួបគ្នាទោះមានឧសគ្គបែបណាក្តី។ នៅទីបំផុតភាពកក់ក្តៅរបស់នារីក្នុងក្តីស្រមៃម្នាក់នាអតីត បានរុញច្រានមនោសញ្ចេតនាពិតស្ថិតក្នុងចិត្ត លោក ជេម ឱ្យផុសឡើងមិនអាចបិទបាំងតទៅទៀតបាន ឯកាយវិការសោះកក្រោះ ឆ្មើងឆ្មៃ ចង់យកឈ្នះគ្រប់ពេលរបស់គូស្នេហ៍ថ្មីនាយ ក៏រុញច្រានចិត្តស្នេហ៍ឱ្យឃ្លាតឆ្ងាយ គ្មានអ្វីអាចមកជួសជុលបានថែមទៀត បន្ទាប់មកពួកគេក៏ចែកផ្លូវគ្នា។ ចំណងស្នេហ៍បច្ចុប្បន្នត្រូវកាត់ផ្តាច់ រងើកស្នេហ៍ចាស់ក៏ផ្តើមឆេះឡើងវិញ! តើការសម្តែងជាតួអង្គប្រុសលួចស្នេហ៍ស្រីដែលគេមានម្ចាស់គ្រប់គ្រងរួចហើយលំបាកដែរឺទេ? តបនឹងសំណួរនេះក្នុងបទសម្ភាសន៍ជាមួយPNNនាពេលកន្លងមកលោក ប៊ឺរី បានទទួលស្គាល់ថា ទោះខ្លួនមានបទពិសោធសម្ដែងរឿងមកច្រើនឆ្នាំ តែលោកពិតជាលំបាកថ្លឹងថ្លែងទឹកមុខ និងសម្របកាយវិការតាមសាច់រឿងភាគថ្មីនេះជាខ្លាំង។
(លោក ជេម និងអ្នកនាងបុស្បា)
ខុសគ្នាអំពីតួអង្គ ហួត ខេមរិទ្ធ ក្នុងរឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» ដែលសម្តែងជាជនបង្កប់ មានភាពម៉ឺងម៉ាត់តែអាចស្រលាញ់ អាចស្អប់បានអស់ពីចិត្តនោះ ការសម្តែងជាតួអង្គលោក ជេម ក្នុងរឿង « ភរិយាសម័យថ្មី » ហាក់ផ្តល់នូវភាពស្មុគស្មាញក្នុងការសម្តែងតាមបែបផែនថ្មីមួយទៀត។ តួអង្គថ្មី ត្រូវបញ្ចេញមនោសញ្ចេតនាតាមរយៈអារម្មណ៍ដែលស្រពិចស្រពិល “ទោះស្រលាញ់ ហួងហែង ចង់បាន តែលោកត្រូវលាក់បាំងទឹកមុខ គ្រប់ជំហានទាំងអស់ ព្រោះតួស្រីជាស្ត្រីមានប្តីរួចទៅហើយ” នេះជាការបញ្ជាក់របស់លោក បឺរី។ តើស្នេហារវាងបុរសCEOរូបសង្ហា និងនារីដ៏រឹងមាំពេញដោយលក្ខណៈសម្បតិ្តជាស្ត្រីមេផ្ទះល្អ ដូចជាអ្នកនាង បុស្បា ប្រឈមមុខនឹងឧបសគ្គអ្វីខ្លះ? តើពួកគេអាចដោះស្រាយបញ្ហាទាំងអស់នោះបានដោយវិធីណា? សូមកុំភ្លេចតាមដានទស្សនាការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍PNNរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង៨ ដល់ម៉ាង៩យប់៕
សូមទស្សនាវីដេអូខ្លី៖
អត្ថបទ៖ កញ្ញា ឃុន វ៉ាន់ដា
ដោយ៖