© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កណ្ដាលផ្ទះតូចត្រជាក់ល្ហឹមក្រោមផ្សែងសន្សើមរាត្រី ស្រីតូចរេភ្នែកសម្លឹងជុំវិញទីនោះ ហើយបញ្ឈប់ក្រសែភ្នែកនៅលើទីតម្កល់ជើងធូបបុរសស្ត្រីមួយគូដែល ញញឹមពព្រាយក្នុងរូបថត។ នាងសន្សឹមៗដាក់ទូរសព្ទលើតុក្បែរនោះ ហើយលើកដៃសំពះអ្នកដែលនាងស្គាល់ច្បាស់ថាជាមនុស្សជិតស្និទ្ធរបស់ ឪពុកខ្លួន។
«អ៊ំប្រុសអ៊ំស្រីឆាប់ទៅចោលគេពេក បានជាគេបញ្ឈឺជីវិតខ្លួនដោយវិធីនេះ?»
នាងគិតស្ងាត់ៗហើយចាប់ស្រងេះស្រងោចចិត្ត។
សំឡេងបុរសម្ចាស់ផ្ទះលាន់មកតិចៗតាមកម្លាំងខ្យល់៖
«គិតថាមេធាវីមិនអន់ចិត្តទេ ដែលឲ្យនាងចុះស្នាមរាត្រីទីមួយនៅផ្ទះដ៏ក្ររហាមនេះ!»
ស្រីតូចស្វាងអារម្មណ៍ភ្លាមពីភាពប៉ាចរហាចហើយប្រឈមមុខជាមួយវិនាទីថ្មីមួយដែលរំជួយចង្វាក់ដង្ហើម។
នាងបុកពោះតិចៗ តាមសភាវៈជានារីវ័យក្រមុំ និងមិនដែលសូម្បីតែគិតពីរឿងរួមរស់ជាមួយបុរសមុនរៀបការ។
«គេពិតជាធ្វើយ៉ាងនេះមែន?»
នាងសួរខ្លួនឯងទាំងចុងដៃត្រជាក់បន្តិចម្ដងៗ។
ភក្តិស្រីប្រែជាសស្លេក ហើយកន្ទុយភ្នែកនាងទទួលដឹងថាគេនោះកំពុងបែរខ្លួនមកសន្សឹមៗជាមួយដបប៊ីយែរក្នុងដៃ។
សាច់នាងចាប់ផ្ដើមប៉ះខ្យល់ត្រជាក់ ហើយនាងទើបតែដឹងថា រាងកាយនាងគឺបិទបាំងតែត្រឹមដើមទ្រូងចុះប៉ុណ្ណោះ ចំណែកអាវចងពុងនេះ គឺកំពុងតែបន្ថែមភាពគ្រោះថ្នាក់ដល់នាង។ នាងងើបមុខសម្លឹងសត្រូវ ក្នុងវិនាទីដែលមានពិភាល់បំផុតថានាងជាភាគីចាញ់សង្គ្រាម ក៏ដើម្បីឲ្យប្រាកដថា តើនាងពិតជាកំពុងប្រឈមនឹងគ្រោះថ្នាក់មែនឬយ៉ាងណា។
យុត្ថនាញញឹមដោយក្រសែភ្នែកត្រជាក់…..គេមិននិយាយតែគេបន្ថែមហេតុផលឲ្យខ្លួនឯងក្នុងចិត្តស្ងាត់ៗ…
«ឧកញ៉ាប៉ានាង បងប្រុសក្អេងក្អាងរបស់នាង អើតក្បាលមកជួយនាងបានដែរអត់ពៅបញ្ញា?»
នៅក្រោមពន្លឺថ្លាស្រទន់នៃរាត្រីកាលពន្លឺភ្នែកស្រីស្រស់ទៅជា ថ្លាឆ្វង់ ហើយនាងសម្លឹងមកនាយមិនដាក់ភ្នែកជាសញ្ញាថានាងភ័យ ហើយមិនហ៊ានប្រហែសសូម្បីតែមួយដង្ហើម។
គេចាប់ឈានមក នាងក៏ឈានថយ។
គេញញឹម នាងព្រិចភ្នែកព្រោះភិតភ័យ….ទីបំផុតនាងក៏ទាល់ដល់ជញ្ជាំងបណ្ដោយ នរៈឈានមកក្បែរសូម្បីតែដង្ហើមក៏ដកបន្ទរគ្នាទៅវិញទៅមក…..
«យុត្ថនា…!»
នាងមិនអាចនិយាយអ្វីលើសពីហៅឈ្មោះគេឡើយ ព្រោះគាំងអណ្ដាត។ នាងមិនចង់អង្វរប្រុស ម្នាក់នេះ រឹតតែមិនអាចគេចវេះ ព្រោះនាងដឹងតាំងពីដំបូងថាគេត្រូវការបែបនេះបានជាគេចំណាយ កម្លាំងចាប់ជនបរទេសនោះឲ្យប៉ានាងបានរួចខ្លួន ។
តាំងពីចេញពី apartment ជាន់ទី៦ នាងដឹងស្រេចថា ថ្ងៃណាមួយជាថ្ងៃដែលនាងត្រូវទូទាត់សងគេ នឹងមកដល់ តែមិនស្មានថាវារហ័សយ៉ាងនេះហើយគ្រោតគ្រាតយ៉ាងនេះឡើយ។
គេបង្ខំនាងចាកចោលពិធី ក្នុងចំណោមអ្នកមានមុខមាត់នានា ឲ្យនាងឡើងមកកាន់ទីនេះទាំងរបូតស្បែកជើង ក្នុងស្ថានភាពដូចជាមនុស្សគ្មានសិទ្ធិសូម្បីតែមានភាពថ្លៃថ្នូរ សមរម្យសម្លាប់ខ្លួនឯង ពេលនេះគេប្រាថ្នាយកវត្ថុល្អបំផុតក្នុងជីវិតនាងទាំងដឹងហើយថា វាមិនខុសអីពីសម្លាប់នាងដែរ។
…..លោកអាក្រក់…សាហាវលើសពីអ្វីដែលខ្ញុំគិត….លោកផ្លាស់ប្ដូរអស់ហើយ យុត្ថនា….បើលោកគិតថាខ្ញុំនឹងស្រក់ទឹកភ្នែកមួយតំណក់អង្វរករលោក ….លោកដេកយល់សប្ដិទៅ….! បានតើ.!!…បើលោកចង់បានអញ្ចឹង….ឲ្យវាចប់សព្វគ្រប់ដូចដែលលោក សម្លាប់ដើមសារិកាកែវដែលយើងខំដាំស្រោចទឹកមកជាមួយគ្នានោះដែរទៅ…
….គិតហើយនាងខាំមាត់ទប់ទឹកភ្នែកដែលរកកលតែរមៀល….ក្នុងពេលម្រាមដៃ បុរសអ្នកលេងរមៀលប្រឡែងលើស្មាទន់រលោងរបស់នាង ហើយវាចាគេលាន់មកតិចៗល្មមតែឮហើយឈឺផ្សាដល់បេះដូង៖
«តាមពិត ….យើងមានទៅអន់អីប៉ុន្មានពៅបញ្ញា»
ស្នាមញញឹមរបស់អ្នកប្រុសទីមួយ កាន់តែបង្កាត់ភ្លើងកំហឹងរោលរាលក្នុងបេះដូងស្រីតូច។ នាងលេចភាពជូរចត់ពេញបេះដូង ព្រោះឆ្អែតចិត្ត។ ពៅបញ្ញាងាកមុខទៅទីផ្សេងតែក៏លែងគេចលែងរើ។សំឡេងមេធាវីតូចលាន់ មកស្មើធេងតែមិនអាចលុបចោលភាពទោមនស្សបាន៖
«ធ្វើអីធ្វើទៅ! នឹងអាលខ្ញុំត្រលប់ទៅវិញ!»
សម្ដីនាងគួរណាស់តែឲ្យយុត្ថនាបានដៃក្នុងការលោតរំលងសម្បជញ្ញៈ ក្នុងនាមជាកូនប្រុស អ្នកជាមនុស្សម្នាក់ដែលឪពុកម្ដាយមានការអប់រំហើយបានបន្តពុទ្ធិ នោះមកឲ្យនាយពេញបរិបូរណ៍ តែមិនដឹងយ៉ាងម៉េចវាបែរជាធ្វើឲ្យកំហឹងនាយកាន់តែផ្ទុះ។
«នាងរឹងរូសពេកហើយពៅបញ្ញា….ស្រីសាហាវ!»
គេគិតភ្លាមក៏បន្លឺចេញមកភ្លាមតាមចិត្តមានះ៖
«ចង់ដែរតើហ្អី?»
តើខឹងអ្វីឲ្យលើសពីនេះទៀតបានជ្រុលជាខឹងដល់១០០អង្សាទៅហើយ? កូនស្រីពៅរបស់ឧកញ៉ាប៉ែន ពេជ្រ សុខចិត្តសម្លឹងឥដ្ឋមិនសម្លឹងមុខប្រុសម្នាក់នេះឡើយ តែនាងមិនព្រមបញ្ឈប់ការតបតតាមរយៈសម្ដីទេ នាងយល់ថាយ៉ាងណាក៏ដោយលទ្ធផលចុងក្រោយនោះជៀសមិនបានទៅហើយ នាងមានរឿងអីត្រូវទុកមុខឲ្យនាយទៀត?
«ទោះខ្ពើមប៉ុណ្ណា ជ្រុលជាជំពាក់ទៅហើយ! សងឲ្យវាចប់កម្មពៀរនឹងគ្នាតែម្ដងទៅ!»
យុត្ថនាខាំមាត់…..គេលែងដៃពីស្មានាងហើយទាញភ្ងើយវង់ភក្ត្រទ្រវែង ពេញណែនដោយភាពរឹងត្អឹងនោះមកប្រឈមនឹងខ្លួន ជិតសែនជិតដល់ថ្នាក់នាងគេចលែងមើលភ្នែកនាយក៏មិនបាន។
ទេសាភិបាលវ័យក្មេងខាំមាត់លាយស្នាមញញឹមជូរចត់៖
«អញ្ចឹង? បើមែន ចាំបាច់អីប្រើល្បិចអន់ៗច្រើនម៉េះអ្ហះ? ចាំបាច់អីចង់សម្លាប់ម្ចាស់បំណុលបំបាត់ដាន? បន្ទាប់មកមិនបានសម្រេចលេងល្បិចទីពីរចង់អូសម្ចាស់បំណុលទម្លាក់ គុក? នេះអ្ហេះរបៀបសងបំណុលរបស់ពួកអ្នកថ្លៃថ្នូរ ពួកអ្នកចេះច្បាប់ច្រើន???»
ស្រស់ស្រីបញ្ចេញភាពងឿងឆ្ងល់តាមពន្លឺភ្នែក នាងគិតមិនយល់ ឆ្លើយក៏មិនទាន់ ព្រោះយល់ថាវាអយុត្តិធម៌ពេក សម្រាប់ព័ត៌មានចុងក្រោយនេះ ហើយភ្លាមៗនោះបបូរមាត់នាង ស្រាប់តែលែងអាចបញ្ជាបាន ព្រោះបុរសដ៏គ្រោតគ្រាតបានគ្រប់គ្រងនៅទីនោះជាប់ ព្រោះមិនចង់ឲ្យនាងជ្រុលសម្ដីធ្ងន់ធ្ងរលើខ្លួនលើសពីនេះទៀត។
កាលពីលើកទីមួយនៅ Apartment ជាន់ទី៦យុត្ថនាមិនអាចថើបបបូរមាត់នាងឲ្យបានដល់៣វិនាទីឡើយ ដោយសារនាងជាន់ជើងគេ តែលើកនេះយុត្ថនាមានអារម្មណ៍ថាភាគីខាងស្រីមិនរើសោះទោះបីដំបូង ៗនាងលើកដៃទាំងពីរមករងពីមុខទ្រូង តែចុងក្រោយនាងក៏នៅតែមិនច្រានគេចេញ។
«ស្រីចិត្តទឹកកក!!! នាងប្រាកដជាចង់សងឲ្យរួចគ្នាឆាប់ៗមែន?»
គេគិតបណ្ដើរបន្តក្រេបជញ្ជក់រសជាតិលើបបូរមាត់តូចក្រពុំនោះ ប្រាថ្នាបង្កាត់ភាពរោលរាលឲ្យខ្លួនឯង ព្រោះដឹងថាសកម្មភាពសោះអង្គើយរបស់នាងកំពុងធ្វើឲ្យខ្លួនកើនឡើង នូវភាពអៀនខ្មាស ហើយនិងអស់អារម្មណ៍ត្រេកត្រអាល។
ទោះខំប្រឹងបន្លប់ចិត្តដើម្បីប្រដៅនាងកុំឲ្យនាងរឹងរូសពេក តែក៏សម្ដីនាងនៅតែវាយប្រហារដដែលៗមកលើអារម្មណ៍គេឲ្យឈឺផ្សា ជាមួយភាសា«ខ្ពើម»ដ៏អសុរោះដែលប្រុសៗស្អប់នឹងឮបំផុត តែនាងបែរជានិយាយចេញមកព្រោះតែខឹងគេដល់បន្ទុក។
ទីបំផុតគេក៏លែងនាងចេញពីរង្វង់ដៃ ហើយមើលមុខនាងដែលមិនយំសោក ហើយមិនរណបគ្រាន់តែក្រហមដូចងងើកភ្លើង។
យុត្ថនាមើលឃើញច្បាស់ហើយថា ស្នេហាដែលខំបញ្ចេញតាមបបូរមាត់នាយមិនអាចមានលទ្ធភាពរំលត់ភ្លើង កំហឹងក្នុងចិត្តនាងសូម្បីមួយចន្លោះណានោះទេ វាជាសក្ខីភាពថានាងគ្មានមនោសញ្ចេតនាទន់ភ្លន់អ្វីមួយចម្រៀកឲ្យ ខ្លួនឡើយ។
បើដូច្នេះ ទោះបីបានខ្លួនប្រាណនាងតូចក៏មិនខុសអ្វីពីរួមរស់ស្នេហាជាមួយ តុក្កតាជ័រដូចគ្នា។ គេលែងនាងតែភ្នែកនៅតែសម្លឹងនាងដោយភាពមិនសុខចិត្ត។ អ្វីដែលអ្នកឃើញ គឺស្រីតូចកំពុងឈ្ងោកជូតមាត់ដោយមិនរវល់សម្លឹងតបមកនាយឡើយ។
គេគិតម្នាក់ឯងជាមួយកែវភ្នែកសោកសៅ៖
«នាងស្អប់ខ្ញុំដល់ថ្នាក់នេះ ខ្ញុំទើបតែដឹង ពៅបញ្ញា!»
ពេលគេសម្លឹងមក នារីឈ្ងោកមុខសម្លឹងកម្រាលឥដ្ឋ។
នាងយល់ថាក៏នៅគ្រាន់បើដែរដែលមិនអាចបន្តបំពានចិត្តនាងតទៅ ទៀត តែសកម្មភាពគេមុនៗនេះវាជ្រុលឲ្យនាងឈឺហួសហេតុទៅហើយ នាងគ្មានផ្លូវដែលដូរការគិតមករកមើលអំពើល្អគេជាថ្មីឡើយ។
សូម្បីតែមុខគេក៏នាងមិនចង់ប្រឈម។ នាងនិយាយដោយខាំមាត់៖
«សប្បាយចិត្តឬនៅ?….ខ្ញុំទៅបានហើយមែនទេ?»
មិនដឹងយ៉ាងម៉េច ភាពឆ្មើងឆ្មៃរបស់នាង ធ្វើឲ្យនាយចេះតែឆេះឆួលភាពមានះឡើង។ ពេលនាងរេខ្លួនសំដៅទ្វារ គេលើកដៃទៅបង្ខាំងភ្លែត។
«នាងអន់ដល់ថ្នាក់ខ្ញុំអត់អារម្មណ៍រលីងពៅបញ្ញា! តែបំណុលត្រូវតែសង ! ខ្ញុំប្រហែលរកប្រុសផ្សេងឲ្យមកទារនាងជំនួសខ្ញុំ ក្រែងមានគេលេបនាងចូល!»
ស្រីស្អាតងើបមុខភ្លែតមកប៉ះនឹងបបូរមាត់អ្នកប្រុសដែលក្របួចឌឺ នាង។ គេញាក់ចិញ្ចើមបញ្ជាក់ផ្គើននាងថាអ្វីដែលនាងឮនោះជាការពិត។ នៅតែមិនអស់ចិត្ត គេនិយាយបន្ថែមផូង៖
«បើខ្ពើមអាមួយនេះខ្លាំង ចាំមើលអាមួយផ្សេងទៅមើល៍ ក្រែងវាអេមជាង! ដល់ពេលហ្នឹងមិនបាច់និយាយអរគុណក៏បាន!»
នាងនៅទ្រឹងសម្លឹងមុខនាយដោយភ្នែកគ្រលួង ព្រោះហួសចិត្តនឹងចរិតដ៏ឈ្លើយបំផុតពិបាករកក្នុងលោក។ គេបន្តមកទៀតវឹង៖
«ប្រុសៗក្នុងក្រុមខ្ញុំមានច្រើនគួរសម បើថាខ្ញុំសុភាពពេកមិនត្រូវចិត្តនាង ហើយបើថា មួយនាងមិនគ្រប់ ចាំខ្ញុំរកឲ្យបានពីរបីនាក់តែម្ដងមេធាវី»
ដោយស្វ័យប្រវត្តិពៅបញ្ញាយារដៃស្ដាំទៅរកប្រអប់មាត់អ្នកប្រុស ម្ចាស់ផ្ទះ ព្រោះលែងចង់ទុកពេលឲ្យគេបន្ថែមឃ្លាទីបួនមក។ ទឹកភ្នែកនាងត្រូវបានទប់យ៉ាងល្អដូច្នេះវាបញ្ជូនការឈឺចាប់និង កំហឹងទាំងអស់មកលើបាតដៃស្រី ធ្វើឲ្យមួយកំផ្លៀងនោះដាស់យុត្ថនាឲ្យស្វាងចេញពីភាពទោសៈឆ្កួត ឡប់របស់គេ។
គេងើបមុខមកវិញទាំងថ្ពាល់មួយចំហៀងនៅស្ពឹក។
មិននឹកស្មានថា ស្រីស្រស់នៅតែមិនអស់ចិត្ត នាងយារមកជាលើកទីពីរ តែលទ្ធផលគឺបាតដៃទន់ ល្វក់របស់នាងត្រូវទៅនៅក្នុងប្រអប់ដៃនាយ។
«កុំសម្បើមពេក ពៅបញ្ញា! ការអត់ធ្មត់របស់មនុស្ស វាមានព្រំដែនណា៎!»
នាងសើចខឹកទាំងឈឺចិត្ត នាងនិយាយវិញរ៉ាវ៖
«អូអត់ធ្មត់!? អស្ចារ្យមែនដែលទើបមកឮថាពួកអ្នកលេងកាប់ចាក់ចេះអត់ធ្មត់!…..មិន បាច់ទេ!!! ឮអត់ ខ្ញុំអត់ត្រូវការ….ចង់ទះខ្ញុំវិញពេលណាក៏បាន…..មិនហ៊ានជំពាក់គុណ លោកទេ …..»
យុត្ថនាព្រិចភ្នែកព្រោះកំហឹងឈានដល់កម្រិតពិបាកទប់អារម្មណ៍។ នារីនេះមិនត្រឹមតែមិនដឹងគុណ ថែមទាំងក្បត់ចិត្តអ្នកជួយរៀបផែនការតាមព្យាបាទនាយពីក្រោយខ្នង ម្ដងជាពីរដង លើកនេះនៅតែមិនចោលចរិតរឹងរូស សូម្បីឫកពាសមជាមនុស្សស្រីតែបន្តិចក៏គ្មាន ទីបំផុតលេចចរិតដើមចេះប្រើពាក្យបញ្ឈឺមួយបេន ។
គេមិនទាន់ដឹងថាត្រូវប្រដៅនាងយ៉ាងណាផង ស្រាប់តែទូរសព្ទនាងលើកូនតុរោទ៍មកច្រេកធ្វើឲ្យអ្នកប្រុសដៀង ភ្នែកទៅវត្ថុនោះ។
អក្សរ «PaPa» អណ្ដែតលើអេក្រង់…..
ពៅបញ្ញាក្តុកក្តាក់ក្នុងចិត្ត….នាងដឹងថា ឪពុកកំពុងតាមរក ហើយបើឲ្យលោកដឹងថានាងកំពុងនៅទីនេះ ជាមួយមនុស្សបែបនេះក្នុងស្ថានភាពរបៀបនេះ តើលទ្ធផលចុងក្រោយគឺអ្វី?។ ភក្ត្រស្រីប្រែជាស្លេក…..ធ្វើឲ្យប្រុសស្អាតលេចចេញស្នាមញញឹម ជំនួសឲ្យភ្លើងកំហឹង គេលែងដៃនាងឲ្យរបូតចុះក្រោមត្រង់ធ្លូ ហើយឈោងទៅរកទូរសព្ទនោះក្រោមភាពតក្កមារបស់ពៅបញ្ញា។
នាងបើកភ្នែកធំៗតាមសម្លឹងនាយទាំងដឹងហើយថា គេបម្រុងធ្វើយ៉ាងណា។
វាជារឿងដ៏ហានិភ័យប្រសិនបើគេឲ្យប៉ានាងដឹងថាថ្មើរណេះគេកំពុង នៅជាមួយនាង ហើយបើគេទប់ចិត្តមិនបានដល់ថ្នាក់និយាយរឿងទាំងអស់នោះ ទៅប្រាប់លោកទៀត ការប្រឹងប្រែងរបស់នាងនឹងចប់។
ក្នុងពេលដែលបេះដូងនាងលោតរកកលនឹងគាំង ម្រាមដៃគេបានទៅលោលើប៊ូតុងសម្រាប់ទទួលស្រេចទៅហើយ។ ភ្នែកគេសម្លឹងមកនាងជាមួយស្នាមញញឹមដែលធ្វើឲ្យស្រីតូចព្រឺ សម្បុរ។ គេនិយាយខ្លី៖
«បើកូនយ៉ាប់ពេក និយាយជាមួយឪក្រែងសប្បាយចិត្តជាង!»
ពៅបញ្ញាថ្លោះទឹកមុខ នាងស្ទុះមកក្បែរគេជាមួយភាពអង្វរករនឹងចុះចាញ់លេចចេញតាមគ្រាប់ ភ្នែកទាំងគូ។ ស្រីម្នាក់នេះគិតឪពុកជាងជីវិតខ្លួន យុត្ថនាមិនមែនមើលប៉ុណ្ណឹងក៏មិនយល់នោះទេ នាងទាល់ច្រកដល់ថ្នាក់ចង់ពោលពាក្យលន់តួគេភ្លាមៗទៅហើយ គ្រាន់តែថាមាត់នាងហាពាក្យអង្វរនាយមិនរួចព្រោះមុននេះនាងក៏ ខ្លាំងសម្បើមណាស់ដែរ។
ស្ថានភាពនាង ធ្វើឲ្យយុត្ថនាកាន់តែបានចិត្ត។
នៅពេលភាគីស្រីស្ទុះមកក្បែរហើយសម្លឹងចំភ្នែកនាយដោយទុក្ខ ព្រួយ គេក៏ចាប់ទន់ចិត្តតិចៗដែរ តែសម្ដីនាងមួយម៉ាត់ៗមុននេះវាចុកពេក ដល់ថ្នាក់អ្នកលេបកំហឹងវិញមិនកើតភ្លាមៗទេ។
ដៃគេចុចប៊ូតុងទទួលវឹង ទាំងស្នាមញញឹមរំលេចថ្ពាល់ខួចជាកិច្ចឌឺដងទៅស្រីស្អាត។
ក្នុងពេលដ៏ទាល់ច្រកនាងខំគ្រវីក្បាលមិនហ៊ានបញ្ចេញសំឡេង ក្នុងន័យអង្វរនាយឲ្យកុំហាមាត់សូម្បីតែមួយម៉ាត់ តែនាងគ្មានសង្ឃឹមថាយុត្ថនាព្រមនោះទេ ព្រោះគេលើកទូរសព្ទមកដាក់ក្បែរមាត់ទៅហើយ ។ គ្មានអ្នកណាស្មានដល់ទេថា ហេតុតែការពារមិនឲ្យឪពុកដឹងពីស្ថានភាពដ៏អាម៉ាស់របស់ខ្លួន ស្រីអ្នកច្បាប់ដាច់ចិត្តឈោងទៅឱបក្រសោបស្មាធំមាំទាំងសងរបស់ ទេសាភិបាល ដែលទើបតែធ្វើឲ្យនាងឈឺចាប់។
ហើយដើម្បីធានាសុវត្ថិភាពថាសំឡេងគេមិនអាចលាន់ឆ្លងដល់ទូរសព្ទ គឺនាងមានតែជំទើតជើងហើយប្រើបបូរមាត់ទៅបង្គ្របលើប្រអប់សូរសម្លេង របស់នាយ។
…..ងងើកភ្លើងចិត្តកំពុងឆេះឆួលដល់១០០អង្សា រកតែទម្លាក់ដឺក្រេមិនទាន់កើត ស្រាប់តែត្រូវបបូរមាត់ក្រអូបប្រហើរនៃនារីអ្នកច្បាប់ចាប់ពន្លត់ ដោយវិធីដ៏កម្របែបនេះធ្វើឲ្យកំហឹងនរៈទាំងអំបាលម៉ានរបូតធ្លាក់ ខ្សាកមកដល់ចុងជើង។
….នេះជាអាថ៌កំបាំងដ៏មានអាយុកាលវែងបំផុតក្នុងភពផែនដី។
ពៅបញ្ញាគួរតែដឹងហើយថាបុរសមិនព្រមចាញ់ភាពមានះរឹងត្អឹងរបស់ នាងទេ ប៉ុន្តែគេចាញ់ភាពទន់ភ្លន់និងផ្អែមល្ហែមរបស់នាង។
អ្នកប្រុសទីមួយរបស់ ហួត ស៊ីវ ទន់ដៃស្ទើររបូតធ្លាក់ទាំងទូរសព្ទ ហើយរាងកាយអ្នកខំទប់ការតោងថើបរបស់នារីទាំងបេះដូងហោះហើរ។
ដោយសារនាយខ្ពស់ពេកហើយស្រីតូចគ្មានស្បែកជើងទៀត បបូរមាត់នាងកាន់តែប្រផឹតប្រផើយពីមាត់នាយធ្វើឲ្យនរៈនឹកស្ដាយ ស្រណោះមិនចង់ឲ្យលាគ្នាទៅទាំងយ៉ាងនេះឡើយ គេក៏ឈោងដាក់ទូរសព្ទដែលឮតែសំឡេងលោក ប៉ែន ពេជ្រ ហៅល្វើយៗនោះចោលទៅលើតុវិញដោយប្រើដៃទាំងទ្វេមកក្រសោបស្រី តូចពេញទំហឹង ហើយជួយចាប់ចង្កេះនាងឲ្យនៅស្មើបបូរមាត់គ្នាផង។
ដឹងខ្លួនមកវិញ….ពៅបញ្ញារេភ្នែកទាំងភ័យបារម្ភ នាងចង់ដកខ្លួនថយក៏ដឹងថាជ្រុលពេលហើយព្រោះបុរសចាប់ផ្ដើមបន្ត ល្បែងស្នេហ៍លើបបូរមាត់ដែលមុននេះមហាគ្រោតគ្រាតដាក់គ្នា ។
ទម្រាំគេថើបនាងអស់ចិត្ត ហើយដកបបូរមាត់ចេញពីនាងជំនួសមកវិញដោយខ្សែភ្នែកស្រទន់ នាងក៏ប្រើកន្ទុយភ្នែកសម្លឹងគេដោយអៀនខ្មាស ហើយលូកដៃទៅក្រោយចង្កេះខ្លួនប្រលេះដៃគេចេញស្រាលៗ។
ម្រាមដៃនាងដែលប៉ះប្រអប់ដៃនាយទន់សែនទន់ ធ្វើឲ្យយុត្ថនាដែលមានះចង់ឱបចង្កេះនាងយូរជាងនេះក៏មិនដាច់ចិត្ត ទទឹងនឹងការប្រលេះចេញរបស់នាងបាន។
ស្រីស្អាតងាកវឹងទៅរកសំឡេងឪពុកក្នុងពេលដែលភាគីចាញ់ស្នេហ៍ នៅតែតាមសម្លឹងនាងមិនព្រមដកខ្សែភ្នែករំភើបនោះចេញនៅឡើយទេ។
គេមិនហើបមាត់ព្រោះអាណិតនាងដែលរលះរលាំងទៅលើកទូរសព្ទមកនិយាយ ។
អ្នកប្រុសបែរទៅរកដបប៊ីយែរហើយបន្តក្រេប ក្នុងពេលត្រចៀកនៅតែប្រឹងផ្ទៀងស្ដាប់កិច្ចសន្ទនារបស់ស្រីតូច។
«លោកប៉ា! កូន….កូន….ជាប់ផ្លូវ….កូនកំពុងត្រលប់ទៅផ្ទះ! កូនជិតទៅដល់ហើយ! លោកប៉ាសម្រាន្តទៅកុំបារម្ភអី!»
គេនៅអត់ធ្មត់រង់ចាំឲ្យនាងលួងលោមឪពុកតែបេះដូងគេមិនបានស្ងប់ទេ ព្រោះកិរិយាសុភាពរមទមរបស់នាងជាមួយអ្នកមានគុណវាផ្ទុយស្រលះទៅ នឹងភាពរឹងរូសដែលនាងខំសម្ដែងផ្គើនគេកាលពីមុននេះ។
ស្រមោលស្រីពៅកាលពីអតីតកាលវិលត្រលប់មកវិញក្នុងបេះដូងបុរស ពនេចរ។ គេងាកសម្លឹងនាងភ្លៀកៗរហូតដល់លែងឆ្ងាញ់នឹងពពុះប៊ីយែរ ហើយដាក់ដបទុកទៅវិញដោយឈានជើងដើរមួយៗតម្រង់មករកស្រីតូច។
ក្រោមពន្លឺខែស្រទោស្រទន់….យុត្ថនាដឹងថាបើពេលនេះអ្នកមិនឱបនាងឲ្យជាប់ក្នុងរង្វង់ដៃ តើចាំដល់អង្កាល់ទៀត?
គេឱបក្រសោបនាងពីក្រោយហើយដាក់ក្បាលផ្ដេកផ្ដួលទៅលើស្មាឆ្វេង របស់នាង ធ្វើឲ្យស្រីតូចអាក់ខានការជជែកតាមទូរសព្ទបន្តិចព្រោះ ភ្ញាក់ផ្អើល។
ពៅបញ្ញាក៏មិនហ៊ានច្រានគេចេញទេ ព្រោះមិនចង់ឲ្យមានសំឡេងអ្វីមួយលាន់ឮដល់ខាងឪពុក។
«កូនជម្រាបលា លោកប៉ា!»
នាងចុចបិទទូរសព្ទឯយុត្ថនាធ្មេចភ្នែកទទួលយកក្ដីសុខ ដែលចាកផុតភាពឯកោមួយពេល។...គេមិនមាត់ ….នាងដៀងភ្នែកសម្លឹងគេ។
….ទោះយ៉ាងណាស្រីស្ងួនដកដង្ហើមធូរទ្រូងព្រោះអ្វីៗហាក់វិលមកធម្មតាវិញ…ដែលរឹតតែសំខាន់គឺប៉ានាងមិនអី។
ចង្វាក់ដង្ហើមគេលាន់មកកំដរនាងក្បែរថ្ពាល់ខាងឆ្វេង ធ្វើឲ្យនាងយល់ដោយខ្លួនឯងថា សម្ដីត្រមាំងត្រមោកនិងក្រអឺតក្រទមរបស់គេទំនងជាគ្មានការពិតទេ គេជាមនុស្សមាននិស្ស័យហាស្ដីគ្រោតគ្រាតតែក៏មិនមែនគ្រោះថ្នាក់ ពេកដែរ។
នាងស្ដាយក្រោយតិចៗដែលមុននេះបានថាឲ្យគេដំណំៗ។ ប្រាជ្ញារបស់មនុស្សស្រីស្រាប់តែលេចមកវិញពីពេលណាមិនដឹង។
នាងដាច់ចិត្តនិយាយតិចៗទៅរកគេ៖
«ខ្ញុំសុំទៅផ្ទះសិន! យប់ជ្រៅហើយ!»
គេនៅតែមិនបើកភ្នែក តែសំឡេងគេលាន់មកតិចៗក្បែរត្រចៀក៖
«បង្កាត់ភ្លើងហើយ ដើរចោលអញ្ចឹង?»
និស្សិតស្រីនៃប្រទេសអភិវឌ្ឍន៍ទោះមិនធ្លាប់ចុះស្នាមក្នុងរឿង ស្នេហាប្រុសស្រីដល់ថ្នាក់ស៊ីជម្រៅ តែនាងយល់ពីស្ថានភាពរបស់គេហើយចាប់អារម្មណ៍ថាអាណិតគេ។
ភ្លាមនោះនាងនឹកឃើញឡើងវិញដល់រាត្រីមួយនៅ Apartmentជាន់ទី៦ ដែលនៅយប់នោះ គេតែម្នាក់គត់ មានលទ្ធភាពជួយផ្ទះនាងឲ្យស្ងប់ស្ងាត់ពីរលកសង្ឃរា។
«យើងកើតស្អីបានជាល្ងាចនេះឆាប់ភ្លេចគុណគេ ហើយដៀលត្មះគេអាក្រក់អាក្រីម្ល៉ឹង! ទោះយ៉ាងណាគេជាមនុស្សដែលជួយយើងក្នុងពេលយើងត្រូវការបំផុត! មកពីយើងអន់ចិត្តនឹងភាពត្រមំាងត្រមោករបស់គេពេក ? បើទោះជាគេពិតជាចង់បានខ្លួនប្រាណយើង ក៏វាសមល្មមទៅហើយចំពោះអ្វីដែលយើងជំពាក់គេ! តែម្ដងជាពីរដង គេហាក់ដូចជាលឹបល ធ្វើឲ្យយើងខឹង? បើគេពិតជាត្រូវការបំពេញតណ្ហាមែន ក៏មិនចាំបាច់រង់ចាំដល់ពេលនេះឯណា?»
នាងប្រលេះដៃគេចេញថ្នមៗ។
«លោកមិនចង់ធ្វើអញ្ចឹងទេ កុំខំសម្ដែងជាមនុស្សអាក្រក់!»
នាងនិយាយតិចៗ។
តែអ្នកប្រុសរបស់អភិជន ហួត ស៊ីវ បើកភ្នែកព្រឹមហើយសើចកក្អឹក៖
«អ្នកណាថា? ចង់កម្លាខ្លួនឯង? ស្មានថានិយាយអញ្ចឹង អាចបានរួចខ្លួនមេធាវី?»
គេបង្វែរនាងមកទោះនាងឈ្ងោកមុខជ្រប់ក៏ដោយ គេនៅតែសម្លឹងនាងស្ទើរភ្លេចដកដង្ហើម។ពៅបញ្ញានិយាយបន្ត៖
«សូមទោស! ដែលនិយាយអាក្រក់ៗដាក់លោក!»
ផ្អែមកប់ អាទិត្យក្រោយ! លើភីអិនអិនម៉ោង១៩និង៥០នាទីថ្ងៃចន្ទដល់ពុធ៕
ដោយ៖