© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ចាប់តាំងពី ម្តាយរបស់យូភីន ត្រូវមីងសំពៅគំរាមរឿងប្តីលួចក្របីមក ស្នេហារបស់យូភីន និងផៃថូន ក៏បានប្រែប្រួល ដោយអ្នកទាំងពីរត្រូវបានម្តាយឪពុកទាំងសងខាង ហាមប្រាមមិនឲ្យជួបគ្នាតទៅទៀត។ មីងសំពៅ កាន់តែមានចិត្តចង់ឲ្យកូនប្រុសរបស់ខ្លួន ឆាប់កាត់ផ្តាច់ទំនាក់ទំនងពីយូភីន ទៅផ្តើមចំណងស្នេហាជាមួយនឹងចានថន ដែលជាយកូនស្រីមីងចំរៀង ជាថៅកែរោងម៉ាសុីនស្រួវក្នុងស្រុក។
កាន់តែកៀកថ្ងៃបួសមកដល់ មីងសំពៅ កើតចិត្តអន្ទះអន្ទែង ធ្វើយ៉ាងណាដើម្បីបំបែកយូភីន ចេញពីផៃថូន ។ ដោយសារតែមិនអាចហាមចិត្តបាន ផៃថូន ក៏នៅតែលួចលបទៅជួបនឹងគូសង្សាររបស់ខ្លួនដដែល។
ឃើញដូចនេះ មីងសំពៅ បានបង្ខំចិត្តឲ្យម្តាយរបស់យូភីន នាំនាងទៅរៀនអ៊ុតសក់នៅឯខេត្ត ដើម្បីកុំឲ្យកូនប្រុសរបស់គាត់បានជួបមុខយូភីនបន្តទៀត។
ម្តាយរបស់យូភីន ស្ទាក់ស្ទើរ ប៉ុន្តែហេតុតែចង់មិនឲ្យប្តីខ្លួនមានបញ្ហាត្រូវជាប់គុក គាត់សុខចិត្តបិទភ្នែក លួចសម្រក់ទឹកភ្នែក នាំយូភីនទៅរៀនឯខេត្ត។ យូភីន និងផៃថូន ត្រូវបែកគ្នា ទាំងដែលមិនបានត្រៀមចិត្តទុកជាមុន។
តើដំណើរសាច់រឿងក្នុងភាគនេះ នឹងមានឈុតឆាកល្អមើលយ៉ាងណាទៀតនោះ សូមបន្តរង់ចាំទស្សនានៅក្នុងរឿង« របាំងស្នេហ៍»ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៦ ល្ងាច ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ៕
ដោយ៖ សិរីរដ្ឋ