© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បន្ទាប់ពីអាងិច ត្រូវបានគេសម្លាប់ដោយបោះចូលទៅក្នុងទន្លេហើយនោះ ចឹកហុងដែលជាឪពុកកើតចិត្តក្តៅក្រហាយ ចាប់ផ្តើមមានគំនុំសងសឹងកាន់តែខ្លាំងទៅលើអ្នកដែលបានសម្លាប់កូនស្រីតែម្នាក់គត់របស់ខ្លួន។ សែប រ៉ុនណាឆីត គឺជាមុខសញ្ញាតែមួយគត់ របស់ចឹកហុង ដែលគាត់យល់ថា ការស្លាប់របស់អាងិច គឺជាថ្វីដៃរបស់ប៉ូលីសរូបនេះ។ ការពិតនៅពីក្រោយខ្នងនោះ គឺមិនមែនជាស្នាដៃរបស់រ៉ុនណាឆីតឡើយ ដែលផ្ទុយទៅវិញ វាគឺជាការច្រណែនឈ្នានីសចេញពីមនុស្សដែលនៅក្បែរខ្លួន ។
នៅក្នុងការស្លាប់របស់អាងិច គឺមានអាតៃគៀវ ជាអ្នកនៅពីក្រោយ ហើយគ្រប់គ្នា ជាពិសេស ចឹកហុង គឺមិនបានចាប់អារម្មណ៍ពីនាងនោះទេ ដោយគិតថា អាតៃគៀវ មិនអាចធ្វើបាបអាងិចដែលជាបងប្អូននឹងគ្នានោះឡើយ។ មិនតែប៉ុណ្ណោះ សាច់រឿងនៃក្រុមអ្នកលេងមួយនេះ នឹងក្លាយទៅជាចំណងបញ្ហាធំឡើងៗ ដែលធ្វើឲ្យមានការកាប់សម្លាប់គ្នា និងដណ្តើមអំណាចរៀងៗខ្លួន។ ពូរបស់ អាតៃគៀវ ដែលត្រូវជាបងប្អូនរួមសម្បថជាមួយនឹងចឹកហុង កាន់តែមានបំណងចង់ឲ្យចឹកហុងស្លាប់កាន់តែលឿន ដើម្បីបំបាត់ភស្តុតាំងទាំងអស់ចោល ប៉ុន្តែចឹកហុង មិនធ្លាប់គិតថា ពូរបស់តៃគៀវ មានបំណងមិនល្អចំពោះខ្លួនឡើយ។
សម្រាប់សាច់រឿងឈានចូលដល់ភាគបន្ទាប់ទៀតនេះ តួអង្គ កូនប្រុសម្នាក់ទៀត របស់ ចឹកហុង គឺអាទៀង នឹងចូលខ្លួនមករងជំនួសឪពុកខ្លួន នៅយប់មួយ ដែលចឹកហុង ត្រូវបានប៉ូលីសដេញចាប់។ ចឹកហុង ដើម្បីតែចង់សងសឹកកូនស្រី ខ្លួនក៏បានទៅលបបាញ់ រ៉ុនណាឆីត ប៉ុន្តែអាទៀង ជាអ្នកត្រូវប៉ូលីសចាប់ទៅវិញ។ ចំណែកឯ ហ៊ាហូវ ( ខ្លា) និង អាជូ ក៏ត្រូវបានជួបនឹងបញ្ហាការបាញ់ប្រហារពីក្រុមបក្សពួករបស់ នាយផាន់ដេតផងដែរ។
ដើម្បីដឹងកាន់តែច្បាស់ពី ដំណើរសាច់រឿងដ៏ល្អមើលនៅក្នុងក្រុមអ្នកលេងហុកហង្សមួយនេះ សូមបន្តតាមដានទស្សនានៅក្នុងរឿង «កំណើតខ្លា អម្បូរនាគ» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៦ ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ